ដោយៈភ្នំស្វាយ/បន្ទាយមានជ័យ៖ទឹកស្ទឹងមង្គលបូរីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យបាននឹងកំពុងហក់ឡើង ដោយសារទឹកស្រកពីខ្សែលើហូរធ្លាក់ចុះមកខាងក្រោម ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យខណៈអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅថ្ងៃទី១៣ខែកញ្ញានេះបាន អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅបណ្តោយដងស្ទឹងឬប្រឡាយឬបឹងបួរដែលទទួលធារទឹកពីស្ទឹងនេះត្រូវប្រុងប្រយ័ត្នខ្ពស់។ពិសេសគឺបង្ការកូនក្មេង និងមនុស្សចាស់កុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។

លោក អ៊ុំ រាត្រី និងលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី មន្ត្រីសាលាស្រុក កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ ក្រុមប្រឹក្សាឃុំ បានចុះពិនិត្យ វាយតម្លៃស្ថានភាពទឹកជំនន់និងផលប៉ះពាល់លើប្រជាពលរដ្ឋដែល រស់នៅនិងអាស្រ័យផលតាមបណ្តោយដងស្ទឹងមង្គលបូរី នាវេលាខាងលើ ។

លោកអភិបាលខេត្តបានចុះពិនិត្យស្ថានភាពទឹកជំនន់ដែលធ្លាក់មកពីប៉ែកខាងលិចនៃឃុំសឿដូចជានៅសំណង់ព្រែកសឿ ,នៅភូមិបល្ល័ង្គជ្រៃ ឃុំសឿ និងពិនិត្យសាលាបឋមសិក្សាជំនីកឃុំសឿ។ព្រមទាំងបន្តចុះពិនិត្យស្ថានភាពទឹក តាមឃុំចំណោម រហាត់ទឹក បត់ត្រង់និងឬស្សីក្រោកតាមដងស្ទឹងមង្គលបូរី ។

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី១៣ខែកញ្ញានេះក្នុងភូមិសាស្ត្រខេត្តស្ថានភាពទឹកហូរបានធ្លាក់ពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹងដែលបានធ្វើឱ្យស្ថានភាពមានការកើនឡើង។កន្លែងខ្លះមានការជន់លិចផ្លូវ៕សរន

ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២(រូបថតរដ្ឋបាលខេត្តបន្ទាយមានជ័យ)