ដោយ៖តារារិទ្ធ(សៀមរាប)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជានៅក្នុងពិធីសំណេះសំណាល ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីសំណង់អនាធិបតេយ្យនៅតំបន់អង្គរមករស់នៅភូមិរុនតាឯក ប្រមាណជាង ១០០០ គ្រួសារនាព្រឹកថ្ងៃទី ១៣ ខែកញ្ញា ២០២២ នេះបានព្រមានគណបក្សនយោបាយ​នានា​កុំឲ្យ​យកករណី​ពលរដ្ឋ​នៅតំបន់រមនីយដ្ឋាន​អង្គរដែល​ត្រូវផ្លាស់ប្តូរទីលំនៅមកធ្វើ​ជាអាវុធវាយប្រហារ រាជរដ្ឋាភិបាលដើម្បី​រក​សន្លឹកឆ្នោត។ ការព្រមាននេះ ដែលបើតាមសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺដោយសារតែ​មាន​អ្នក​នយោបាយ​ខ្លះនៅពីក្រោយពលរដ្ឋមួយចំនួន ដែលនៅមិនទាន់​ព្រមចាកចេញពីតំបន់នោះ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្ញុំសុំអំពាវនាវឲ្យបណ្ដាបក្សនយោបាយ កុំប្រើប្រាស់នូវអ្វីដែល ហ៊ុន សែន កំពុងដោះស្រាយដែលជាតម្រូវ ការរបស់ជាតិធ្វើ ជាអាវុធដើម្បីវាយហ៊ុន សែន យកសន្លឹកឆ្នោតនៅពេលខាងមុខ។ ខ្ញុំយល់ដឹងពួកអ្នកឯងអ្នកឯងតែងតែធ្វើរឿងនេះនៅមុនការបោះ ឆ្នោតជានិច្ចប៉ុន្តែអ្នកឯងត្រូវយល់នៅ ពេលដែល ខ្ញុំប្រើប្រាស់ផ្លូវច្បាប់ដើម្បីចាត់ការអ្នកឯងអ្នកឯងកុំចាត់ទុកថារឿងនេះជារឿងនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថាការដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំប ន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាមកទីតាំងថ្មីដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនោះគឺជាតម្រូវការរបស់ជាតិហើយត្រូវចំណាយថវិកា អស់រាប់សិបលានដុល្លារផងដែរ៕​