ដោយ​៖ ដេប៉ូ / ឥណ្ឌូណេស៊ី​៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​៖​លោក អ៊ិត សំហេង បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ការងារ​អាទិភាព​របស់ ក្រុមការងារ​មុខរបរ G20 នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ និង​មុខរបរ ប្រទេស G20 ក្រោម​ប្រធានបទ ” ការធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ ដើម្បី​រួមគ្នា​ស្តារឡើងវិញ​” រៀបចំ​ធ្វើឡើង នៅ​ទីក្រុង​បាលី សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​។​

​ថ្លែង​ក្នុង​ពិធី​ដែល​បានរៀបចំ​ឡើង នា​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ លោក អ៊ិត សំហេង បាន​សំដែង​នូវ​ការកោតសរសើរ និង​អបអរសាទរ ដល់​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ក្នុងឋានៈ​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ និង​មុខរបរ​ប្រទេស G20 ដែល​បានកំណត់ យក ” ការធ្វើឱ្យ​ប្រសើរ ឡើង​នូវ​លក្ខខណ្ឌ​ការងារ ដើម្បី​រួមគ្នា​ស្តារឡើងវិញ ” មក​ធ្វើជា​មូលបទ​រួម និង​ជ្រើសរើស​បញ្ហា អាទិភាព​ចំនួន ៤ ដែល​ពាក់ព័ន្ធ​នឹង​ការលើក កម្ពស់​ការងារ​សមរ​ម្យ សម្រាប់​ជនពិការ​, ការអភិវឌ្ឍ​សមត្ថភាព​ធនធានមនុស្ស​, ការបង្កើត​ការងារ ប្រកបដោយ​ចីរភាព និង​ការកែសម្រួល​គោលនយោបាយ​ការពារ ការងារ សម្រាប់​ការការពារ​អ្នកធ្វើការ​ទាំងអស់ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​បង្កើន​ភាព​ធន់ មក​ធ្វើជា​របៀបវារៈ​សម្រាប់​កិច្ចពិភាក្សា​នេះ​។ នេះ​ពិតជា ការឆ្លើយតប​យ៉ាង​ត្រឹមត្រូវ និង​ចំពេល​បំផុត​ចំពោះ​បញ្ហា​ដែល​យើង​បាន​នឹង​កំពុង​ប្រឈម ក្នុងកំឡុងពេល​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​បង្ក​ផលប៉ះពាល់ យ៉ាង​ធំធេង ជាស​កល​លើ​គ្រប់​វិស័យ រួមទាំង វិស័យ​ការងារ​ផងដែរ​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការស្តារ និង​ងើប​ឡើងវិញ​ចេញពី វិបត្តិ ដែលមាន​លក្ខណៈ​ពហុ​ទិដ្ឋភាព​នេះ ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ធំ សម្បើម​រួមគ្នា ទាំង​នៅ​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​អន្តរជាតិ​។ មិន​ខុសពី​ប្រទេស G20 ទេ អាស៊ាន ក៏បាន​សាមគ្គី និង​ធ្វើការ​រួមគ្នា​យ៉ាងសកម្ម ក្នុង​គោលដៅ​រួម​តែមួយ គឺ​ការរៀបចំ​ទុកជាមុន ឲ្យ​បាន​កាន់តែ​ប្រសើរឡើង នូវ​គោលនយោបាយ ស្តីពី​មុខរបរ និង​ការងារ ក៏ដូចជា កម្លាំង​ពលកម្ម​អាស៊ាន ដែលមាន​ភាព​ធន់ និង​បត់បែន​បាន​រហ័ស សម្រាប់​ការឆ្លើយតប​នឹង​ការ​ផ្ទុះឡើង ឬ​ការកើតឡើង​សារជាថ្មី នៃ​ជំងឺ​រាតត្បាត​, វិបត្តិ​សេដ្ឋកិច្ច ឬ​គ្រោះធម្មជាតិ នាពេល​អនាគត​។ ក្នុងន័យនេះ កម្ពុជា​បានជ្រើសរើស “​អាស៊ាន​រួមគ្នា​ធ្វើ​៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា​” មក​ធ្វើជា​មូលបទ​សម្រាប់ អាណត្តិ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ របស់ខ្លួន​ផងដែរ ដោយ​កំណត់​យក​ការចេញ “​សេចក្តី​ថ្លៃ​ង​ការណ៍​អាស៊ាន ស្តីពី​ចល័តភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម សម្រាប់​ពលករ​ទេស​ន្ត​រ​ប្រវេ​សក៍​អាស៊ាន​” ជា​គោលបំណង​អាទិភាព​មួយ ក្នុងចំណោម គោលបំណង​អាទិភាព​នានា​៕ V / N