​ដោយៈ​សន្ទុក​/​កំពង់ធំ​៖​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា​នៅក្នុង​រយៈពេល​៤២​ឆ្នាំ​មកនេះ​វត្តមាន​ប្រាក់រៀល បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការស្តារ និង​កសាង​អធិបតេយ្យភាព​សេដ្ឋកិច្ច និង​សង្គមជាតិ ជាពិសេស​ធ្វើឱ្យ​ប្រជាជន និង​វិនិយោគិន មាន​ជំនឿ​ទុកចិត្ត​កាន់តែ​រឹងមាំ​មកលើ​ប្រាក់រៀល ។​លោកស្រី​បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល​និង​ជា អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ប្រាក់រៀល​នៅ​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០២២ ។​

មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់ថា​នៅក្នុង​រយៈពេល​៤២​ឆ្នាំ​មកនេះ​វត្តមាន​ប្រាក់រៀល បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការស្តារ និង​កសាង​អធិបតេយ្យភាព​សេដ្ឋកិច្ច និង​សង្គមជាតិ

​លោកស្រី​បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ទៀតថា ក្នុង​ស្មារតី​គាំទ្រ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យ​កាន់តែ​មាន​ភាព ងាយស្រួល​និង​សុវត្ថិភាព​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិក​ជា​បន្តបន្ទាប់​ទន្ទឹមនឹង​វិធានការ​គាំទ្រ​ផ្សេងទៀត​។ ក្នុងចំណោម​ប្រព័ន្ធ​ទូទាត់​នានា ប្រព័ន្ធ​បាគង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​“​ប្លុក​ឆែ​ន​”​និង​ត្រូវបាន​ដាក់ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ឆ្នាំ ២០២០ ដែល​បាន​សម្រួល​ដល់​ការទូទាត់​ជា​ប្រាក់រៀល ឱ្យ​កាន់​តែមាន​ភាពងាយស្រួល សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

​លោកស្រី​បន្ត​ទៀ​ទន្ទឹមនេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​អភិវឌ្ឍ​ស្តង់ដារ ខេ​អេ​ច​ឃ្យូ​អរ​កូដ (KHQR)​សំដៅ​ពង្រឹង​ប្រសិទ្ធ ភាព​និង​សុវត្ថិភាព​នៃ​ប្រតិបត្តិកា​រទូ​ទាត់​ក្នុងស្រុក និង​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ដូចជា ប្រទេស​ថៃ និង​ម៉ាឡេស៊ី ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ក្នុង​ប្រតិបត្តិ​ការទូទាត់​ឆ្លង​ប្រទេស​។ ក្រៅពីនេះ ការគ្រប់គ្រង​ចរាចរ​ណ៍​ប្រាក់រៀល​ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​បំពេញតម្រូវការ​ប្រាក់រៀល​នៅតាម​តំបន់​នានា​នៅ​ទូទាំងប្រទេស​ហើយ​ក្រដាសប្រាក់​ចាស់​ទក់​រហែ​ក​ត្រូវបាន​ប្រមូល​ជាប្រចាំ​និង​ជំនួស​មកវិញ​ដោយ​ក្រដាស​ប្រាក់រៀល​ថ្មី​គ្រប់​ប្រភេទ​។

លោកស្រី​បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល​និង​ជា អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​

​លោកស្រី​បន្តថា ជុំវិញ​ការ​ចរាចរណ៍​ប្រាក់រៀល​នេះ ជាក់ស្តែង​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុងក្រោយ ប្រាក់រៀល​ក្នុង​ចរាចរណ៍ បាន​កើនឡើង ១៦​ភាគរយ​ប្រាក់​បញ្ញើ​ជា​រៀល​កើន ២៩​ភាគរយ​និង​ឥណទាន​ជា​រៀល​កើន ៣៨​ភាគរយ ជា​មធ្យម​ក្នុង​មួយឆ្នាំ ក្នុងនោះ​បើ​គិត​ក្នុង​រយៈពេល​៤២​ឆ្នាំ​កន្លងមកនេះ​វត្តមាន​របស់​ប្រាក់រៀល​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការស្តារ​និង​កសាង អធិបតេយ្យភាព​សេដ្ឋកិច្ច និង​សង្គមជាតិ តាមរយៈ​តួនាទី​ជា​ខ្នាត​តម្លៃ មធ្យោបាយ​ទូទាត់ និង​សន្សំ ។

​លោកស្រី​ឧបការី​បាន​បន្ថែមទៀតថា សមិទ្ធផល​គួរ​ជាទី​មោទនៈ​ទាំងនេះ មិនអាច​សម្រេច​បានឡើយ ប្រសិនបើ​ប្រទេស​កម្ពុជា មិនមាន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​ធ្វើឱ្យ​ប្រជាជន​និង​វិនិយោគិន​មាន​ជំនឿ​ទុកចិត្ត​កាន់តែ​រឹងមាំ​មកលើ​ប្រាក់រៀល​និង​អនាគត​នៃ​សេដ្ឋកិច្ចកម្ពុជា​។

​ក្នុង​ពិធី​នេះ​លោកស្រី ជា សិរី បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន រោងចក្រ ក្រុមហ៊ុន​-​សហគ្រាស​គ្រឹះស្ថាន​ធនាគារ​និង ហិរញ្ញវត្ថុ ប្រជាជន​ទូទៅ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​រួមចំណែក​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ប្រតិបត្តិការ​របស់ខ្លួន ដូចជា តាមរយៈ​ការទូទាត់ ការបិទ​ស្លាក​តម្លៃ​ទំនិញ និង​ការ​សន្សំ​ជា​ប្រាក់រៀល ព្រមទាំង​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ឱ្យបាន​កាន់ តែ​ច្រើន​ចំពោះ​ការប្រើប្រាស់​ប្រាក់រៀល​របស់​ជាតិ​យើងទាំងអស់គ្នា​ដូច​ពាក្យស្លោក​មួយ​ដែល​គ្របដណ្តប់​ជារួម​ពី​អត្ថន័យ​នៃ​សារៈសំខាន់​របស់​ប្រាក់រៀល​ថា​៖ “​ប្រាក់រៀល​តែមួយ លើកស្ទួយ​ទីផ្សារ ផ្លែផ្កា​សេដ្ឋកិច្ច​”៕​សរន​

​ប្រាក់រៀល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ស្តារ និង​កសាង​អធិបតេយ្យភាព​សេដ្ឋកិច្ច​