ដោយ​: និមល​/​ភ្នំពេញ​:​កាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ចូលរួម​ថ្លែង​សន្ទរកថា​បើក ក្នុង​កិច្ចប្រជុំ​ក្រុម​សកម្មភាព​ថ្នាក់​តំបន់​សម្រាប់​អាស៊ាន​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action Group for ASEAN) ក្រោម​ប្រធានបទ “​ផ្លូវ​របស់​អាស៊ាន​ឆ្ពោះទៅ​សេដ្ឋកិច្ច​ឌីជីថល​ប្រកបដោយ​ថាមវន្ដ បរិ​យាប​ន្ន និង​និរន្តរភាព​” ដែល​រៀបចំឡើង​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF)​។

​ក្រសួងពាណិជ្ជកម្ម នៅក្រោយ​ចប់​ពិធី​នេះ​បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​នាំយក​អ្នកវិនិយោគ និង​ប្រធាន​ក្រុមហ៊ុន​មួយចំនួន​មក​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ​និង​ឯកជន ក្នុង​ការជំរុញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រកបដោយ​ថាមវន្ដ បរិ​យាប​ន្ន និង​និរន្ដរភាព ក្នុង​តំបន់​អាស៊ាន​។​
​ជា​កិច្ច​ចាប់ផ្តើម លោក​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ចំពោះ វេទិកា​សេដ្ឋកិច្ចពិភពលោក WEF ដែល​បាន​អញ្ជើញលោក​ថ្លែង​សន្ទរកថា ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ​។ លោក បាន​គូសបញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​ទាញយក​កាឡានុវត្តភាព និង​ផលប្រយោជន៍​នៃ​ការរីកចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​ឌីជីថល ដែល​សកម្មភាព​របស់​រាជរដ្ឋាភិបាល រួមមាន​ដូចជា ការបង្កើត​គណៈកម្មាធិកា​រ​រដ្ឋាភិបាល​ឌីជីថល​, គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​ធុរកិច្ច​ឌីជីថល​, ការអនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥, ការបង្កើត​បញ្ជរ​តែមួយ​ជាតិ​និង​ចូលរួម ASEAN Single Windows, និង ការអនុវត្ត​ក្របខណ្ឌ​គោលនយោបាយ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥​។​

​លោក​រដ្ឋមន្ដ្រី បានលើកឡើង​អំពី​ការធ្វើសមាហរណកម្ម​ឌីជីថល​ក្នុង​កម្រិត​តំបន់​អាស៊ាន​បន្ថែម​លើ AEC Blueprint 2025 ដែលមាន​ដូចជា ផែនការមេ ICT អាស៊ាន ២០២០, ផែនការមេ​ស្ដីពី​ការតភ្ជាប់​អាស៊ាន ២០២៥, ក្របខណ្ឌ​អាស៊ាន​សម្រាប់​ការការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​, និង​ផែនការ​សកម្មភាព​យុទ្ធសាស្ដ្រ​អាស៊ាន​សម្រាប់​ការអភិវឌ្ឍ SME ២០២៥, កិច្ចព្រមព្រៀង​អាស៊ាន​ស្ដីពី ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, និង Bandar Seri Begawan Roadmap​។ លោក​ក៏បាន​លើកឡើង​ដែរ​ថា ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ កម្ពុជា​បាន​បង្កើត​នូវ​គំនិត​ផ្ដួចផ្ដើម​មួយចំនួន ដើម្បី​លើកកម្ពស់​ការធ្វើសមាហរណកម្ម​ឌីជីថល​អាស៊ាន ដូចជា ការសិក្សា​លទ្ធភាព​ម៉ូ​ដែល​បញ្ជូន​បច្ចេកវិទ្យា​សម្រាប់​គម្រោង​ពាក់ព័ន្ធ​នឹង SDGs ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​និរន្តរភាព និង​ក្របខណ្ឌ​សម្រាប់​ជំរុញ​កំណើន​នៃ Ecosystems សម្រាប់​អាជីវកម្ម​ឌីជីថល​ថ្មី​ក្នុង​តំបន់​អាស៊ាន​។ ក្នុងឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ថ្លែង​អំពី​សារសំខាន់​កិច្ចសហការ​រវាង​វិស័យ​រដ្ឋ​និង​ភាគី​ពាក់ព័ន្ធ ជាពិសេស​វិស័យ​ឯកជន ក្នុងការ​លើកស្ទួយ​បរិវត្ត​កម្ម​ឌីជីថល ដើម្បី​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​អាស៊ាន ប្រកបដោយ​បរិ​យាប​ន្ន និង​និរន្ដរភាព​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​បានចាត់ទុក​កិច្ចប្រជុំ​ថ្ងៃនេះ ដែល​ផ្តោតលើ​ផ្លូវ​របស់​អាស៊ាន​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​ប្រកបដោយ​ថាមវន្ដ បរិ​យាប​ន្ន និង​និរន្ដរភាព គឺជា​វេទិកា​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ផ្ដល់នូវ​ទស្សនទាន​ល្អៗ​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​រដ្ឋ​-​ឯកជន ក្នុង​តំបន់​អាស៊ាន​៕​សរន​/ N


រូបភាព៖ ក្រសួងពាណិជ្ជកម្ម ( លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចូលរួម​ផ្តល់​សន្ទរកថា​ក្នុង​កិច្ចប្រជុំ​ក្រុម​សកម្មភាព​ថ្នាក់​តំបន់​សម្រាប់​អាស៊ាន )