ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានប្រជុំពិនិត្យនីត្យានុកូលភាព និងបញ្ជាក់អនុលោមភាព លើគម្រោងថវិកា របស់រដ្ឋបាល ក្រុង ស្រុក ឆ្នាំ២០២៣ ។

លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថ ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ ផ្អែកលើមូលដ្ឋាននៃច្បាប់ ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើគម្រោងថវិកាថ្នាក់ក្រោមជាតិ ឆ្នាំ២០២៣ ត្រូវបានគ្រប់គ្រង និងអនុញ្ញាតនូវប្រភពធនធាន និងបន្ទុកចំណាយទាំងអស់ ដោយត្រូវធានាឲ្យបាននូវ តុល្យភាពថវិកា។ សម្រាប់ឆ្នាំ២០២៣ ចំណាយចរន្ត ថ្នាក់ក្រោមជាតិ ត្រូវបានកំណត់ត្រឹម ២,៥៦% នៃ ផ.ស.ស. និងថវិកាឧបត្ថម្ភពីថ្នាក់ជាតិ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្មើនឹង ១០០% នៃ ផ.ស.ស. ។

លោក បឹង គឹមសឹង បានបង្ហាញជូននូវរបាយការណ៍ នៃនីត្យានុកូលភាព និងបញ្ជាក់ អនុលោមភាព លើគម្រោងថវិការបស់រដ្ឋបាល ក្រុង ស្រុក ឆ្នាំ២០២៣ ដែលមាន ១. អនុវត្តចំណូល -ចំណាយថវិកា។ ២. ការវិភាជមូលនិធិក្រុង ស្រុក សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ ។

លោកប្រធានមន្ទីរ បានបង្ហាញពីបញ្ហាប្រឈម ដូចជា ការធ្វើរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ឆមាស មានការយឺតយ៉ាវ។ ការស្នើសុំទាយជ្ជទាន ដែលឧបត្ថម្ភថវិកាជាតិ សម្រាប់បំពេញតុល្យភាពថវិកា ប្រចាំត្រីមាស មានការយឺតយ៉ាវ ។ រដ្ឋបាលស្រុក មិនរៀបចំរបាយការណ៍សេវាប្រចាំខែ និងសំណើសុំនិយ័តភាពថវិកា មានការយីតយ៉ាវ។
ហេតុនេះ សំណូមពរសូមឱ្យលោក លោកស្រី ទទួលខុសត្រូវបន្ទុកខាងលើ សូមអនុវត្តឱ្យបានសម្រេចល្អឡើង ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ប្រភពចំណូល នៅមូលដ្ឋាន បានមកពីសារពើព័ន្ធ ចំណូលមិនមែនសារពើព័ន្ធ ចំណូលឧបត្ថម្ភពីថ្នាក់ជាតិ និងចំណូលផ្សេងៗទៀត ដែលកំណត់ដោយច្បាប់។

លោកបានបន្តទៀតថាៈ ថវិកាទាំងអស់នេះ នឹងយកទៅឧបត្ថម្ភមូលនិធិក្រុង ស្រុក ក្នុងកម្រិតអត្រា ១,៥% នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ឆ្នាំ២០២២។

ជាមួយគ្នានេះ រដ្ឋបាលក្រុងស្រុក ទទួលបានថវិកាឧបត្ថម្ភពីថ្នាក់ជាតិ សម្រាប់ចំណាយ អនុវត្តមុខងារ នៃការិយាល័យជំនាញរបស់មន្ទីរជំនាញខេត្ត ដែលបានធ្វើសមាហរណកម្ម ចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល ក្រុង ស្រុក ដែលមានចំនួន ២០ វិស័យ។

ក្នុងនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ នឹងបែងចែកចំណូលសារពើព័ន្ធ របស់រដ្ឋបាលខេត្ត ក្នុងអត្រា ៤% នៃចំណូលសារពើពន្ធរបស់រដ្ឋបាលខេត្ត ឆ្នាំ២០២២ ជូនរដ្ឋបាលក្រុង ស្រុក សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។

ដើម្បីឲ្យការរៀបចំគំរោងថវិកា អាចប្រព្រឹត្តទៅបានដោយរលូន គ្រប់ជ្រុងជ្រោយ និងអាចឈានទៅសម្រេចបានគោលដៅ នែការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ រដ្ឋបាលថ្នាក់ក្រោមជាតិ លោកអភិបាលខេត្ត បានណែនាំថាៈ មន្ត្រីពាក់ព័ន្ធ ត្រូវពង្រឹងការរៀបចំគម្រោងចំណូល ចំណាយថវិកា ដោយផ្អែកលើផែនការយុទ្ធសាស្ត្រ ថវិការសម្រេចរដ្ឋបាលខេត្ត និងកម្មវិធីនយោបាយ ៣ ឆ្នាំ​រំកិល សម្រាប់រដ្ឋបាលក្រុង ស្រុក និងនិយ័តករ ដើម្បីធានាប្រសិទ្ធភាពថវិកា និងការតម្រឹមជាមួយគោលបំណង អាទិភាព គោលនយោបាយជាតិ ។

ក្នុងន័យនេះ ការរៀបចំគំរោងថវិកាប្រចាំឆ្នាំ និងត្រូវពង្រឹងបន្ថែម ឲ្យមានលក្ខណៈគ្រប់ ជ្រុងជ្រោយ ដោយគ្របដណ្តប់ ប្រភពចំណូល និងចំណាយទាំងអស់ និងត្រូវផ្អែកលើ មូលដ្ឋានព័ត៌មានលទ្ធផល នៃការអនុវត្តឆ្នាំមុនៗ បែបបទ និងនីតិវិធីដែលបានកំណត់ និងគោលការណ៍ចំណាយ និងត្រូវផ្អែកលើមូលដ្ឋានព័ត៌មានលទ្ធផល នៃការអនុវត្ត ឆ្នាំមុនៗ និងនិតិវិធីដែលបានកំណត់ និងគោលការណ៍ចំណូលចំណាយ ចាំចាច់នានា ដើម្បីធានាឲ្យមានតុល្យភាពពិតប្រាកដ រវាងចំណូលចំណាយថវិកា ក្នុងការប្រើប្រាស់ ធនធានសាធារណៈ ឲ្យមានប្រសិទ្ធភាព និងសក្តិសិទ្ធភាព ។

លោក អ៊ុំ រាត្រី ក៏បានបញ្ជាក់នូវគោលការណ៍ ៦ ចំណុច ដែលអនុលោមតាមប្រកាស ណែនាំ ស្តីពីការៀបចំអនុម័ត និងអនុវត្តថវិកាក្រុង ស្រុក ដំណើរការត្រួតពិនិត្យអនុលោម ភាពលើគម្រោងថវិកា ធ្វើឡើងក្នុងគោលបំណងផ្ទៀងផ្ទាត់ ៕ V / N