ដោយ​: សុខុម / ស្ទឹងត្រែង​: អង្គការ​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍​អនុផល​ព្រៃឈើ (NTFP-EP) កម្ពុជា បាន​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​គោលបំណង​ជួយ​គាំទ្រ​ដល់​សហគមន៍​ចំនួន​៣ ក្នុង​ខេត្តស្ទឹងត្រែង និង​ក្រចេះ ដើម្បី​ជំរុញ​ឱ្យទទួល​បាន​ប្រាក់ចំណូល​ខ្ពស់ ពី​វិស័យ​ទេសចរណ៍​។

​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន​៣ រួមមានៈ ១.​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ , ២.​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​និង​៣.​សហគមន៍​អេកូ​ទេសចរណ៍​កោះ​៣០ ស្រុក​សំបូរ ខេត្តក្រចេះ​។​

​អង្គការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​អនុផល​ព្រៃឈើ​កម្ពុជា តាមរយៈ​គម្រោង​ការបង្កើន​គុណភាព ជា​គំរូ សម្រាប់​សហគមន៍​អេកូ​ទេសចរណ៍ តាម​ដង​ទន្លេមេគង្គ​លើ ដែល​ឧបត្ថម្ភ​ថវិកា ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) តាមរយៈ​គម្រោង​ព្រៃ​ឡង់​បៃតង់ (GPL) រយៈពេល​១៨​ខែ ចាប់ពី​ខែកក្កដា ឆ្នាំ​២០២១ ដល់​ខែធ្នូ ឆ្នាំ​២០២២ ហើយ​បានរៀបចំ​កញ្ចប់​ថវិកា​មួយចំនួន ក្នុង​គោលបំណង​បំពេញ បន្ថែម លើ​តម្រូវការ​ចាំបាច់​សម្រាប់​សហគមន៍​ទាំងនេះ NTFP-EP ទិញ​ជា​សម្ភារ គាំទ្រ​សេវាកម្ម​អេកូ​ទេសចរណ៍ ចែកជូន​សហគមន៍ ក្នុងការ​បង្កើន​ចំណូល​ចូល ឱ្យ​កាន់តែ​ប្រសើ​ឡើង ។

​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង និង​លោក ចាន់ សុគ​ន្ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ បាន​មានប្រសាសន៍​ស្រដៀង​គ្នា​ថាៈ លោក​គាំទ្រ ចំពោះ​អង្គការ​ដៃគូ ដែល​បាន​ជួយ​ដល់​សហគមន៍​។ តាមរយៈ​ការផ្ដល់​សម្ភារ​បម្រើ​ដល់ វិស័យ​ទេសចរណ៍ ទុក​សម្រាប់​បម្រើភ្ញៀវ ដែល​ទៅ​ទស្សនា​នៅតាម​សហគមន៍​។

​លោកស្រី ទេស ធា​ភី តំណាង​អង្គការ NTFP-EP ក​ម្ព​ជា បាន​និយាយថាៈ ចំពោះ​សម្ភារ​ដែល​ខាង​អង្គការ​បានផ្ដល់​ជូន​ដល់​សហគមន៍​ទាំងនេះ រួមមាន ១.​សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ ទទួលបាន​ទូក​កៃ​យ៉ាក់​ចំនួន​៦ តង់​បោះជំរុំ ចំនួន​១០​កំ​ប្លេ​រ និង​ផ្ទាំង​ក្តារ​ព័ត៌មាន​១ ។ ២.​សហគមន៍​អេកូ​ទេសចរណ៍​ភ្នំ​ជម្រក​សត្វ ទទួលបាន​កង់​ទេសចរណ៍ ចំនួន​៦​គ្រឿង និង​តង់​ចំនួន​១០​កំ​ប្លេ​រ និង​ផ្ទាំង​ក្តារ​ព័ត៌មាន ចំនួន​១ ។ ៣. សហគមន៍​អេកូ​ទេសចរណ៍​កោះ​៣០ ទទួលបាន​ទូក​កៃ​យ៉ាក់ ចំនួន​៣​ទូក កង់​ទេសចរណ៍​ចំនួន​៦​គ្រឿង តង់​បោះជំរំ​ចំនួន​១០​កំ​ប្លេ​រ និង​ផ្ទាំង​ក្តារ​ព័ត៌មាន​ចំនួន​១​។

​លោកស្រី បាន​និយាយ​បន្ថែមថាៈ សម្ភារ​ទាំងនេះ នឹង​ត្រូវបាន​ប្រើប្រាស់ ក្នុង​ក្របខណ្ឌ រួម​ដែល​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជ​ន៌​សហគមន៍​អេកូ​ទេសចរណ៍​តែប៉ុណ្ណោះ​។ សំភារ​ទាំងអស់នោះ អាច​បម្រើ​សេវាកម្ម​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​មក​កម្សាន្ត តាម​សហគមន៍​អេកូ​ទេសចរណ៍ ទាំងបី ខាងលើនេះ​។

​លោក ឃុ​ត សំអុល ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​កោះ​៣០ បាន​និយាយថាៈ ក្រោយពី​អង្គការ​ជួយ​ជា​សម្ភារ​ដល់​សហគមន៍ សម្រាប់​យកទៅ​ប្រើប្រាស់​ប​ម្រើ​ដល់ វិស័យ​ទេសចរណ៍​នោះ ពិតជា​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ចំណាយ​របស់​ស​ហគ​មន៍ បាន​មួយផ្នែកធំ​៕/V​