​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជាថ្មី​បាន​ផ្ទុះ​ឡើង​រវាង​កងកម្លាំង​អា​ហ្ស៊ែ​របៃ​ហ្សង់​និង​អា​ម៉េនី កាលពី​ថ្ងៃ​ពុធ​ទី១៤កញ្ញានៅ​មួយថ្ងៃ​បន្ទាប់​ពី​ទាហាន​ជិត​១០០​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​​ការប្រយុទ្ធ​គ្នា​សម្លាប់​មនុស្ស​ច្រើន​បំផុត​រវាង​អតីត​សាធារណរដ្ឋ​សូ​វៀត​ទាំងពីរ​នេះ ចាប់តាំងពី​ឆ្នាំ​២០២០​។​

​យ៉ាងហោច​ណាស់​ទាហាន​អា​ម៉េនី​៤៩​នាក់​និង​អា​ហ្ស៊ែ​របៃ​ហ្ស​ង់​៥០​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ការប៉ះទង្គិច​កាលពី​ថ្ងៃ​អង្គារ ដោយ​ទាំង​រដ្ឋាភិបាល​ទីក្រុង​យ៉េ​រ៉េ​វ៉ាន​(Yerevan) និង​បា​គូ​(Baku)​បន្ទោស​គ្នា​​អំពី​ការប្រយុទ្ធ​គ្នា​ដែលនាំអោយ​មាន​ការអំពាវនាវ​ពី​ប្រធានាធិបតី​រុស្ស៊ី សុំ​អោយ​ស្ងប់ស្ងាត់​។​

​ការ​ប៉ះទង្គិច​គ្នា​នេះ​នាំអោយ​មាន​ការបារម្ភ​អំពី​ការផ្ទុះ​សង្គ្រាម​មួយ​ឈុត​ទៀត​នៅ​ព្រំដែន​នៃ​អតីត​សាធារណរដ្ឋ​សូ​វៀត​ពីរ​​នេះ នៅពេល​យោធា​រុស្ស៊ី​កំពុង​ជាប់ដៃ​នឹង​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​ជម្លោះ​ពេញធឹង​​ណាមួយ​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ទាញ​មហាអំណាច​ដូចជា​រុស្ស៊ី​និង​តួ​ក​គី​អោយ​ចូល​អន្តរាគមន៍ និង​ធ្វើអោយ​អស្ថិរភាព​របៀង​សំខាន់​មួយ​សំរាប់​បំពង់​បង្ហូរ​ប្រេង​និង​ហ្គាស​។​

​ក្រសួងការពារជាតិ​អាម៉េនីកា​លពី​ថ្ងៃ​ពុធ​បាន​ចោទប្រកាន់អា​ហ្ស៊ែ​រ​បៃ​ហ្សង់ ដែល​តួ​ក​គី​គាំទ្រ​ទាំង​យោធា​និង​នយោបាយ ថា​បាន​បាញ់កាំភ្លើង​ធំ កាំភ្លើងត្បាល់​និង​កាំភ្លើង​ដៃ​នៅក្នុង​ការវាយប្រហារ​ថ្មី​មួយ​។​​វា​បាន​បន្ថែមថា «​ស្ថានការណ៍​នៅ​ព្រំដែន​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់​នៅ​តានតឹង​។​អា​ហ្ស៊ែ​របៃ​ហ្សង់​បាន​វាយប្រហារ​លើ​ទឹកដី​អា​ម៉េនី​»​។​

​ក្នុងពេល​ជាមួយគ្នា អា​ហ្ស៊ែ​របៃ​ហ្ស​ង់ បាន​ចោទប្រកាន់​អា​ម៉េនី ដែល​មាន​សម្ពន្ធភាព​ជា​មួយ​រុស្ស៊ី និង​ជា​ជម្រក​មូលដ្ឋាន​យោធា​រុស្ស៊ី​មួយ ថា​បាញ់​កាំភ្លើងត្បាល់​និង​កាំភ្លើង​ធំ​លើ​កង​ឯកភាព​ទ័ព​របស់​ខ្លួន​។​​ក្រសួងការពារជាតិ​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ បាន​និយាយថា​«​ទីតាំង​របស់​យើង​រង​ការបាញ់​ផ្លោង​ដាក់​នៅ​ពេល​នេះ​។​កងឯកភាព​ទ័ព​របស់​យើង​ចាត់វិធានការ​តប​វិញ​ដោយ​ចាំបាច់​»៕

​អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់​ចោទប្រកាន់​ថា​ម្ខាង​បាញ់​ផ្លោង​ដាក់​ម្ខាង