​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ស្វាគមន៍​ចំពោះ វិនិយោគិន​ជប៉ុន ដែល​បានជ្រើសរើស​យក​ប្រទេស​កម្ពុជា ជា​គោលដៅ​ធ្វើ​ធុរកិច្ច ហើយ​សង្ឃឹមថា បន្ត​ទៅមុខ វិនិយោគិន​ជប៉ុន នឹង​អញ្ជើញ​មក​កាន់តែ​ច្រើនឡើង បន្ថែមទៀត ជាពិសេស ការវិនិយោគ​ផ្នែក​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ដើម្បី​ជួយ​ជំរុញ​ដល់ ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ក្នុង​របត់​សាកលភាវូបនីយកម្ម ស្របតាម​គោលនយោបាយ អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​កំពុង​ផ្តោតលើ​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​។

រូបថតៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងជំនួបជាមួយកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំតំបន់សេនដៃ និងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន និងសប្បុរសជនសហគមន៍ជប៉ុននៅកម្ពុជា (រូបថតៈហ្វេសប៊ុកលោកហ៊ុន ម៉ាណែត)

​ការស្វាគមន៍​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា ជាមួយ​លោក ស៊ឺ​ស៊ឺ​មឹ តៃ (SUSUMU TAI) កុងស៊ុល​កិត្តិយស នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​តំបន់​សេន​ដៃ នៃ​ប្រទេស​ជប៉ុន និង​ជា​ស្ថាបនិក​អង្គការ Cambodia Future Dream ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន និង​សប្បុរសជន​សហគមន៍​ជប៉ុន​នៅ​កម្ពុជា ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៣ គ្រឿង សម្រាប់​បំពេញ​ឱ្យ តម្រូវការ​របស់​កង​ទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការកសាង​ពង្រឹង សមត្ថភាព​និង​ការប្រើប្រាស់ ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ គ្រោះមហន្តរាយ ក្នុង​សហគមន៍​ប្រជាពលរដ្ឋ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ ក្រៅពី​ការបង្កើត​ការងារ និង​ការផ្ទេរ បច្ចេកវិទ្យា​, ក្រុមហ៊ុន​-​សហគ្រាស​ជប៉ុន ក៏បាន​នាំមក​នូវ​ស្តង់ដារ​ការងារ ដែលមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ លើ​សុខុមាលភាព​របស់ កម្មករ​-​និយោជិត​។ ការសម្រេចចិត្ត​របស់ វិនិយោគិន​ជប៉ុន ដែល​អាច​ចាត់ទុកបាន​ថា ជាការ​ពិចារណា គ្រប់​ជ្រុងជ្រោយ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់ យូរអង្វែង ក៏បាន​បង្ហាញ​ផងដែរ អំពី​ទំនុកចិត្ត​មកលើ​កត្តា​ស្ថិរភាព និង​បរិយាកាស​វិនិយោគ ប្រកបដោយ​ភាពអំណោយ ផល​របស់​កម្ពុជា​។​

​ក្នុងឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​រំឭក​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​ទំនាក់ទំនង​ជួយ​គ្នា​ទៅវិញទៅមក រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ កម្ពុជា​-​ជប៉ុន នៅក្រោយ​ការភ្ជាប់​ទំនាក់ទំនង​ការទូត ក្នុង​ឆ្នាំ​១៩៥៣ រហូតមកដល់​បច្ចុប្បន្ន ជាពិសេស ក្នុងដំណាក់កាល​ស្វែងរក​សន្តិភាព ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក៏ដូចជា​ក្នុង​ដំណើការ​នៃ​ការ កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ ជាអាទិ៍​៖ ការអប់រំ​បណ្តុះបណ្តាល ធនធានមនុស្ស​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​ការជួយឧបត្ថម្ភ​គាំទ្រ ក្នុងដំណាក់កាល​វិ​ប​ត្ត​នៃ​ជំងឺ​កូ​វីដ​-១៩ ជាដើម​។ ក្នុងនាម​ប្រជាជន​កម្ពុជា លោក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាល់​សកម្មភាព​ទាំងអស់នេះ ដែល​ក៏មាន​ការចូលរួម ចំណែក​ផងដែរ ពី​សំណាក់​អង្គការ​-​សមាគម និង​វិស័យ​ឯកជន​ជប៉ុន ដោយ​ពិតជា​បាន សរ​បញ្ជាក់​ច្បាស់ អំពី​ការផ្សារភ្ជាប់​ដ៏​ស្អិតរ​មួ​ត រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន​ជប៉ុន លើ​គ្រប់​វិស័យ​។ ក្នុងន័យនេះ លោក ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ និង​លើកទឹកចិត្ត ឱ្យ​អង្គការ​-​សមាគម​ជប៉ុន រួមទាំង​សប្បុរសជន សហគមន៍​ជប៉ុន បន្ត​ចូលរួមចំណែក បំពេញ​កិច្ចការ​មនុស្សធម៌ និង​សប្បុរសធម៌​នានា ដែល​ផ្តល់​ផលប្រយោជន៍​ផ្ទាល់ ដល់​ប្រជាជន​កម្ពុជា ហើយ​កិច្ចការ​ទាំងនេះ ក៏​នឹង​ដើរតួនាទី​សំខាន់​ផងដែរ ក្នុងការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​។​

​ជាការ​ឆ្លើយតប លោក ស៊ឺ​ស៊ឺ​មឹ តៃ បាន​រំឭក​អំពី​ចំណងមិត្តភាព​ដ៏​យូរអង្វែង រវាង​ប្រទេស ទាំងពីរ និង​បានលើកឡើង​អំពី កិច្ចខិតខំ​ប្រែង​របស់លោក នៅក្នុង​ការលើកកម្ពស់ ទំនាក់ទំនង រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា តាមរយៈ​ការរៀបចំ​សកម្មភាព ជាច្រើន នៅក្នុង​ប្រទេស​ជប៉ុន ដើម្បី​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា​ទាំង​លើ​ទិដ្ឋភាព​វប្បធម៌ និង​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​យុគសម័យ​ថ្មី ហើយ​លោក​ក៏បាន​បង្ហាញ ក្តីសង្ឃឹម​ផងដែរ​ថា ផ្អែកលើ​សកម្មភាព​ទាំងអស់នេះ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ជប៉ុន​-​កម្ពុជា នឹង​បន្ត​រីកចម្រើន និង​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​៕ V / N

រូបថតៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅក្នុងជំនួបជាមួយកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំតំបន់សេនដៃ និងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន និងសប្បុរសជនសហគមន៍ជប៉ុននៅកម្ពុជា (រូបថតៈហ្វេសប៊ុកលោកហ៊ុន ម៉ាណែត)