​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​កញ្ញា​ថា​ការនាំ​ចេញ​ស្បៀង​ពី​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​បានកើនឡើង​ចាប់​តាំងពី​កិច្ចព្រមព្រៀង​គ្រាប់​​ធញ្ញជាតិ​កាលពី​ថ្ងៃទី ២២ ខែកក្កដា ប៉ុន្តែ​ការនាំចេញ​ជី​ដែល​ត្រូវការ​យ៉ាង​ខ្លាំង​ពី​រុស្ស៊ី​នៅតែ​ធ្លាក់ចុះ បើទោះបីជា​វា​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​នេះ​ក៏​ដោយ​ខណៈ​ការ​ធ្វើ​ហិរញ្ញប្បទាន​និង​ការដឹកជញ្ជូន​​របស់​រុស្ស៊ី​នៅតែ​ជា​បញ្ហា​។​

​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់​អ​.​ស​.​ប លោកស្រី រី​បេកា ហ្គ្រី​ន​ស្ប៉ា​ន (Rebeca Grynspan)​ដែល​ដឹកនាំ​ក្រុម​មួយ​ដើម្បី​ព្យាយាម​ជួយ​សម្រួល​ដល់​ការទទួលបាន​ស្បៀងអាហារ​និង​ជី​រុស្សី​ជា​សកល​​ដោយ​គ្មាន​ការរារាំង បាន​និយាយថា រុស្ស៊ី​បាន​រាយការណ៍​ពី​ការកើនឡើង ១២ ភាគរយ​នៃ​ការនាំ​ចេញ​ស្បៀង​ពី​ខែ​មិថុនា​ដល់​ខែកក្កដា​។ ប៉ុន្តែ​ខណៈ​មាន “​វឌ្ឍនភាព​ដ៏​សំខាន់​នេះ​”​អ​.​ស​.​ប​មានការ​​ព្រួយបារម្ភ​អំពី​ការនាំ​ចេញ​ជី​ដែល​ត្រូវការ​ចាំបាច់​នៅ​ខែ​តុលា​និង​វិច្ឆិកា ដែល​ជា​ខែ​ចុងក្រោយ​បំផុត​សម្រាប់​រដូវ​ដាំ​ដុះ​នៅ​អឌ្ឍគោល​ខាងជើង​។​

​លោកស្រី​ហ្គ្រី​ន​ស្ប៉ា​ន​បាន​និយាយថា ជី​ឥឡូវនេះ​មាន​តម្លៃ​ខ្ពស់ជាង​បី​ដង​នៃ​តម្លៃ​ដែល​វា​ធ្លាប់​មាន​មុន​ពេល​ជំងឺ​រាតត្បាត​កូវី​ដ​១៩​វាយប្រហារ​នៅ​ដើមឆ្នាំ ២០២០ ដោយ​បន្ថែម​ថា​”​វិបត្តិ​លទ្ធភាព​ទិញ​ដែល​​យើង​កំពុង​មាន​នៅ​ពេល​នេះ​នឹង​ក្លាយជា​វិបត្តិ​ដ៏​មហន្តរាយ ប្រសិនបើ​យើង​មិន​ដោះស្រាយ​បញ្ហា​ជី​ទេនោះ​”​។​

​ជា​ឧទាហរណ៍ លោកស្រី​បាន​និយាយថា រដូវ​សាប​ព្រួស​សម្រាប់​ដំណាំ​ថ្មី​នៅ​អាហ្វ្រិក​ខាងលិច​បាន​ចប់​ហើយ ហើយ​ការដាំដុះ​បាន​ធ្លាក់ចុះ​ក្នុង​ភាគរយ​ដ៏​ខ្ពស់​ដោយសារតែ​តម្លៃ​ជី​។​

​លោកស្រី​ហ្គ្រី​ន​ស្ប៉ា​ន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​របស់​អ​.​ស​.​ប​តាម​វីដេអូ​ពី​ទីក្រុង​ហ្សឺ​ណែវ​ថា​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អ​.​ស​.​ប​បាន​រាយការណ៍​ថា​តម្លៃ​ស្បៀងអាហារ​បាន​ធ្លាក់ចុះ​ជា​សកល​​នៅក្នុង​ខែ​សីហា​សម្រាប់​រយៈពេល​ប្រាំ​ខែ​ជាប់ៗ​គ្នា​។ ប៉ុន្តែ​លោកស្រី​បាន​សម្តែង​ការព្រួយបារម្ភ​ថា ការថយចុះ​នេះ​មិន​ត្រូវបាន​គេ​មើលឃើញ​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ទេ​ហើយ​ជា​ពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍​​នៅ​តែ​ជួប​បញ្ហា​ជាមួយនឹង​តម្លៃ​ម្ហូបអាហារ​ខ្ពស់ ក៏ដូចជា​អតិផរណា ការធ្លាក់​ចុះ​តម្លៃ​រូបិយវត្ថុ និង​ការដំឡើង​អត្រា​ការប្រាក់​៕

​ការនាំ​ចេញ​ស្បៀងអាហារ​ពី​អ៊ុយ​ក្រែន​កើនឡើង​ចាប់តាំងពី​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២២ ខែកក្កដា