ដោយៈ សុផល / សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​លេខាធិការដ្ឋាន​គ្រប់គ្រង​បណ្តាញ​សង្គម នៃ​ក្រសួងទេសចរណ៍ និង​លេខាធិការដ្ឋាន គណ​:​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ បាន​សហការ​ជាមួយ​ក្រុមការងារ​ក្រសួង​កិច្ចការនារី និង​គម្រោង JICA បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី “​ការផ្សព្វផ្សាយ​ទេសចរណ៍ តាមរយ​:​បណ្តាញ​សង្គម​” ជូន​សហគមន៍​ទេសចរណ៍​២ គឺៈ សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក និង​សហគមន៍​ទេសចរណ៍​ខ្នារ​ពោធិ៍ ដែល​បាន​ប្រព្រឹត្តទៅ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប​។

​កម្មវិធី​នេះ បាន​បង្កើតឡើង គឺ​ដើម្បីឱ្យ​ប្រជា​សហគមន៍​ទាំងអស់ ទទួលបាន​នូវ​ចំណេះ និង​ជំនាញ ដែល​ទាក់ទង​ទៅនឹង​អក្ខរកម្ម​ឌីជីថល​ហើយ​ធ្វើយ៉ាងណា ឱ្យ​ពួកគាត់​បាន​យកទៅ​ប្រើប្រាស់ នៅក្នុង​សហគមន៍​របស់គាត់​ជាពិសេស​ដើម្បី​ផ្សព្វផ្សាយ​នូវ​អ្វី​ដែលជា​សក្តា​នុព ល​ទេសចរណ៍ នៅក្នុង​សហគមន៍ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជាពិសេស​ឱ្យបាន​ដឹង និង​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​មក​កម្សាន្ត ក្នុង​សហគមន៍​របស់គាត់​។

​យោងតាម​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​១៣ ខែកញ្ញា​នេះ ពិធី​បើក​វគ្គ្គ​បណ្តុះបណ្តាល​នេះ ប្រព្រឹត្តឡើង​ក្រោម​វត្តមាន​លោកស្រី តែ វួ​ច​លីម ប្រធាន​នាយកដ្ឋាន​ផែនការ និង​ស្ថិតិ​នៃ​ក្រសួង​កិច្ចការនារី ដែលជា​ប្រធាន​គម្រោង លោក ឡាង សុ​លី​ណា អគ្គនាយករង​រដ្ឋបាល និង​ហិរញវត្ថុ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​បណ្តាញ​សង្គម ក្រសួងទេសចរណ៍ លោក កែន សុ​ភី អនុប្រធាននាយកដ្ឋាន និង​ជា​សមាជិក​លេខាធិការដ្ឋាន (​គ​.​ជ​.​អ​.​អ​) និង​លោកស្រី Sakura KUNIMURA តំណាង JICA និង​មានការ​ចូលរួម​ជា​អធិបតី​ពី​លោកស្រី ឆូ​យ គឹម​ស៊ ទីប្រឹក្សា​ក្រសួង​កិច្ចការនារី ព្រមទាំង​សហការី​។

​កម្មវិធី​នេះ គាំទ្រ​ដោយ​គម្រោងការ​បញ្ជ្រាប​យេនឌ័រ សម្រាប់​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ចសង្គម​ដល់​ស្ត្រី (PGM- WEE) នៃ​ក្រសួង​កិច្ចការនារី ដែល​ម​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៤៥​នាក់​៕/V​