​ដោយៈ សុផល / ភ្នំពេញ​៖ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ លោក ង្វៀន ភូ​ជុង (Nguyen Phu Trong) អគ្គលេខាធិការ​គណៈកម្មាធិកា​រ ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​កណ្តាល​បក្ស នា​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា នៅ​រដ្ឋធានី​ហាណូយ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ ចំពោះ​លោក​អគ្គលេខាធិការ​បក្ស ដែល​ឆ្លៀតឱកាស​ដ៏​មមាញឹក អនុញ្ញាតឱ្យ​គណៈប្រតិភូ បាន​ជួប​សម្តែង​ការគួរសម និង​បានទទួល​ស្វាគមន៍ យ៉ាង​រាក់ទាក់​កក់ក្តៅ​។​សម្តេច​បាន​អបអរសាទរ ចំពោះ​ខួប​លើក​ទី​៧៧ ទិវា​បុណ្យ​ឯករាជ្យ ជាតិ​វៀតណាម និង​បាន​ប្រសិទ្ធ​ពរជ័យ ជូន​ថ្នាក់ដឹកនាំ និង​ប្រជាជន​វៀតណាម សូម​ទទួលបាន​នូវ សេចក្តីសុខ សុភមង្គល វិបុលភាព​និង វឌ្ឍនភាព ជានិច្ច​និរន្ត និង​បាន​សម្តែង​នូវ ការអបអរសាទរ​ខួប​លើក​ទី​៥៥ ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ រវាង​កម្ពុជា​-​វៀតណាម និង​ឆ្នាំ​មិត្តភាព កម្ពុជា​-​វៀតណាម ផងដែរ​។​

​ក្នុងឱកាស​នោះដែរ សម្តេច​ប្រធាន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ចំពោះ​លោក​អគ្គលេខាធិការ​បក្ស​។​

​ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មាន​មោទកភាព រីករាយ​បំផុត ដោយ​សង្កេតឃើញ​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង មិត្តភាព សាមគ្គីភាព ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ រវាង​បក្ស រដ្ឋ និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាម មានការ​រីកចម្រើន ឥតឈប់ឈរ រឹងមាំ និង​យូរអង្វែង ដើម្បី​ជា​គុណប្រយោជន៍ នៃ​ការអភិវឌ្ឍ​ប្រទេស ប្រកបដោយ​ចីរភាព និង​ដើម្បី​សន្តិភាព ស្ថិរភាព នៅក្នុង​តំបន់ និង​សកលលោក ។​

​លោក ង្វៀន ភូ​ជុង បាន​អបអរ​សារ​ទ​ចំពោះ​ជោគជ័យ​របស់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​នាំ​ឲ្យ​កម្ពុជា​មានលទ្ធភាព បើក​ដំណើរការ​សង្គម និង​សេដ្ឋកិច្ច​ឡើងវិញ ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ ទៅមុខ​ឥតឈប់ឈរ​។ លោក បាន​អបអរសាទរ ដែល​កម្ពុជា​បានរៀបចំ​ការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិ​ទី​៥ កាលពីពេល​ថ្មីៗ​នេះ បាន​យ៉ាង​ជោគជ័យ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការទុកចិត្ត និង​ជឿជាក់​របស់​ប្រជាជន​កម្ពុជា មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​បាន​សង្កត់ធ្ងន់ ថា ជោគជ័យ​នេះ ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ឈានទៅ​ដ​ណើ្ត​ម​ជ័យជំនះ សម្រាប់​ការបោះឆ្នោតជាតិ នា​ឆ្នាំ​២០២៣ ខាងមុខ​។

​លោក ង្វៀន ភូ​ជុង បាន​គាំទ្រ​នូវ​លទ្ធផល​ដ៏​ជោគជ័យ នៃ​ជំនួប​ពិភាក្សា​ការងារ​របស់ សម្តេច​ប្រធានរដ្ឋសភា និង​លោក​ប្រធានរដ្ឋសភា​វៀតណាម កាលពី​ថ្ងៃទី​១២ ខែកញ្ញា ថា​ជា​លទ្ធផល​ដ៏​ល្អ​មួយ ក្នុង​ការបន្ត​ជំរុញ និង​បង្កើន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋ បក្ស និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​រឹងមាំ​ឡើង​៕/V​