​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹក​ប្រឡាយ​អូរ​វែង និង​ប្រឡាយ​មុខក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ហក់​ឡើង​ពេញប្រៀប​ជិត​ដល់​ផ្លូវ ធ្វើឱ្យ​លិចលង់​តំបន់​ទំនាប​ខ្លះ​នៅក្បែរ​ប្រឡាយ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ម្តង​ហើយ​ម្តងទៀត​ដល់​កម្រិត​៥៨​មី​លី​ម៉ែត្រ​នៅ​តំបន់​ទួល​សង្កែ​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា​រួចមក តែ​ទឹកភ្លៀង និង​ទឹក​សំណល់​ពី​ការប្រើប្រាស់​នៅក្នុង​ទីក្រុង​នេះ​បាន​ស្រក​ទៅវិញ បន្ទាប់ពី​រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានសម្រេច​បើកទ្វា​ទឹក​គីឡូម៉ែត្រ​លេខ​៩ ឱ្យ​ទឹក​ប្រឡាយ​អូរ​វែង​ហូរ​ចូល​ទន្លេ​ខណៈពេល​ទឹកទន្លេ​នៅ​ទាប​ជាង បន្តិច​។​

ទឹក​ប្រឡាយ​អូរ​វែង និង​ទឹក​ប្រឡាយ​មុខក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ធម្មតា​ត្រូវ​ហូរ​ចាក់​ទៅកាន់​ស្ថានីយ​បូមទឹក​កប់​ស្រូវ​ទី​១ ដែលមាន​ម៉ូ​ទ័​រ​ដើរ​ដោយ​អគ្គិសនី​ចំនួន​៥​គ្រឿង តែដោយសារ​នៅ​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា នៅលើ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​មាន​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ច្រើន ស្ថានីយ​បូមទឹក​កប់​ស្រូវ​ទី​១ មាន​ភាពរអាក់រអួល ធ្វើឱ្យ​ទឹក​នៅក្នុង​ប្រឡាយ​នាំ​ទឹក​ចេញពី​ក្នុង​ក្រុង​មានទឹក​កើន​ឡើងជា​លំដាប់​បង្កឱ្យមាន​ការលិចលង់​តំបន់​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ​។​

​លោក​ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​ថា នៅពេល​ទឹក​ប្រឡាយ​អូវ​វែង​បន្ត​កើនឡើង​ខ្ពស់​លោក (​ឯក ឃុន​ឌឿ​ន​) រួមជាមួយ​ក្រុមការងា​រ បាន​ចុះ​ពិនិត្យមើល​ហេតុផល​តាំងពី​ដើមទី​រហូតដល់​ចុង​ទី​នៃ​ផ្លូវ​ដោះ​ទឹក រួចហើយ​សម្រេច​បើកទ្វារ​ទឹក​គីឡូម៉ែត្រ​លេខ​៩​ឱ្យ​ទឹក​ហូរ​ចូលទៅ ទន្លេ​ក្នុងពេល​ទឹកទន្លេ​មាន​កម្ពស់​ទាប​ជាង​ទឹក​នៅក្នុង​ប្រឡាយ​ដោយមាន​ដាក់​មន្ត្រី​ប្រចាំការ​ដើម្បី​ចាំ​បិទ​បើកទ្វារ​ទឹក​នេះ​កុំឱ្យ​ទឹកទន្លេ​ហូរ​ចូលមកក្នុង​ប្រឡាយ​វិញ​។​

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់ថា​ទន្ទឹម និង​ដាក់​មន្ត្រី​ប្រចាំការ​នៅតាម​ទ្វារ​ទឹក និង​ស្ថានីយ​បូមទឹក ក្រុមការងារ​ក៏បាន​ធ្វើ​ការកាយ​ស្តារ​ប្រឡាយ​កន្លែង​ដែលមាន​ការ កកស្ទះ​ដោយ​សំរាម​ដើម្បីឱ្យ​ទឹក​ហូរ​បាន​លឿន​ទៅដល់​ស្ថានីយ​បូមទឹក​កប់​ស្រូវ​។​ចំពោះ​ទ្វារ​ទឹក​គីឡូម៉ែត្រ​លេខ​៩ លោក​ឃួ​ង ស្រេង អភិ បាល​រាជធានី​ភ្នំពេញ​ប្រាប់ថា​នឹង​សាងសង់​ស្ថានីយ​បូមទឹក​ថ្មី​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​សម្រាប់​ដោះ​ទឹក​ប្រឡាយ​អូរ​វែង​ចូលទៅក្នុង​ទន្លេសាប​តែម្តង​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​ថា តំបន់​ទួល​សង្កែ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា មាន​ភ្លៀង​ធ្លាក់​ដល់​កម្រិត​៥៨​មី​លី​ម៉ែត្រ​រួមផ្សំ​ជាមួយនឹង​ទឹក​ហូរ​មកពី​តំបន់​ផ្សេង​ផង​ធ្វើឱ្យ​ប្រឡាយ​ដោះ​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ​ដោះ​ទឹក មិនទាន់​នាំឱ្យមាន​ការលិចលង់​។​

​របាយ​ទឹកភ្លៀង​ធ្លាក់​រយៈពេល​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា នៅ​រាជធានី​ភ្នំពេញ​មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​៧​ដល់​៥៨​មី​លី​ម៉ែត្រ​, នៅ​ខេត្តរតនគិរី​មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​តិច​ដល់​៨៩​មី​លី​ម៉ែត្រ​, មណ្ឌលគិរី​មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​តិច​ដល់​៣១​មី​លី​ម៉ែត្រ​, ខេត្ត​ត្បូងឃ្មុំ​មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​តិច​ដល់​៦០​មី​លី​ម៉ែត្រ​, ខេត្ត​ផ្សេង​ពីនេះ​ក៏មាន​ភ្លៀង​ធ្លាក់​ដែរ តែ​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីអំពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២០ ខែកញ្ញា​ឆ្នាំ​២០២២​ថា ព្រះរាជាណាចក្រ​កម្ពុជា​ប​ន្ត​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ ) ដែល​នៅក្នុង​ស​ប្តា​ហ៌​នេះ​នឹង​រំកិល​ចុះឡើង​នៅ​ចន្លោះ​ពី​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ វៀតណាម និង​ភាគ​កណ្តា​លអាង​ទន្លេមេគង្គ ជាមួយ​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​ពី​ខ្សោយ​ទៅ​បង្គួរ​ឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ​អាចមាន​ភ្លៀង​ច្រើន​លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

នៅក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​បែប​ខាងលើ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា សេ និង សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១​ទៅ​៣៣​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ​អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើ លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត​នៅជាប់​ជួរ​ភ្នំ​ដងរែក​និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ​អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​យោងតាម​ស្ថានភាព​ធាតុអាកាស​ដូចខាងលើ ក្រសួង​ធនធានទឹក​និង​ឧតុនិយម សូម​អាជ្ញាធរ​ដែនដី​និង​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​និង​បន្ត​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ដែល​អាច​កើត​មកពី​បរិមាណ​ទឹកភ្លៀង​ច្រើន​កន្លងមក​និង​ភ្លៀង​ជា​បន្តបន្ទាប់​បន្ថែម​ផ្ទួនៗ​៕​