វើ​ល​ខាប់ ៖ គ្រូបង្វឹក​ជប៉ុន​ជំរុញ​កូនក្រុម​លេង​កុំ​បន្ធូរដៃ​ឱ្យ​ប៉ូឡូញ

1144
ចែករម្លែក

​គ្រូបង្វឹក​ជប៉ុន លោក អាគី​រ៉ា នី​ស៊ី​ណូ បាន​ព្រមាន​កីឡាករ​របស់គាត់​ថា គ្មានទេ​ក្រុម​ដែល​មកលេង​បាល់​បង្គ្រប់​តែ​កិច្ច​នៅ​វើ​ល​ខាប់​ទោះ​ធ្លាក់​ហើយ​ក្តី ខណៈដែល​ពួកគេ​ប៉ុនប៉ង​កក់​កៅអី​មួយ​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ពេល​ប៉ះ​ប៉ូឡូញ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

​កូនក្រុម​របស់លោក​នី​ស៊ី​ណូ​ចូលមក​ប្រកួត​បង្ហើយ​ជុំ​ចុងក្រោយ​ក្នុង​ពូ​ល H ជាមួយ​គោលបំណង​តែមួយគត់​គឺ​ឈ្នះ ប៉ុន្តែ​ព្រួយបារម្ភ​ថា ប៉ូឡូញ​ដែល​កំពុង​រងរបួស នឹងមិន​ព្រម​ចុះចាញ់​ទាំង​ពិន្ទុ​សូន្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​តារាបាល់ទាត់​ឆ្នើម​របស់​ប៉ូឡូញ រ៉ូបឺត ឡេ​វ៉ាន់​ដូ​វ​ស្គី ខកចិត្ត​ជាខ្លាំង​ដែល​មិនអាច​រកបាន​គ្រាប់​បាល់​នៅ​២​ប្រកួត​ដំបូង ប៉ុន្តែ​ជប៉ុន​ដឹង​ច្បាស់​ណាស់​ថា រូបគេ​នៅតែ​ប៉ុនប៉ង​ស៊ុត​ឱ្យបាន​យ៉ាងតិច​ក៏​មួយ​គ្រាប់​ដែរ​ក្នុង​វើ​ល​ខាប់​នេះ​។​

​លោក​នី​ស៊ី​ណូ​និយាយថា “​គ្មានទេ​រឿង​បែប​នោះ ដែលថា​វា​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​។ ខ្ញុំ​ប្រាកដ​ណាស់​ថា ប៉ូឡូញ​នឹង​លេង​ដើម្បី​មោទនភាព​របស់​ពួកគេ ហើយ​បន្ទាប់មក​គឺមាន ឡេ​វ៉ាន់​ដូ​វ​ស្គី ដែលជា​ខ្សែប្រយុទ្ធ​លំដាប់ថ្នាក់​ពិភពលោក ហើយ​ខ្ញុំ​ប្រាកដ​ណាស់​ថា រូបគេ​នឹង​ចេញមក​ស៊ុត​មួយ​គ្រាប់ ដូច្នេះ​យើង​ត្រូវតែ​ដោះស្រាយ​រឿងនេះ​ឱ្យ​ឆ្លាត​”​។​

​ជប៉ុន​ថ្ងៃនេះ​ទប់​ត្រឹមតែ​ស្មើ​ប៉ូឡូញ គឺ​គ្រប់គ្រាន់​នឹង​ឡើងទៅ​វគ្គ​បន្ទាប់ ខណៈ​សេ​ណេ​ហ្គា​ល់ និង កូ​ឡុំ​ប៊ី​ត្រូវ​ប្រកួត​ស៊ីសាច់ហុតឈាម​គ្នា​ក្នុង​ពូ​ល H៕ ដោយ៖ កញ្ញាដាលីស

គ្រូបង្វឹក​ជប៉ុន លោក អាគី​រ៉ា នី​ស៊ី​ណូ

ទីតាំងផ្សាយពាណិជ្ជកម្ម