ដោយ:ពៅនិមល/ភ្នំពេញ៖ ខណៈក្នុងកំឡុងពេលកាន់បិណ្ឌ និងមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់ មន្ត្រីអគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានបង្កើនការចុះត្រួតពិនិត្យ ទំនិញ និងគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ នៅតាមមូលដ្ឋាន រៀងៗខ្លួន ដើម្បីសុវត្ថិភាពចំណី អាហារ ជូនដល់អ្នកបរិភោគ។ ទន្ទឹមនេះ គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានរកឃើញទំនិញខូចគុណភាពប្រើប្រាស់ និងត្រូវបានដកហូតយកកម្ទេចចោលចំនួនប្រមាណ ១៣០.៣៥គីឡូក្រាម។
សកម្មភាពមន្រ្តី ក.ប.ប ចុះត្រួតពិនិត្យទំនិញ (ហ្វេសប៊ុក)
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អគ្គនាយកដ្ឋាន ក.ប.ប បានសសេរថា ទំនិញខូចគុណភាពប្រើប្រាស់ និងត្រូវបានដកហូតយក កម្ទេចចោលទាំងនេះ ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរី រកឃើញនៅតាមមូលដ្ឋានរបស់ខ្លួន និងបានណែនាំដល់អាជីវករត្រូវលក់ទំនិញដែលមានអនុលោមជូនអតិថិជនផងដែរ សំដៅធ្វើយ៉ាងណាឲ្យម្ហូបអាហារទាំងអស់មិន បង្ក គ្រោះថ្នាក់ដល់អ្នកបរិភោគ និងព្រះសង្ឃ។
កាលពីពេលកន្លងទៅនេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ឲ្យដឹងថា មន្ត្រី ក.ប.ប រាជធានី-ខេត្ត តែងតែចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលដាក់លក់នៅតាមទីផ្សារ និងទីតាំងអាជីវកម្មម្ហូបអាហារនៅគោលដៅផ្សេងៗគ្នា ដើម្បីធានាការពារនូវការចរាចរលក់នូវទំនិញដែលមិនមានអនុលោមភាព ជាទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ជាដើម។
លោកឲ្យដឹងទៀតថា ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ បានរៀបចំសេចក្តីជូនដំណឹងបន្ថែមពីលើការចុះណែនាំ ដើម្បីឱ្យ ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ មានភាពទទួលខុសត្រូវចំពោះ គុណភាព ជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្រប តាមស្តង់ដារកំណត់សំដៅធានាកម្រិតនៃការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនិងព្រះសង្ឃជាពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក ផាន អូន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលដឹងថាបងប្អូនអាជីវករណា ឬប្រជាពលរដ្ឋណា មានប្រើប្រាស់ សារធាតុណាមួយមិនសមប្រកប ដែលធ្វើឱ្យមានការសង្ស័យ អាចដាក់ពាក្យបណ្ដឹងមកកាន់ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប បាន ដើម្បីរួមគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះអំពើ ណាមួយ ដែលផ្ទុយពីច្បាប់បានចែង ដែលធានាបានសុវត្ថិភាព អ្នកបរិភោគ៕ N
សកម្មភាពមន្រ្តី ក.ប.ប ចុះត្រួតពិនិត្យទំនិញ (ហ្វេសប៊ុក)