​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆាយ​ណា​ដេល្លី​) ៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ថា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ទទួល​​ខុស​ត្រូវ​ភាគច្រើន​ចំពោះ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅកាន់​បរិយាកា​ស​ពេញ​មួយ​ប្រវត្តិសាស្ត្រ​។​

​អគ្គលេខាធិការ​រូប​នេះ​បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​កំពង់ផែ​កា​រ៉ា​ជី (Karachi) ភាគខាងត្បូង​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​​លោក​ទៅ​កាន់​តំបន់​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​នៃ​ប្រទេស​នេះ​។​

​លោក​បាន​បន្តថា “​ផលប៉ះពាល់​ទាំងនោះ​កំពុង​មាន​ការកើនឡើង​យ៉ាងខ្លាំង​” ដោយ​បន្ថែម​ថា “​អ្នករស់នៅ​ក្នុង​លក្ខខណ្ឌ​ងាយ​រងគ្រោះ​ដោយសារ​អាកាសធាតុ​ខ្ពស់ រួម​ទាំង​នៅ​អាស៊ី​ខាងត្បូង គឺ​ងាយ​នឹង​ស្លាប់​ដោយសារ​ផលប៉ះពាល់​អាកាសធាតុ ១៥ ដង​”​។​

​លោក​គូថេ​រ៉េស​បាន​និយាយថា ស្ទើរតែ​ពាក់កណ្តាល​នៃ​មនុស្សជាតិ​ឥឡូវ​នេះ​ស្ថិតនៅ​ក្នុង​ប្រភេទ​នេះ ហើយ​ភាគច្រើន​លើសលប់​គឺ​ស្ថិត​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​បន្ទាប់​ពី​គ្រោះទឹកជំនន់​ដែល​ប៉ា​គី​ស្ថាន​កំពុង​ទទួល​រង អគ្គលេខាធិការ​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យ​បង្កើត​យន្តការ​ថ្មី​នៃ​ការបន្ធូរបន្ថយ​បំណុល​សម្រាប់​ប្រទេស​ដែល​រង​ផលប៉ះពាល់​។​

​លោក​បាន​តស៊ូ​មតិ​បន្ថែមទៀត​អំពី​យន្តការ​ដោះដូរ​បំណុល ដែល​ប្រទេស​មួយ​គួរតែ​អាច​ប្រើប្រាស់​ប្រាក់​នោះ​ដើម្បី​វិនិយោគ​លើ​ភាព​ធន់​នឹង​អាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្តរភាព និង នៅក្នុង​ការផ្លាស់ប្តូរ​ទៅ​រក​ភាព​បៃតង​នៃ​សេដ្ឋកិច្ច​របស់​ពួកគេ ជំនួស​ឱ្យ​ការ​សងបំណុល​ទៅ​ម្ចាស់បំណុល​។​

​មុន​នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​សុក្រ ដោយ​ឆ្លើយតប​ទៅ​នឹង​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីនហួ​ស្តី​ពី​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ដោយ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​សតវត្សរ៍​មកហើយ​នោះ លោក​គូថេ​រ៉េស​បាន​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​ពី​ប្រទេស​អភិវឌ្ឍន៍​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​ដើម្បី​កសាង​ភាព​ធន់​និង​សម្រប​ខ្លួន​ទៅនឹង​​កាលៈទេសៈ​នេះ​។​

​លោក​បាន​ថ្លែងថា “​នេះ​មិនមែន​ជា​បញ្ហា​នៃ​ភាព​សប្បុរស​ទេ នេះ​ជា​បញ្ហា​នៃ​ភាពយុត្តិធម៌​”៕

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស​