ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ការដាក់លូ និងស្ថាបនាផ្លូវបេតុងបឹងតាម៉ាត ទៅភ្ជាប់ផ្លូវ២១៧ ហៅផ្លូវចំការដូង ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោ ដែលមានប្រវែងជាង១គីឡូម៉ែត្រ គិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជាច្រើនភាគរយហើយ ដោយគ្រោងនឹងរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ខខាងមុខនេះ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះថា៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបាន និងកំពុងស្ថាបនាផ្លូវចាក់បេតុងផ្លូវបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រខាងលើ មានទទឹង៨ម៉ែត្រ កម្រាស់២តឹកនិងមានប្រវែងជាង១គីឡូម៉ែត្រ ។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវបេតុងបឹងតាម៉ាតនេះ ជាផ្លូវមានសារៈសំខាន់មួយក្នុងការរំដោះចរាចរចេញពីផ្លូវ៣៧១និងផ្លូវ២១៧ ហៅផ្លូវចំការដូង។ គិតត្រឹមថ្ងៃ១៤ កញ្ញានេះ ការដ្ឋានទាំងមូលសម្រេចបានជាច្រើនភាគរយហើយ ក្នុងនោះសម្រាប់ការងារដាក់លូ ទំហំ១ម៉ែត្រកន្លះx២ម៉ែត្រ និងការដាក់លូ ទំហំ១ម៉ែត្រនៅផ្លូវបេតុងនេះ ក្រមការងារដាក់លូ សម្រេចការងាររបស់ខ្លួន១០០%ហើយ ។ ចំណែកការងារស្ថាបនាផ្លូវបេតុងវិញ ការដ្ឋានទាំងមូលសម្រេចបាន៥០ភាគរយហើយដែរ ដោយគ្រោងនឹងស្ថាបនាអោយបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានស្រួល។
លោកសាំ ពិសិដ្ឋ ក៏បានបញ្ជាក់ទៀតថា ការដាក់លូ និងស្ថាបនាផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រនិងភូមិសំបួរ សង្កាត់ដង្កោនេះនឹងធ្វើអោយតំបន់នេះលែងទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងដូចពេលមុនទៀតហើយ ហើយការរំដោះចរាចរវិញក៏កាន់តែប្រសើរជាងមុនផងដែរ។
គួររំលឹកផងដែរ ដោយការគិតគូរ និងការយកចិត្តទុកដាក់ពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់លោកឃួង ស្រេង អភិបាលរាជធានី កាលពីព្រឹកថ្ងៃទី០២ធ្នូ ឆ្នាំ២០២១កន្លងនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះជាក់ស្តែង ហើយខណៈចុះពិនិត្យទីតាំងនេះ។ នាពេលនោះដែរ លោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញស្ថាបនាប្រព័ន្ធលូជាមុនសិន ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ បន្ទាប់មកត្រូវស្ថាបនាផ្លូវបេតុងតែម្តង។ តែអ្វីដែលជាការកត់សំគាល់ គឺការងារដាក់លូ គិតមកដល់ពេលនេះ សម្រេចបាន១០០%ហើយ។ ចំណែកការងារស្ថាបនាផ្លូវបេតុងសម្រេចបាន៥០ភាគរយហើយដែរ ដោយគ្រោងនឹងស្ថាបនាអោយបានរួចរាល់នៅមុនបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ៕