​ដោយៈ យោធិន / សៀម រាបៈ តាមរយៈ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដែលជា​អំណោយ​ដ៏ ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចែក​ផ្តល់ ជូន​ដល់​ប្រជាពលរដ្ឋ​វ័យចាស់​ជរា និង​ជន​ពិការភាព ចំនួន ២០០ គ្រួសារ ក្នុងឱកាស​ពិធី បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ប្រពៃណី​ជាតិខ្មែរ​។​

​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង នា​រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក សែម សុវណ្ណនី សមាជិក​រាជ​រដ្ឋា ភិ​បាល និង​ជា​ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រួមជាមួយ ប្រធាន អនុប្រធាន ក្រុមការងារ​ចុះ​មូលដ្ឋាន ភូមិ​ទាំងអស់​របស់​ឃុំ​ខ្នារ​សណ្តាយ និង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ និង​ស្រុក​បន្ទាយស្រី ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ចាស់ព្រឹទ្ធាចារ្យ និង​ជន​ពិការភាព ចំនួន ២០០ គ្រួសារ ដែល​រស់នៅក្នុង​ភូមិក​កោះ​ជ្រុំ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប លោក សែម សុវណ្ណនី បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ ពីស​ម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហម កម្ពុជា ដែលជា​និច្ចកាល​តែង​យកចិត្តទុកដាក់ ដល់​ជីវភាព​រស់នៅរ​បស់បង​ប្អូន ប្រជាជន គ្រប់ៗ​រូប​។​

​អំណោយ រួមមាន​អង្ករ​១០ គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ សរុប​ជា​ថវិកា​ចំនួន​ជាង បី​ពាន់ ដុល្លារ​អាមេរិក​។​

​ជាមួយគ្នានេះដែរ លោក សែម សុវណ្ណនី ក៏បាន​ឧបត្ថម្ភ​ដល់​ក្រុមការងារ​ស្រុក ឃុំ ស្មៀន ១៧​នាក់ ថវិកា​៤៥០​ដុល្លារ​, ឧបត្ថម្ភ​ដល់​ប្រជា​កា​ពារ​ពិការភាព ២​នាក់ ២០០​ដុល្លារ ឧ​បត្ដ​ម្ភ​ដល់​សាខា​បក្ស​ភូមិ យុវជន​បក្ស​ភូមិ ប្រជា​ការពារ ប៉ូល​i​ស ៣០​នាក់ ៤៥០​ដុល្លារ ឧបត្ថម្ភ​ប្រធាន​បក្ស​ឃុំ ក្រុមការងារ​ប្រចាំការ​ស្នាក់ការ​បក្ស​ឃុំ ៥០០ ដុល្លារ ឧបត្ថម្ភ​បញ្ចប់ ដំណេ​ី​រ​ការសាងសង់​របង​ថ្ម និង​ខ្លោងទ្វារ​ទីស្នាក់ការ​គណបក្ស​ឃុំ ១.០០០ ដុល្លារ​។​

​ដោយឡែក នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ លោក សែម សុវណ្ណនី ក៏បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ដែល​ដំណើរ​ការប្រព្រឹត្តិទៅ នៅ​ភូមិ​រុន​តា​ឯក ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែលជា​ទីតាំង​ដែល​រាជរដ្ឋាភិបាល ផ្តល់​ដី​ជូន​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការរុះរើ​សំណង់ ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ អាជ្ញាធរ​ជាតិ​អប្សរា​។​

​សូមបញ្ជាក់ថាៈ រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែសីហា កន្លងទៅនេះ តាមរយៈ គណៈកម្មការ​អន្តរក្រសួង​មួយ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ក្នុងការ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក៏ដូចជា​រុះរើ​សំណង់​ខុសច្បាប់ ចេញពី​តំបន់​ទាំងនេះ​។​

​ការបើក​យុទ្ធនាការ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ប្រាសាទ​ក្នុង​តំបន់​រមណីយ​អង្គរ បាន​រង​ការព្រមាន ពី​អង្គការ​យូណេស្កូ ក្នុង​ការដក​ប្រាសាទ តំបន់​រមណីយដ្ឋាន​អង្គរ ចេញពី​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រោះតែ​សំណង់​ជាច្រើន ត្រូវបាន​សង់​ឡើង នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ផ្ទុយ​ពី​លក្ខខណ្ឌ កំណត់ដោយ​អង្គការ​យូណេស្កូ ក្រោយពេល​ដាក់បញ្ចូល ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។​

​គិត​ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ដល់​ថ្ងៃទី​១០ ខែកញ្ញា បានបញ្ចប់​ការវាស់វែង​ក្បាលដី និង​ស្រង់​ព័ត៌មាន​អ្នកកាន់កាប់​ដី​នៅ​ភូមិ​គោលដៅ​ទាំង ១១៤​ភូមិ ក្នុង​ឃុំ​ចំនួន​១៧ សង្កាត់​ចំនួន​៧ ក្រុង​ចំនួន​១ និង​ស្រុក​ចំនួន​៤ ដោយ​វាស់វែង​ក្បាលដី​បាន​សរុប ៩៣.៣៥១ ក្បាលដី ទំហំ ១០.៩៤៥ ហិកតា​។ ក្នុងនោះ​ក្បាលដី​មាន​សំណង់​ចំនួន ៣៩.០៤០ ក្បាលដី​, ក្បាលដី​គ្មាន​សំណង់​ចំនួន ៤៧.៣៤០​ក្បាលដី និង​ក្បាលដី ស្រែចម្ការ ចំនួន ៦.៩៩១ ក្បាលដី​៕ V / N