ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ថិតិ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ស្ថិតិ​លើក​ទី​៩ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្ថិតិ នៃ​ក្រសួងផែនការ​កាលពី​ថ្ងៃ​ទី ១២ ខែ សីហា ឆ្នាំ ២០២២ ។

​កិច្ចប្រជុំ​នេះ ក៏មាន​ការចូលរួម​ពី​សមាជិក សមាជិកា នៃ​ក្រុមប្រឹក្សា​ស្ថិតិ ដែលជា​តំណាង​ក្រសួង ស្ថាប័ន នៃ​រាជរដ្ឋាភិបាល និង​មានការ​ចូលរួម​ពី​តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក World Food Program អញ្ជើញ​ចូលរួម​ផងដែរ​។​

​គោលបំណង​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ពិនិត្យ និង​ពិភាក្សា ក៏ដូចជា​ទទួលបាន​អនុសាសន៍​ទាំងឡាយ ដើម្បី​ធ្វើការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​ស្ថិតិ (NSDS) សម្រាប់​ជំ​ហ៊ាន​បន្តបន្ទាប់​នាពេល​អនាគត ក្នុងការ​ឆ្លើយតប​តម្រូវ​ការ​គម្រោង​ផែនការ​ស្ថិតិ​នានា និង​តម្រូវការ​ហិរញ្ញវត្ថុ​ដែល​ត្រូវការ ព្រមទាំង​ការអភិវឌ្ឍ​សមត្ថភាព​ស្ថិតិ នៅក្នុង​ប្រព័ន្ធ​ស្ថិតិ​ជាតិ​ទាំងមូល​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​សក្តិ​សិទ្ធិ​ខ្ពស់​។​

​ច្បាប់​ស្តីពី​ស្ថិតិ បានផ្តល់​ដល់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នូវ​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​សម្រាប់​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន និង​បាន​ផ្តល់នូវ​តួនាទី​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ស្ថិតិ​ផ្លូវការ និង​ប្រព័ន្ធ​ស្ថិតិ​ជាតិ ព្រមទាំង​បានផ្តល់​ផងដែរ ដល់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នូវ​សិទ្ធិអំណាច​ក្នុងការ​សម្របសម្រួល​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា ដូច​ក្នុង​មាត្រា​១៤ នៃ​ច្បាប់​ស្តីពី​ស្ថិតិ ដែល​បាន​ចែងថា “​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ស្ថិតក្រោម​ឱវាទ​ក្រសួងផែនការ មាន​ភារកិច្ច​កសាង​គោលនយោបាយ​ស្ថិតិ​ផ្លូវការ ក្នុងការ​បង្កើត​ប្រព័ន្ធ​ស្ថិតិ​ជាតិ​រួមបញ្ចូល​គ្នា​មួយ ដែល​គ្របដណ្តប់​ស្ថិតិ​ផ្លូវ​ការដែល​បាន​ចាត់​ទាំងអស់ និង​អង្គភាព​ស្ថិតិ​ក្រសួង ស្ថាប័ន​។ ដំណើរការ​របស់​ប្រព័ន្ធ​ស្ថិតិ​ជាតិ និង​ស្ថិតិ​ផ្លូវ​ការដែល​បាន​ចាត់តាំង ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​”​។​

​សូមជ្រាប​ផងដែរ​ថា មកដល់ពេលនេះ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ សម្រេចបាន​នូវ​ការងារ​ធំៗ​ដូចជា​៖ ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩, ការចុះបញ្ជី​អង្គភាព​សេដ្ឋកិច្ច និង​ការគូរផែនទី​សម្រាប់​ជំរឿន​សេដ្ឋកិច្ច ឆ្នាំ​២០២២, អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០២១ ដែល​សហការ​ជាមួយ​ក្រសួងសុខាភិបាល​, អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា ឆ្នាំ​២០២១, អង្កេត​កសិកម្ម​ប្រចាំឆ្នាំ​២០២១ ដែល​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ថ្មីៗ​នេះ​គឺ​បានបញ្ចប់​ការប្រមូល​ទិន្នន័យ​ជំរឿន​សេដ្ឋកិច្ច ឆ្នាំ​២០២២ ព្រមទាំង​ការងារ​ចងក្រង​ទិន្នន័យ​ផ្សេងៗ​ទៀត​រួមមាន គណនេយ្យ​ជាតិ ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ ស​ន្ទ​ស្សន៍​អ្នក​ផលិត ការប្រមូល​ទិន្នន័យ​ស្ថិតិ​ថ្នាក់ក្រោម​ជាតិ និង​ការងារ​អង្កេត​ភពផែនដី​ជាដើម ព្រមទាំង​ការប្រមូល​ទិន្នន័យ​រដ្ឋបាល​សម្រាប់​ការ​ចងក្រង​ទិន្នន័យ​ផ្សេងៗ​៕​