ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានបញ្ជាក់​ថាៈ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាង​យោធា និង​យោធា នៃ​ប្រទេស​កម្ពុជា និង​ថៃ មានដំណើរ​ការ ទៅមុខ​កាន់តែ​ល្អប្រសើរ​ទ្បើង ជា​លំដាប់ និយាយ​ជារួម និង​និយាយ​ដោយឡែក​ក្នុង​កម្រិត កងទ័ពជើងគោក បន្ទាប់ពី​ការចុះហត្ថលេខា​លើ “​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ពជើងគោក នៃ​កង​ភូមិន្ទ​ថៃ​” កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ ហើយក៏​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​រួចមក ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការផ្សារភ្ជាប់​នូវ ទំនាក់ទំនង​កាន់តែ​សកម្ម​ជិតស្និទ្ធ រវាង​អង្គភាព និង​អង្គភាព ជាពិសេស​លើ​ការងារ ហ្វឹកហ្វឺន និង​លំ​ហាត់​រួម​។​

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងជំនួបពិភាក្សាជា មួយ ឯកអគ្គរាជ ទូតនៃព្រះរាជាណាចក្រថៃ (រូបថតៈហ្វេសប៊ុកលោកហ៊ុន ម៉ាណែត)

​ការបញ្ជាក់​នេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោក ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថុ​ប (Panyarak Poolthup) ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​ថៃ មុននឹង​លោក បញ្ចប់​បេសកកម្ម​ការទូត នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់​អំពី​ទំនាក់ទំនង​មិត្តភាព​រឹងមាំ រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ កម្ពុជា​-​ថៃ ទាំង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា កិច្ចសហប្រតិបត្តិការ​ល្អ ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ​។

​មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​ថ្លែងអំណរគុណ​លោក ឯកអគ្គរាជទូត ប៉ាន់​យ៉ា​រ៉ា​ក់ ភូ​ល​ថុ​ប ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​ការងារ​ជាច្រើន ក្នុងការ​ពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង រវាង​ប្រទេស កងទ័ព និង​ប្រជាជន​ទាំងពីរ ព្រមជាមួយ​នឹង​ការ​អរគុណ រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ចំពោះ​ជំនួយ​អភិវឌ្ឍន៍ ដែល​បានផ្តល់​ដល់​កម្ពុជា និង​ការជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការគាំទ្រ​រប​ស់​ប្រទេស​ថៃ ដល់​ការបំពេញ​តួនាទី ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ របស់​កម្ពុជា ដោយ​រាប់ទាំង​វិធានការ នៅក្នុង​ការដោះស្រាយ​វិបត្តិ នៅ​មី​យ៉ាន់​ម៉ា​។ ទាំងនេះ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​មិត្តភាព​, ការគោរព និង​ការជឿទុកចិត្ត​គ្នា ទៅវិញទៅមក រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំងពីរ ក្នុងនាម​ជា​ប្រទេសជិតខាង ភូមិ​ផង​របង ជាមួយគ្នា និង​ជា​សមាជិក​អាស៊ាន​ដូចគ្នា​។​

​ចំណែក លោក​ឯកអគ្គរាជទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ ដែល​បាន​អនុវត្ត​កន្លងមក ទោះបី​នៅក្នុង​កាលៈទេសៈ​នៃ ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ ដោយ​ក្នុងនេះ សកម្មភាព​ពាណិជ្ជកម្ម ដោះដូរ​ទំនិញ រវាង​ប្រទេស​ទាំងពីរ នៅតែមាន​ដំណើរការ​ឥតអាក់ ហើយ​ភាពជិតស្និទ្ធ​នេះ​ក៏​នឹង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត ជា​លំដាប់​តទៅ​អនាគត​។​

​លោក ក៏បាន​សម្តែង​នូវ​ការកោតសរសើរ ដល់​ការអភិវឌ្ឍ​រីកចម្រើន​ដ៏​ឆាប់រហ័ស លើ​គ្រប់​វិស័យ​របស់ ប្រទេស​កម្ពុជា រួមទាំង​វិស័យ​ការពារជាតិ នៅក្រោម​ការដឹកនាំ​ដ៏ ប៉ិនប្រសប់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ​៕ V / N

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងជំនួបពិភាក្សាជា មួយ ឯកអគ្គរាជ ទូតនៃព្រះរាជាណាចក្រថៃ (រូបថតៈហ្វេសប៊ុកលោកហ៊ុន ម៉ាណែត)