​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ជំនាញការ​អន្ដរជាតិ មកពី​ស្ថាប័ន​កីឡាអត្តពលកម្ម ពិភពលោក (World Athletics) លោក Oliver Scheer បានបង្ហាញ​ពី ចំណុច​ខ្វះខាត របស់​សហព័ន្ធ​ខ្មែរ អត្តពលកម្ម​ស្ម័គ្រចិត្ត គឺ​កត្ដា​ធនធានមនុស្ស ដែល​ត្រូវ​ពង្រឹង​បន្ថែម ដើម្បី​សម្រួច​គោលដៅ នា​ថ្ងៃ​អនាគត​។​

​ការលើកឡើង​នេះ បន្ទាប់ពី​លោក​បាន​ចូលរួម គម្រោងការ​អភិវឌ្ឍ​ប្រព័ន្ធ​កីឡា​ជាតិ សម្រាប់​កីឡាអត្តពលកម្ម ដែលជា​គម្រោង​ក្រោម​ជំនួយ​ឧបត្ថម្ភ របស់​អង្គការ​សាមគ្គី អូឡាំពិក តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ស្ថាប័ន អត្តពលកម្ម​ពិភពលោក និង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ នេះ​។​

​ក្រោយ​បញ្ចប់​គម្រោង​ខាងលើ អ្នកជំនាញ​ជាតិ​អូទ្រីស​រូបនេះ បានបញ្ជាក់​ថាៈ អ្វីដែល​យើង​មើលឃើញ គឺ​កត្ដា​ធនធានមនុស្ស ដើម្បី​ធ្វើការ​ជារួម និង​ការ​បង្កើតជា​គម្រោង តែដោយសារ​យើង​ខ្វះ​ធនធានមនុស្ស ធ្វើ​ឲ្យ​គម្រោង​ពិបាក​នឹង​ដំណើរការ​។ ក្នុងនោះ កម្រិត​ថ្នាល​យើង មិនទាន់មាន​អ្វី​ច្បាស់លាស់​។ នេះ​គឺជា​ភាពខ្វះខាត​មួយ ដែល​យើង​មិន​អាចមាន​លទ្ធផល​ល្អ​។ ក្រោយពី​បាន​វាយតម្លៃ ហើយក៏​មើលឃើញថា ស្ថានភាព​កន្លែង​ណាខ្លះ ដែល​យើង​ត្រូវ​លូតលាស់​បន្ថែម ហើយ​អ្វីខ្លះ​ដែល​យើង​ត្រូវបង្កើត ដោយសារ​ជាការ​សម្រួច​គោលដៅ​ទៅ​ថ្ងៃមុខ​។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានបញ្ជាក់​ថាៈ គម្រោង​ខាងលើ ផ្ដោត​សំខាន់​លើ​២ ចំណុច​គឺ ទី​១៖ ពាក់ព័ន្ធ​នឹង​ការរៀបចំ​ប្រព័ន្ធ នៃ​ការបង្ហាត់​របស់​គ្រូបង្វឹក និង​ទី​២៖​ការរៀបចំ​កែសម្រួល និង​អភិវឌ្ឍ គ្រប់គ្រង​រចនា សម្ព័ន្ធ​របស់​សហព័ន្ធ​។​

​តាម​ការបញ្ជាក់​របស់​អ្នកជំនាញការ​អន្ដរជាតិ​រូបនេះ គឺមាន​ចំណុច​ជាច្រើន ដែល​សហព័ន្ធ ត្រូវធ្វើ​ការពិនិត្យ និង​កែសម្រួល ហើយ​លោក​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ និង​ការបណ្ដុះបណ្ដាល ដើម្បី​អភិវឌ្ឍន៍​ទៅតាម​អ្វី ដែល​លោក​មើលឃើញ តាមរយៈ កិច្ចសហការ​ជាមួយ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

​លោក​បាន​បន្ដថាៈ សម្រាប់​គម្រោង​នេះ មាន​សារសំខាន់​ដោយសារ​យើង ត្រូវការ​មាន ជំនាញការ មកពី​អន្ដរជាតិ មានន័យថា ជំនាញការ​របស់​សហ​ព័ន្ធ​ពិភពលោក​តែម្ដង ដើម្បី​ធ្វើការ​វាយតម្លៃ ស្របទៅតាម​ប្រព័ន្ធ និង​ស្ដង់ដារ​របស់គាត់ ដែល​គាត់​មាន​ជា សូចនាករ​សំខាន់ៗ និង​ច្បាស់លាស់ ដើម្បី​កំណត់ថា តើ​ស្ថានភាព​របស់​សហព័ន្ធ​ខ្មែរ អត្តពលកម្ម ស្ថិតនៅ​កម្រិតណា​? ហើយ​ចំណុច​ណា ដែល​គាត់​ត្រូវធ្វើ​ការកែសម្រួល​? ហើយ​ត្រូវការ​កែសម្រួល​តាម​វិធី​ណា​? គាត់​នឹងមាន​វិធីសាស្ដ្រ​ច្បាស់លាស់ ដើម្បី​រៀបចំ និង​ពង្រឹង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម ទៀតផង​។​

​តាមរយៈ​គម្រោង ដែល​ឧបត្ថម្ភ​គាំទ្រ ដោយ​អង្គការ​សាមគ្គី​អូឡាំពិក​នេះដែរ លោក Oliver Schee នឹងធ្វើ​ដំណើរ​ទស្សនកិច្ច មក​កម្ពុជា​ម្ដងទៀត ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ ខាងមុខ ដើម្បី​ធ្វើ​សិក្ខាសាលា ស្ដីពី​ការវាយតម្លៃ​រចនា សម្ព័ន្ធ​/​យុទ្ធសាស្ដ្រ​គម្រោង និង​រៀបចំ​ប្រព័ន្ធ​នៃ ការ​បង្វឹក​ដល់​សហព័ន្ធ​ខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ព្រមទាំង​ការរៀបចំ​សិក្ខាសាលា បណ្ដុះបណ្ដាល​គ្រូបង្វឹក ប្រចាំ​ចំនួន ១២ លើក តាមរយៈ​ប្រព័ន្ធ Online ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ប៊ុ​យ សុ​ភ័​ណ្ឌ​៕/V​