​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ក្នុងការ​ដេញថ្លៃ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​សង្កាត់ ឆ្នាំ​២០២២ ដែល​ប្រើប្រាស់​ថវិកា​មូលនិធិ​សង្កាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ខណ្ឌទួលគោក​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចូលរួម​ដេញថ្លៃ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ ។​

​ពិធី​នេះ​បានធ្វើ​ឡើង​ក្រោម​វត្តមាន លោក​ហូត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក​ជា ពិសី អភិបាលខណ្ឌ​ទួលគោក នៅ​សាលាខណ្ឌ​ទួលគោក ហើយ​ក្រុមហ៊ុន ដេញថ្លៃ​ឈ្នះ​នៅក្នុង​សង្កាត់​ទាំង​១០​នៃ​មូលដ្ឋាន​ខណ្ឌទួលគោក​នេះ មាន​ចំនួន​បួន ក្រុមហ៊ុន ក្នុងនោះ​មាន​៖ ក្រុមហ៊ុន លីន សុគន្ធា ខូ​ល​អិ​ល​ធី​ឌី ក្រុមហ៊ុន អ៊ុយ សុភាព ក្រុមហ៊ុន​ប៊ុន​ណា ខុន​ស្ត្រា​ក់សិន និង​ក្រុមហ៊ុន​អេស​ភី​ស៊ី​។​

​លោក​ហូត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការចូលរួម​របស់​វិស័យ​ឯកជន តាមរបៀប​ប្រកួតប្រជែង​ក្នុងការ​ចូលរួម​ដេញថ្លៃ​គម្រោង​អភិវឌ្ឍន៍​សង្កាត់​នេះ គឺ​ដើម្បី​កសាង​សមិទ្ធិផល​នានា​ក្នុង​មូលដ្ឋាន​សង្កាត់ និង​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​ក្រោយ​ការដេញថ្លៃ​បាន​ក្រុមហ៊ុន​ត្រូវគោរព​នីតិវិធី កិច្ចសន្យា និង​រយៈពេល​កំណត់​ក្នុងការ​អនុវត្ត​គម្រោង​។​មាន​សៀវភៅ​ការដ្ឋាន​តាម​ការណែនាំរ​បស់​ក្រុមគាំទ្រ​បច្ចេកទេស​ខណ្ឌ និង​សង្កាត់​។ ធានា​សុវត្ថិភាព​ការដ្ឋាន និង​សុវត្ថិភាព​សាធារណៈ ចាប់ពី​ពេល​បើក​ការដ្ឋាន​អនុវត្ត​គម្រោង រហូត ដល់ពេល​បិទ​ការដ្ឋាន​។​

​លោក​ហួត ហៃ​ក៏បាន​ស្នើអោយ​គណៈកម្មកា​រ​គ្រប់គ្រង​គម្រោង​សង្កាត់​ត្រូវមាន​ការតាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​ជាប្រចាំ ជាពិសេស​គឺ​ការពិនិត្យ​ផ្ដល់យោបល់​ដោយ​សរសេរ​ចូលក្នុង​
​សៀវភៅ​ការដ្ឋាន​ជាប្រចាំ​។ មានការ​ទទួលខុសត្រូវ​ចំពោះ​លទ្ធផល​គម្រោង​។ តាមដាន​របាយការណ៍​រីកចម្រើន និង​ការចេញ​អាណត្តិ​ទូទាត់ និង​ប្រាក់​ធានា​។ ផ្តល់យោបល់​កែលម្អ​ជា​ផ្លូវការ​ក្នុង​សៀវភៅ​ការដ្ឋាន នៅពេល​ចុះ​ពិនិត្យ​ការដ្ឋាន​អនុវត្ត​គម្រោង​។

​លោក​ហួត ហៃ បាន​បន្តទៀតថា ឆ្នាំ​២០២១​នេះ ពិភពលោក​កំពុងតែ​ជួប​វិបត្តិ​សកល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ប្រទេស​កម្ពុជា​យើង ក៏បាន​ជួប​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ យ៉ាងធ្ងន់ធ្ងរ​ដែរ ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង និង​បានធ្វើឱ្យ​ការរៀបចំ​លទ្ធកម្ម​គម្រោង​មូលនិធិ​សង្កាត់ ត្រូវបាន​ពន្យារពេល​។​

​ជាមួយគ្នានេះ​លោក​ជា ពិសី អភិបាលខណ្ឌ​ទួលគោក ក្នុងឱកាស​នោះ​ក៏បាន​លើកឡើង​ពី​សមិទ្ធផល​នៃ​ការអនុវត្ត​គម្រោង​មូល​និ​ធី​អភិវឌ្ឍន៍​សង្កាត់​ទាំង​១០​សង្កាត់ ឆ្នាំ​២០២១ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដូចជា​៖ ស្ថាបនា​លូ​មេ ស្តារលូ ជួសជុល​ផ្លូវ ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង កែលំអ​សាលារៀន ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ និង​រៀប​ការ៉ូឡា​នៅតាម​ដងផ្លូវ​នានា​។​ល​។ សមិទ្ធផល​ទាំងអស់នេះ បានធ្វើឱ្យ​ភូមិសាស្ត្រ​ខណ្ឌទួលគោក មានការ​អភិវឌ្ឍ និង​បានរួម​ចំណែក​កាត់ បន្ថយ​ភាពក្រីក្រ​យ៉ាងពិត​ប្រាកដ ដល់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំងមូល បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​គាំទ្រ និង​ទទួល បាន​នូវ​ភាពកក់ក្ដៅ​លើ​ការយកចិត្តទុកដាក់រ​បស់​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាពិសេស​ក្រោម​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ ដឹកនាំ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទាំងមូល ៕​