ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការស្លាប់ទីពីរនៅសហរដ្ឋអាម៉េរិកត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺអុតស្វាកាលពីថ្ងៃអង្គារទី១៣កញ្ញាខណៈអាជ្ញាធរសុខាភិបាលបានចេញផ្សាយការសិក្សាមួយដែលពណ៌នាអំពីរបៀបដែលបុរសវ័យក្មេងមានសុខភាពល្អពីមុនពីរនាក់បានជួបប្រទះការរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដោយសារតែឆ្លងមេរោគនេះ។
មានករណីឆ្លងអុតស្វានៅសហរដ្ឋអាម៉េរិកជិត ២២.០០០ នាក់នៅក្នុងការផ្ទុះឡើងជាសកលនាពេលបច្ចុប្បន្ននេះ ដែលបានចាប់ផ្តើមនៅក្នុងខែឧសភាប៉ុន្តែការឆ្លងថ្មីបានធ្លាក់ចុះចាប់តាំងពីពាក់កណ្តាលខែសីហា ដោយសារអាជ្ញាធរបានចែកចាយវ៉ាក់សាំងរាប់សិបម៉ឺនដូស។
នាយកដ្ឋានសុខភាពក្នុងតំបន់បាននិយាយថា ករណីស្លាប់ចុងក្រោយនេះគឺពាក់ព័ន្ធនឹងអ្នកស្រុកដែលមានភាពស៊ាំខ្សោយធ្ងន់ធ្ងរម្នាក់នៅក្នុងខ័ណ្ឌឡូសអាន់ជេឡេស (Los Angeles County) ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយមិនបានបង្ហាញព័ត៌មានលម្អិតអំពីករណីនេះទេ។
នាយកដ្ឋានបាននិយាយថា “អ្នកដែលមានភាពស៊ាំខ្សោយធ្ងន់ធ្ងរ ដែលគេសង្ស័យថាមានជំងឺអុតស្វា ត្រូវបានលើកទឹកចិត្តឱ្យស្វែងរកការថែទាំនិងការព្យាបាលទាន់ពេលវេលាហើយបានស្ថិតក្រោមការថែទាំរបស់អ្នកផ្តល់សេវាអំឡុងពេលមានជំងឺ”។
ការស្លាប់ដំបូងនៅសហរដ្ឋអាម៉េរិកដែលទាក់ទងនឹងជំងឺអុតស្វាបានកើតឡើងនៅក្នុងរដ្ឋតិចសាស់ ហើយត្រូវបានប្រកាសនៅថ្ងៃទី ៣០ ខែសីហា ប៉ុន្តែអាជ្ញាធរនិយាយថាខណៈអ្នកស្លាប់នោះមានភាពស៊ាំខ្សោយធ្ងន់ធ្ងរ ពួកគេកំពុងស៊ើបអង្កេតថាតើជំងឺអុតស្វាបានដើរតួនាទីអ្វីចំពោះការស្លាប់នេះ។
ការផ្ទុះអុតស្វាជាសកលនាពេលបច្ចុប្បន្ននេះកំពុងប៉ះពាល់ចំពោះបុរសដែលរួមភេទជាមួយបុរសដូចគ្នា។
ជាប្រវត្តិសាស្ត្រ មេរោគនេះឆ្លងរាលដាលតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយដំបៅ សារធាតុរាវក្នុងខ្លួន និងដំណក់ទឹកពីផ្លូវដង្ហើម ហើយជួនកាលឆ្លងដោយប្រយោលតាមរយៈផ្ទៃខាងលើនៃវត្ថុប្រើប្រាស់ ដូចជា គ្រែរួមគ្នាជាដើម។
ប៉ុន្តែនៅក្នុងការផ្ទុះអុតស្វាលើកនេះ មានភស្តុតាងបឋមបង្ហាញថា ការឆ្លងតាមការរួមភេទក៏អាចដើរតួនាទីផងដែរ៕
មានបុរសពីរនាក់ហើយស្លាប់ដោយសារអុតស្វានៅអាម៉េរិក