ដោយ​: ពៅ​និមល / ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បាន​អះអាងថា គិត​មកដល់​បច្ចុប្បន្ន កម្ពុជា​ពុំទាន់ មានច្បាប់​ហាមឃាត់​ការប្រើប្រាស់ ការនាំ​ចូល ផលិតផល​ដែលមាន​ផ្ទុក​សារធាតុ អាស​បេ​ស្តុ​ស នៅឡើយ​ទេ​។​

​នៅក្រោយ​ចប់​កិច្ចប្រជុំ​ដឹកនាំ​ដោយ​លោក ឌឹ​ម ថេ​ង អគ្គនាយករង តំណាង​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. និង​អង្គការ APHEDA និង​ទីភ្នាក់ងាររដ្ឋបាល​ប្រទេស​អូស្ត្រាលី ដើម្បី​លុបបំបាត់ សារធាតុ​អាស​បេ​ស្តុ​ស (ASEA) នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ឲ្យ​ដឹង ក្នុង​បណ្តាញ​សង្គម​ថា ទោះជា​យ៉ាងនេះ​ក៏ដោយ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់​ធុរជន​ដែល​ផលិត និង​នាំចូល​ផលិតផល​គ្រឿងសំណង់ យក​ផ​លិ​ល​ផល​ខ្លួន​មក​វិភាគ រក​វត្តមាន​សារធាតុ អាស​បេ​ស្តុ​ស នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. តាម​គោលការណ៍​ស្ម​គ្រ​ចិត្តបាន ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​ថា ផលិតផល​ដែល​បាន​ចែកចាយ មិនមាន​វត្តមាន សារធាតុ អាស​បេ​ស្តុ​ស​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក​អគ្គនាយករង បានលើកឡើង អំពី​វឌ្ឍនភាព​នៃ​មន្ទីរពិសោធន៍ អាស​បេ​ស្តុ​ស របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក្នុងការ​ត្រួតពិនិត្យ​សារធាតុ​អាស​បេ​ស្តុ​ស ក្នុង​ផលិតផល​គ្រឿងសំណង់ ដែលមាន​សមត្ថភាព និង​សក្តានុពល ក្នុងការ​វិភាគ​រក សារធាតុ​អាស​បេ​ស្តុ​ស ដោយ​ទទួលបាន​ការជួយឧបត្ថម្ភ ពី​រដ្ឋាភិបាល​អូស្ត្រាលី​។ ជាមួយគ្នានេះ លោក​ស្វាគមន៍ Malcolm ដែល​នឹង​មក​បណ្តុះបណ្តាល នា​ខែតុលា ខាងមុខនេះ​។​

​ប្រភព ក​.​ប​.​ប បាន​ឲ្យ​ដឹង​ទៀតថា អង្គការ APHEDA បាន​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ ដែល​បាន​អនុញ្ញាតឱ្យ​ក្រុមការងារ បានមក​ធ្វើ​ទស្សនកិច្ច និង​ធ្វើ​បទ​បង្ហាញ អំពី​បច្ចុប្បន្នភាព​នៃ​មន្ទីរពិសោធន៍ វិភាគ​សារធាតុ​អាស​បេ​ស្តុ​ស​នេះ និង​គាំទ្រ​យ៉ាង ពេញទំហឹង ដល់​ការពង្រឹង​សមត្ថភាព​ក​ម្ពុ​ជា ក្នុងការ​វិភាគ​រកសា​រ​ធាតុ​អាស​បេ​ស្តុ​ស​។ ជាមួយគ្នានេះ អង្គការ បាន​សំណូមពរ ដល់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ឲ្យ​ផ្តល់នូវ​ប្រធានបទ ជាក់លាក់ តម្រូវការ និង​ឧបករណ៍​ដល់​អ្នកជំនាញ​ការ មុនពេល​គាត់​មក​បណ្តុះបណ្តាល ដើម្បីឱ្យ​សមស្រប​នឹង​បរិបទ​បច្ចុប្បន្ន របស់​មន្ទីរពិសោធន៍ ក៏ដូចជា​លើកទឹកចិត្ត ក្នុងការ​សហការ យ៉ាង​ជិតស្និទ្ធ ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​កិច្ចការ​នេះ​៕ V / N

​រូបភាព  កិច្ចប្រជុំ​ដើម្បី​លុបបំបាត់​សារធាតុ​អាស​បេ​ស្តុ​ស រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​អង្គការ APHEDA និង​ទីភ្នាក់ងាររដ្ឋបាល​ប្រទេស​អូស្ត្រាលី ( ​រូបភាព ហ្វេ​ស​ប៊ុ​ក )