ដោយ៖ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ/ភ្នំពេញ៖ខ្ញុំឈ្មោះ មាស ផាត អាយុ៦៧ឆ្នាំ ប្រកបរបរធ្វើស្រែចម្ការ មានស្រុកកំណើតនៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិឃុំនេះដដែល។ ខ្ញុំមានឪពុកឈ្មោះ ម៉ៅ វ៉ង់ និងមា្តយឈ្មោះ តន់ សុន និងមានបងប្អូន៨នាក់ (ស្រី៥នាក់) ហើយខ្ញុំគឺជាកូនទី៣ក្នុងគ្រួសារ។ បងប្អូនរបស់ខ្ញុំស្លាប់អស់បីនាក់។

ខ្ញុំរៀនត្រឹមថ្នាក់ទី១០ពីសង្គមចាស់នៅសាលាភូមិដើមបេង រួចក៏ឈប់រៀន ដើម្បីមកជួយធ្វើស្រែឪពុកម្តាយ និងជួយមើលថែប្អូន។ឪពុកខ្ញុំគឺជាអ្នកឡើងត្នោតហើយម្ដាយរបស់ខ្ញុំធ្វើស្រែចម្ការ។ក្រោយមកឪពុកខ្ញុំរបស់បានធ្លាក់ពីលើដើមត្នោតបណ្តាលឲ្យគាត់ពិការធ្វើការងារមិនកើតឡើយ។ម្ដាយរបស់ខ្ញុំបានខិតខំរកស៊ីចិញ្ចឹមកូនទាំងអស់នាពេលនោះ។

មាស ផាត អាយុ៦៧ឆ្នាំ សព្វថ្ងៃរស់នៅភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកនៅតាមជួរភ្នំក្បែរផ្ទះរបស់ខ្ញុំ។ ខ្ញុំនិងអ្នកភូមិដទៃទៀតរស់នៅមិន ស្ងប់សុខឡើយ។គ្រួសារខ្លះបានរត់គេចពីការទម្លាក់គ្រាប់បែកនេះនិងមិនដែលឃើញវិលត្រឡប់មកស្រុកកំណើតវិញឡើយ។ ប្រជាជនខ្លះទៀតនៅសម្ងំលាក់ខ្លួននៅក្នុងត្រង់សេក្បែរផ្ទះ នៅពេលមានការទម្លាក់គ្រាប់បែកម្តងៗ។ ខ្ញុំមិនរត់គេចទៅណាទេ គឺ ស៊ូទ្រាំរស់នៅក្នុងស្រុកកំណើតរហូតដល់ឆ្នាំ១៩៧៥។

នៅពេលរបបខ្មែរក្រហមឡើបកាន់កាប់អំណាច ខ្ញុំព្រមទាំងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅនៅភូមិភ្នំត្នោត ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ នៅទីនោះ ខ្មែរក្រហមប្រើខ្ញុំឲ្យជីកប្រឡាយ កាប់ព្រៃដាំដំឡូង និងដាំពោត។ បន្ទាប់មកទៀត ខ្មែរក្រហមបានជម្លៀសខ្ញុំឲ្យមកនៅភូមិខ្វាវ ឃុំតាអូរស្រុកគិរីវង់វិញនិងចាត់តាំងខ្ញុំឲ្យធ្វើស្រែជាមួយ សហករណ៍នៅទីនោះ។ ខ្ញុំត្រូវមកហូបរួមនៅរោងបាយ ប៉ុន្តែហូបមិនបានគ្រប់គ្រាន់ទេ។ ខ្ញុំមិនមានអំបិលហូបទេ ពេលខ្លះខ្ញុំយកដីដំបូកមកស្ងោររម្ងាស់ ហើយយកទឹកដែលបានពីការស្ងោររម្ងាស់នេះទៅស្លហូបព្រោះដីដំបូកមាន ជាតិប្រៃតិចៗ។

នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវខ្មែរក្រហមជម្លៀសម្តងទៀតឲ្យទៅនៅអង្គភាពស្រែអំបិល។ លើកនេះ ខ្ញុំទៅតែម្នាក់ឯង ចោលម្តាយរបស់ខ្ញុំនៅភូមិ។ អង្គភាពនេះ មានមនុស្សបីពាន់នាក់សុទ្ធតែស្រីទាំងអស់។ នៅរដូវប្រាំងខ្ញុំនិង អ្នកឯទៀតនៅក្នុងអង្គភាពធ្វើស្រែអំបិល។ ដល់រដូវវស្សា ខ្ញុំប្តូរទៅធ្វើចម្ការ គឺ ដាំពោត និងដាំដំឡូង។ខ្ញុំធ្វើជាកម្មករ ស្រែអំបិលនៅកែបបានរយៈពេល១ឆ្នាំ ក៏ប្តូរទៅធ្វើនៅអង្គភាពស្រែអំបិលខេត្តកំពតវិញ។ នៅឆ្នាំ១៩៧៩ខ្ញុំនិងអ្នក ធ្វើការនៅក្នុងអង្គភាពបានរត់ភៀសខ្លួនទៅកាន់ព្រំដែនថៃ កាត់តាមភ្នំឱរ៉ាល់ លាចនិងកន្លែងច្រើនទៀតដែល ខ្ញុំមិនស្គាល់។

មាស ផាត ផ្តល់បទសម្ភាសន៍អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមដល់ រឹម ស្រីស្រស់ អ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅតាមផ្លូវខ្ញុំឃើញមនុស្សស្លាប់ច្រើននិងអាណោចអាធ័មបំផុត។ខ្ញុំមិនមានបាយហូបទេ។ដូច្នេះខ្ញុំនិងអ្នករួមដំណើរ នាំគ្នាដើរជីកដំឡូងហាលទុកសម្រាប់ធ្វើស្បៀងពេលធ្វើដំណើរតាមផ្លូវ។ បន្ទាប់មកខ្ញុំជួបយោធាខ្មែរក្រហម ហើយយោធាទាំងនោះបាននាំខ្ញុំទៅកាន់ព្រំដែនថៃតាមផ្លូវសំឡូត។ទៅដល់ព្រំដែនអង្គភាពរបស់ខ្ញុំនៅសល់មនុស្សតែពីរនាក់ប៉ុណ្ណោះ គឺខ្ញុំ និងមិត្តនារីម្នាក់ទៀត។ ចំណែកអ្នកដទៃទៀតបានស្លាប់តាមផ្លូវអស់ហើយ។ នៅព្រំដែន ខ្ញុំប្រកបរបរធ្វើស្រែចម្ការ។ពេលអ៊ុនតាក់ចូលមកប្រទេសកម្ពុជានៅឆ្នាំ១៩៩៣ទើបខ្ញុំបានវិលត្រឡប់មកស្រុកកំណើតវិញ។ មកដល់ស្រុកកំណើត មេឃុំបានចែកដីឲ្យខ្ញុំធ្វើស្រែដើម្បីចិញ្ចឹមជីវិត។

ប៉ុន្តែខ្ញុំសោកស្តាយណាស់ដែលខ្ញុំមិនបានជួបមុខឪពុកម្តាយខ្ញុំ ព្រោះអ្នកទាំងពីរបានស្លាប់នៅឆ្នាំ១៩៧៩ ដោយសារជំងឺ៕សរន

ក្រុមអ្នកស្ម័គ្រចិត្តមជ្ឈមណ្ឌលឯកសារ ខេត្តតាកែវ សម្ភាសន៍ មាស ផាត អំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមនៅផ្ទះរបស់គាត់ស្ថិតនៅក្នុងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)