ដោយៈ បូកគោ / កំពត​: តំណាង​ក្រុមហ៊ុន​ពូ​ចិន ខេ​ម​បូ​ឌា​,​អិ​ល​ធី​ឌី មាន​ទីតាំង​ស្ថិត នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច បានបញ្ជាក់​ថាៈ ក្រោយពី​រាជរដ្ឋាភិបាល គ្រប់គ្រង​កូ​វីដ​-១៩ បានល្អ​ប្រសើរ ក្រុមហ៊ុន​បានដាក់​ចេញ​នូវ ផែ​ក​ការ​បី​ឆ្នាំ (២០២២-២០២៤) ដោយ​ពង្រីក​ខ្លួន​ឲ្យ​ធំ​ជាង​បច្ចុប្បន្ន​ទ្វេដង ហើយ​ត្រូវការ​កម្មករ និយោជិត ប្រមាណ​មួយ​ម៉ឺន​បី​ពាន់​នាក់ បន្ថែមទៀត​។​

​លោកស្រី អុិន ស្រី​ភ័​ណ្ឌ បាន​រៀបរាប់ថាៈ រោងចក្រ​ពូ​ចិន បាន​បើក​ដំណើរការ ជិត​ប្រាំ​មួយឆ្នាំ មកហើយ​។ បច្ចុប្បន្ន ក្រុមហ៊ុន មាន​អគារ​ផលិតកម្ម ចំនួន​ប្រាំមួយ ដោយ​ប្រើប្រាស់​កម្លាំង កម្មករ និយោជិត សរុប ៧.៩០៩ នាក់ (​ស្រី ៦.៦១៦​នាក់​)​។ កន្លងមក ប្រតិបត្តិការ​ផលិតក​ម្ម​មានដំណើ​ការល្អ ទោះបី​ស្ថិតក្នុង​ដំណាក់កាល នៃ​វិបត្តិ​កូ​វីដ​-១៩​ក្តី ពោលគឺ ក្រុមហ៊ុន​នៅតែ​ផ្តល់​ការងារ​ជូន​កម្មករ និយោជិត ធ្វើ​ដោយ​ពុំបាន​ព្យួរ ឬ​អាក់ខាន​ឡើយ​។​

​លោកស្រី តំណាង​ក្រុមហ៊ុន បាន​បន្តថាៈ ក្រោយពេល​រាជរដ្ឋាភិបាល គ្រប់គ្រង ស្ថានភាព​កូ​វីដ​-១៩ បានល្អ​ប្រសើរ ក្រុមហ៊ុន​បានដាក់​ចេញ​នូវ​ផែ​ក​ការ ឆ្នាំ​២០២២-២០២៤ ដោយ​ពង្រីក​រោងចក្រ ឲ្យ​ធំ​ទ្វេដង និង​ត្រូវការ​កម្មករ និយោជិត ប្រមាណ​មួយ​ម៉ឺន​បី​ពាន់​នាក់​បន្ថែម​។ ពេលនេះ ក្រុមហ៊ុន​បាន និង​កំពុង​សាងសង់​អគារ​ថ្មី ហើយ​គ្រោង​នឹង​បើក​ដំណើរការ នាពេល​ឆាប់ៗ​ខាងមុខ​។​

​លោក អុី​ង ប៉ូ​ហេង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពត បានបញ្ជាក់​ថាៈ ក្រុមហ៊ុន​ពូ​ចិន ខេ​ម​បូ​ឌា​,​អិ​ល​ធី​ឌី មាន​អគារ​ផលិតកម្ម ចំនួន​ប្រាំបី ស្ថិតនៅលើ​ផ្ទៃដី​ប្រមាណ​ជាង ៨០ ហិកតា​។ រោងចក្រ​នេះ ផលិត​ស្បែកជើង សម្រាប់​នាំចេញ​ទៅ​ទ្វីបអឺរ៉ុប និង​សហរដ្ឋ​អា​រិ​ក​។​

​លោក​ប្រធាន​មន្ទីរ បាន​បន្តថាៈ ក្រុមហ៊ុន​ពូ​ចិន​បាន និង​កំពុង​សហការ ក៏ដូចជា គោរព​ច្បាប់​ការងារ​យ៉ាង​ល្អ ដោយ​ពុំមាន​បាតុភាព ស្តីពី​ការកៀបសង្កត់ ឬ​កេងប្រវ័ញ្ច ណាមួយ កើតឡើង​ទេ​៕ V / N