ដោយៈ បូកគោ / កំពត​: នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​ដេរ កូន​បាល់​ដា​ប៉ុន​ស្ព​ត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត លោក​អភិបាល​ខេត្តកំពត បាន​រំលឹកថាៈ កម្មករ មានគុណ​សម្បត្តិ និង​ជា​ចំណែក​សំខាន់ ក្នុង​កិច្ច​អភិវឌ្ឍ​សង្គមជាតិ​។​

​នៅ​ចំពោះមុខ​កម្មករ​កម្មការិនី ប្រមាណ​ជិត ២០០ នាក់ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ បងប្អូន​កូនក្មួយ ជា​កម្មករ កម្មការិនី​រោងចក្រ សហគ្រាស​ទាំងអស់ សុទ្ធតែ​មានគុណ​សម្បត្តិ ក្នុងការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​កសាង និង​អភិវឌ្ឍ​សង្គមជាតិ​។ អ្វីដែល​កម្មករ កម្មការិនី បាន​ចូលរួម គឺ​ផ្តើមចេញពី​កិច្ចខិតខំ​បំពេញការងារ ដោយ​គោរព​តាមច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា អនុវត្ត​រាល់​គោលការណ៍​របស់​រោងចក្រ សហគ្រាស ពិសេស​ពុំមាន​ការតវ៉ា ឬ​ទាមទារ​អ្វី ហួសហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ បាត់បង់​ទំនុកចិត្ត​នោះ​។​

​លោក​អភិបាលខេត្ត បាន​ក្រើន​រំលឹកថាៈ បងប្អូន​កូនក្មួយ ជា​កម្មករ កម្មការិនី​ទាំងអស់ ត្រូវខិតខំ​បំពេញ និង​បន្ត​រក្សា​តម្លៃ​ការងារ ដូច​មាន​សព្វថ្ងៃ ឲ្យ​បានល្អ​ប្រសើរ​។ ទាំងនេះ ជា​ប្រយោជន៍ និង​អាច​ទទួលបាន​នូវ​ការជឿទុកចិត្ត ពី​វិនិយោគិន សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​តែង​ប្រកាន់​ភាពថ្លៃថ្នូរ​តាំងពី​យូរលង់​មក​៕ V / N