ដោយៈ​សុផល​/​ភ្នំពេញ​៖ ការតភ្ជាប់​ទំនាក់ទំនង​តំបន់ អាស៊ាន ដែល​រួមមាន​ទាំង​ទំនាក់ទំនង​រូបវន្ត ទំនាក់ទំនង​រវាង​ស្ថាប័ន និង​ស្ថាប័ន ក៏ដូចជា​ទំនាក់ទំនង រវាង​ប្រជាជន និង​ប្រជាជន មាន​សារៈសំខាន់​ដើម្បី​សម្រេចបាន​នូវ​សសរស្តម្ភ​សេដ្ឋកិច្ច សន្តិសុខ​នយោបាយ និង​វប្បធម៌ សង្គម​នៃ​សហគមន៍​អាស៊ាន ចំណែក​ការលើកកម្ពស់​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​អាស៊ាន មិន​ត្រឹមតែ​រួមចំណែក​ជាមួយ​សមាគម​អាស៊ាន​ក្នុងការ​រឹតបន្តឹង​និង​ការភ្ជាប់​ទំនាក់ទំនង​ល្អ ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង​ជួយ​ដល់​សមាជិកសមាគម​អាស៊ាន​ទាំងអស់​ក្នុងការ​លើកកម្ពស់​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់​ផងដែរ​។​

​នេះ​ជា​ប្រសាសន៍​លើកឡើង​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងពេល​លោក​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស​ក្នុង​វេទិកា​ភាពជា​អ្នកដឹកនាំ និង​ភាពជា​ដៃគូ​សហប្រតិបត្តិការ អាស៊ាន​ក្រោម​ប្រធានបទ​៖ “​ការលើកកម្ពស់​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​អាស៊ាន ដើម្បី​ជំរុញ​វិស័យ ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់​” (Enhancing ASEAN Transport Connectivity to Promote Regional Trade and Investments) ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ Hyatt Regency Phnom Penh​នា​ថ្ងៃទី​១២​ខែកញ្ញា​។

​ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​ផែនការមេ និង​កិច្ចព្រមព្រៀង​ក្នុង​ក្របខណ្ឌ​អាស៊ាន ជាច្រើន​ដែល​បាន​ចុះហត្ថលេខា និង​ជាពិសេស​គឺ កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវអាកាស​ដ៏​ទូលំទូលាយ​អាស៊ាន​-​សហភាព​អឺរ៉ុប (AE-CATA)​គ្រោង​នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី ដឹកជញ្ជូន អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ខែតុលា ឆ្នាំ​២០២២ ខាងមុខ​ពោលគឺ​សំដៅ​ចូលរួមចំណែក​ក្នុង​ការលើក កម្ពស់​ការតភ្ជាប់​វិស័យ​ដឹកជញ្ជូន​ក្នុង​តំបន់​អាស៊ាន និង​បង្កើតបានជា​បណ្តាញ​ដឹកជញ្ជូន​អន្តរ​ទំនាក់ទំនង​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន និង​កំពុងផ្តល់​អាទិភាព​លើ​គម្រោង​ជាច្រើន​ដើម្បី​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង ដែល​ក្នុង នោះ​រួមមាន​៖ គម្រោង​អភិវឌ្ឍន៍​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក គម្រោង​អភិវឌ្ឍន៍ វិស័យ​កំពង់ផែ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ស្តីពី​ការដឹកជញ្ជូន និង​ភស្តុភា​រកម្ម​។​

​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បានចង្អុលបង្ហាញ​នូវ​កាលានុវត្តភាព​វិនិយោគ​ជាច្រើន​ក្នុង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​នៅ​កម្ពុជា និង​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ពិចារណា និង​ងាក​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​ច្រើន​។ ក្នុងន័យនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី​ការបញ្ជាក់​របស់ ធនាគារពិភពលោក​ថា​កម្ពុ​ជាមាន​របប​វិនិយោគ​សេរី​បំផុត​ក្នុង​តំបន់​អាស៊ាន ហើយ​ដើរតួ​ជា​អ្នកសម្របសម្រួល និង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការវិនិយោគ​របស់​វិស័យ​ឯកជន​ដើម្បី​ធានាបាន​ថា វិស័យ​ឯកជន​នឹង​ទទួល​ភាពជោគជ័យ ព្រោះថា​ជោគជ័យ​របស់​វិស័យ​ឯកជន គឺជា​ភាពជោគជ័យ​របស់ រាជរដ្ឋាភិបាល​៕​