​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​សាកសព​មនុស្ស​ប្រាំ​នាក់​ត្រូវបាន​រកឃើញ​នៅក្រោម​គំនរ​បាក់បែក​នៃអាគារ​កំពស់ប្រាំ​ជាន់​មួយ​នៅក្នុ​ង​រដ្ឋធានី​របស់​ហ្សកដានី​កាលពី​ថ្ងៃ​អង្គា​រ ។​មនុស្ស​១៤​នាក់​បាន​រង​​របួស​និង​ជាច្រើន​នាក់​ទៀត​នៅជាប់​ក្រោម​គំនរ​អាគារ​នៅឡើយ​។​

​អ្នកនាំពាក្យ​សន្តិសុខ​លោក អា​មែរ អាល់​-​សា​តា​វី​(Amer al-Sartawy)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​ការបាក់​អាគារ​ក្នុង​សង្កាត់​ចា​បាល់ អាល់​-​វ៉េ​ដេស​ក្នុង​រដ្ឋ​​ធានី​អា​ម៉ង់​​កើន​ដល់​ប្រាំ​នាក់​និង​១៤​នាក់​របួស​។​ការងារ​ជួយ​សង្គ្រោះ​និង​ស្វែងរក​ជនរងគ្រោះ​មាន​ការចូលរួម​ពី​កងកម្លាំង​ការពារ​ស៊ីវិល បញ្ជាការ​សន្តិសុខ​តំបន់​និង​ក្រុម​អាវុធហត្ថ​ ហើយវា​កំពុង​បន្ត​ធ្វើ។​

​បុគ្គលិក​ជួយសង្គ្រោះ​ស្វែងរក​ជនរងគ្រោះ​នៅ​ក្រោម​គំនរ​ថ្ម​នៃ​អាគារ​បាក់​នៅ​ទីក្រុង​អាម៉​ង់​កាលពី​ថ្ងៃ​អង្គារ​

​ប្រភព​ព័ត៌មាន​មួយ​មក​ពី​សេវា​ការពារ​ស៊ីវិល​បាន​និយាយថា មាន​មនុស្ស​នៅជាប់​ក្រោម​អាគា​របាក់នៅឡើយ តែ​មិន​ដឹង​ចំនួន​ប៉ុន្មាន​អោយ​ពិតប្រាកដ​ទេ​។​

​នាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​មហាផ្ទៃ សុខាភិបាល​និង​ព័ត៌មាន​ហ្សកដានី ក៏​បាន​ចុះទៅពិនិត្យ​មើល​ការងារ​ជួយ​សង្គ្រោះ​និង​ស្វែងរក​ជនរងគ្រោះ ហើយ​បាន​បញ្ជា​អោយ​អភិបាលក្រុង​អា​ម៉ង់​ធ្វើការ​ស៊ើប​​អង្កេត​រក​មូលហេតុ​នៃ​ការបាក់​អាគារ​នេះ​ នៅពេល​ឧបនាយករដ្ឋមន្ត្រី​ហ្សកដានី​បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​ថា ក្នុងចំណោម​មូលហេតុ​នៃ​ការបាក់​អាគារ​នេះ​គឺ​«​សំណង់​ចាស់​ទ្រុឌទ្រោម​»៕