​ដោយ ៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​មូលដ្ឋាន​ខណ្ឌ​កំបូល រួមទាំង​មន្ត្រី​អ្នកមុខអ្នកការ​ក្រោម​ឱវាទ ក្រុមការងារ​ចុះជួយ​ខណ្ឌ​កំបូល និង​ថ្នាក់ដឹកនាំ​ខណ្ឌ​កំបូល អាជ្ញាធរ​សង្កាត់ និង​ពុទ្ធបរិស័ទ​មួយចំនួន​ផង​នោះ បាន​នាំយក​នូវ​ទេយ្យទាន និង​បច្ច័យ​មួយចំនួន​ទៅ​វេ​ប្រគេន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​តាម​ទំនាម​ព្រះពុទ្ធសាសនា នៅ​វត្ត​អង្គ​ត្រកៀត​ក្នុង​សង្កាត់​កន្ទោក និង វត្ត​គោក​ខ្សាច់ ស្ថិតក្នុង​សង្កាត់ ប្រទះ​ឡាង នៃ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ថ្ងៃនេះ ជា​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​៣ បើតាម​ទំនៀម​ទំលាប់ ដែល​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង​បាន​ប្រារ​ព​ធ្វើជា​រៀងរាល់ឆ្នាំ តាមបែប​គន្លង​ព្រះពុទ្ធសាសនា ដើម្បី​នាំយក​នូវ​ចង្ហាន់​បិណ្ឌ​បាត្រ ទេយ្យទាន និង​បច្ច័យ​ផង​នោះ ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​នៅក្នុង​ទី​អារាម​នៃ​វត្ត​នីមួយៗ ដើម្បី​ឧទ្ទិស​មហាកុសល ផល​បុណ្យ​ជូនទៅ​បុព្វការី​ជន​មាន​៖ មាតា បិតា ជីដូន ជីតា គ្រូអាចារ្យ វរៈជន​ស្នេហា​ជាតិ និង​ក្រុម​ញ្ញាតិ ដែល​បាន​ចែក​ឋាន​ទៅ ព្រមទាំង​សន្សំ​បុណ្យ​កុសល ដើម្បី​ខ្លួនឯង កូនចៅ និង​ប្រទេសជាតិ ឱ្យបាន​ជួប​នូវ​សេចក្តី​សប្បាយ​ជា​រៀង​ដរាប​ទៅ​៕​