ដោយៈ​ប​.​ខុន / ភ្នំពេញៈ ព្យុះ​ទី​១៤ ឈ្មោះ ណាន់​ម៉ា​ដុល (Nanmadol) ដែល​កើតមាន ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក នៅ​ចន្លោះ​រវាង​ព្យុះ​ទី​១២ និង​ព្យុះ​ទី​១៣ កំពុង ធ្វើ​សកម្មភាព មានដំណើរ ទៅរក​ប្រជុំ​កោះ អូ​គី​ណា​វ៉ា ដោយមាន​ដំណើរ​រំកិល​យឺត​បំផុត គ្មាន​ឥទ្ធិពល​អ្វី​ដល់​ប្រទេស​កម្ពុជា ដូចជា​ព្យុះ​ទី​១២ និង​ព្យុះ​ទី​១៣ នោះដែរ​។ ប្រទេស​កម្ពុជា នៅពេលនេះ បន្ត​ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​បង្គួរ ធ្វើឱ្យមាន ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​ច្រើន នៅ​ទូទាំងប្រទេស​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ព្យុះ​ទី​១៤ ឈ្មោះ ណាន់​ម៉ា​ដុល (Nanmadol) ដែល​កើតមាន​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វិក នៅ​ចន្លោះ​រវាង ព្យុះ​ទី​១២ និង​ព្យុះ​ទី​១៣ មានដំណើរ​ទៅរក​ប្រជុំ​កោះ​អូ​គី​ណា​វ៉ា ដោយមាន​ដំណើរ​រំកិល យឺត​បំផុត គ្មាន​ឥទ្ធិពល​អ្វី​ដល់​ប្រទេស​កម្ពុជា ដូចជា​ព្យុះ​ទី​១២ និង​ព្យុះ​ទី​១៣ នោះដែរ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បានបញ្ជាក់​ថាៈ ព្យុះ​ទី​១២ ឈ្មោះ​មុយ​ហ្វា បន្តដំណើរ​តាម​ឆ្នេរ​របស់​ប្រទេស​ចិន ទៅរក​ព្រំប្រទល់​ប្រទេស​កូរ៉េ និង​ប្រទេស​ចិន បន្ទាប់ពី ឆ្លងកាត់​សមុទ្រ​លឿង​។ ឯ​ព្យុះ​ទី​១៣ វា​បាន​បន្តដំណើរ​លើ​ផ្ទៃសមុទ្រ​ប៉ាស៊ីហ្វិក ទៅ​ភាគ​ឦសាន​។ នៅ​ថ្ងៃទី​១៨ ខែកញ្ញា អាច​នឹង​បាន​ព្យុះ​ទី​១៥ មួយទៀត កើតឡើង នៅ​កន្លែង​ព្យុះ​ទី​១៤ បាន​កកើត ដល់ពេល​នោះ អាច​នឹង​ធ្វើឱ្យ​មានការ​ប្រែប្រួល​ដំណើរ របស់​ព្យុះ​ទី​១៤​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹងទៀតថាៈ ប្រទេស​កម្ពុជា នៅពេលនេះ បន្ត​ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប និង​ខ្យល់មូសុង​និរតី ក្នុង​កម្រិត​បង្គួរ ធ្វើឱ្យមាន ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​ច្រើន នៅ​ទូទាំងប្រទេស​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីអំពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ ) ដែល​នៅក្នុង​ស​ប្តា​ហ៌​នេះ​នឹង​រំកិល​ចុះឡើង​នៅ​ចន្លោះ​ពី​ភាគ​ខាងជើង​ប្រទេស​ថៃ ឡាវ វៀតណាម និង​ភាគ​កណ្តា​លអាង​ទន្លេមេគង្គ ជាមួយ​ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន ពី​ខ្សោយ​ទៅ​បង្គួរ ឱ្យមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ អាចមាន​ភ្លៀង​ច្រើន លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា​ពី ២៣ ទៅ ២៥ អង្សា​សេ និង សីតុណ្ហភាព អតិបរមា​មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ​អាចមាន​ភ្លៀង​ច្រើន​ដោយ​អន្លើ លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា​មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ក្នុងនោះ​តំបន់​ខ្លះ អាចមាន​ភ្លៀង​ច្រើន ដោយ​អន្លើ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា​ពី ២២ ទៅ ២៤ អង្សា​សេ និង​សីតុណ្ហភាព អតិបរមា​មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​យោងតាម​ស្ថានភាព​ធាតុអាកាស ដូចខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ជា​ព័ត៌មាន និង​បន្ត​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ជំនន់​ដែល​អាច​កើតមក ពី​បរិមាណ​ទឹកភ្លៀង​ច្រើន កន្លងមក និង​ភ្លៀង​ជា​បន្ត បន្ទាប់​បន្ថែម​ផ្ទួនៗ​៕ V / N