ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ស្ថានីយទូរទស្សន៍​កង​យោធពលខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​បានប្រកាស​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​បើក​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​ពានរង្វាន់ សម្ដេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រភេទ​ទម្ងន់​៦០​គីឡូ​កាម​ដើម្បី​កីឡាករ​គុន​ខ្មែរ​ឆ្នើម​ក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា ស៊ី​ហ្គេម ២០២៣(SEA GAMES 2023) លើក​ទី​៣២​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ការ​ប្រកួត​។​នេះ​ជាការ​ប្រកួត​ដែលមាន​ពានរង្វាន់​ធំ​ដែល​ជើងឯក​នឹង​ទទួលបាន​វីឡា​ភ្លោះ​ដែល​វីឡា​នោះ​អ្នក​ដែល​ប្រជែង​បាន​អាចមាន​សិទ្ធ​លក់​មួយ​ចំហៀង​ឬ​លក់​ទាំងមូល​ក៏បាន​ក្រៅពីនេះ​ក៏​នៅមាន​រង្វាន់​អម​ចំនួន​ប្រាំមួយ​លាន​រៀល​ទៀត​។​

​ជើងឯក​រង​(​ចំណាត់ថ្នាក់​លេខ​២​បានទទួល​ដី​មួយ​ឡូ​ត័​ដែលមាន​ទំហំ​១០​ម៉ែត្រ​គុណ​២០​ម៉ែត្រ​អមដោយ​ប្រាក់រង្វាន់​ប្រាំ​លាន​រៀល​។​លេខ​៣​និង​លេខ​៤​បានទទួល​ដី​មួយ​ឡូត៍​ដូចគ្នា​ដែលមាន​ទំ​ហ៊ំ​៥​ម៉ែត្រ​គុណ​២០​ម៉ែត្រ​។​ចំពោះ​រង្វាន់​ជា​ថវិកា​លេខ​៣​បាន​បួន​លាន​រៀល​និង​លេខ​៤​បាន​បី​លាន​រៀល​។​

​សូមបញ្ជាក់ថា​វីឡា​និង​ដី​នោះ​ស្ថិត​នោះ​បូរី​ភូមិឋាន​សំណាង​ខេត្តសៀមរាប​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់ ពានរង្វាន់ សម្ដេច​ពិជ័យ​សេនា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​នា​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០២២​នៅ​ស្ថានីយទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​មានការ​អញ្ជើញ​ចូលរួម​ពិធី​ពី​សំណាក់​លោកនាយក​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​គុន​ខ្មែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន បាន​មានប្រសាសន៍ថា ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​
​ពានរង្វាន់​សម្ដេច​ពិជ័យ​សេនា​ប្រភេទ​ទម្ងន់​៦០​គីឡូ​កាម​មាន​៖​កីឡាករ​ប្រាំ​បីនាក់​សុទ្ធសឹង​ជា​កីឡាករ​ឆ្នើម​មានបទពិសោធន៍​ពេញ​ខ្លួន​កាន់តែ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​កកើត​លើស​ង្វៀន​គុន​ខ្មែរ​។​

​ការប្រកួត​ជា​ផ្លូវការ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨​ខែកញ្ញា​រហូតដល់​ថ្ងៃទី​២៤​ខែវិច្ឆិកា​នៅ​ស្ថានីយទូរទស្សន៍​កងយោធពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​៥​ស្ថិតនៅ​ផ្លូវជាតិ​លេខ​២​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​និង​ប្រកួត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​នៅ​ភូមិឋាន​សំណាង​ស្ថិតនៅ​ភូមិ​ឃុំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​
ការប្រកួត​ចែកចេញជា​ពីរ​ពូ​ល​។​ពូ​ល​នីមួយៗ​មាន​បួនរូប​។​ពូ​ល​នីមួយៗ​ជ្រើស​រើសយក​ពីររូប​ដែលមាន​ពិន្ទុ​លើសគេ​ឡើងទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​លេខ​១​ពូ​ល​A​ជួប​លេខ​២​ពូ​ល​B​និង​លេខ​២​ពូ​ល​A​ជួប​លេខ​១​ពូ​ល​B ។​

​អ្នក​ប្រដាល់​ទាំង​ប្រាំបី​រូបនោះ​មាន កីឡាករ ឃុន បូរ៉ា មកពី​សមាគម​ក្រសួង​ការពារជាតិ​,​កីឡាករ ឡុង ជិន ក្រសួង​
​មហាផ្ទៃ​,​កីឡាករ ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា​ខេត្តកណ្ដាល​,​កីឡាករ សៀវ ង៉ុ​យ ក្លិប​អភិរក្ស​គុន​ខ្មែរ​រុងរឿង ,
​កីឡាករ ឈុត សេរី​វ៉ាន់​ថង ក្លិប​រា​ហ៊ូ​ខេត្តបាត់ដំបង​, កីឡាករ រិ​ន ដេវីដ ក្លិប​នាគរាជ​ចតុមុខ ,​កីឡាករ សូត្រ វាសនា​ក្លិប​បក្សី​ស្លាប​ដែក និង​កីឡាករ គង់ ហ៊ូ​វ មកពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​។​

​លោកនាយក​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង បាន​រំលឹក​ដល់​មន្ត្រី​បច្ចេកទេស​ជាពិសេស​អាជ្ញាកណ្តាល​និង​ចៅក្រម​
​ប្រដាល់​គុន​ខ្មែរ​ត្រូវ​កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ​ចាប់ផ្តើម​ពី​ដើម​រហូតដល់​ចប់​ព្រោះនេះ​ជាការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែក្រវាត់​ពានរង្វាន់​សម្ដេច​ពិជ័យ​សេនា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​។​ការណែនាំ​នេះ​ដោយសារ​កន្លងមក​ធ្លាប់​មានរឿង​ជាច្រើន​លើ​ការកាត់ក្តី​នេះ​៕​សរន​ / N