​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រីជាន់ខ្ពស់​អា​មេ​នី​ម្នាក់​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា អា​មេ​នី​និង​អា​ហ្សែ​របៃ​ហ្សង់​បាន​ចរចា​បទ​ឈប់​បាញ់​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា​ដែល​បាន​​សម្លាប់​ទាហាន ១៥៥ នាក់​ពី​ភាគី​ទាំងពីរ​។​

​លោក អា​មិន ហ្គ្រី​ហ្គោរី​យ៉ាន (Armen Grigoryan) លេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អា​មេ​នី បានប្រកាស​បទ​ឈប់​បាញ់​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ ដោយ​និយាយថា​វា​បាន​ចូល​ជា​ធរ​​មាន​ប្រាំ​ម៉ោង​មុន​នេះ គឺ​នៅ​ម៉ោង ៨ យប់​ម៉ោង​ក្នុងស្រុក​កាលពី​ថ្ងៃ​ពុធ​។​

​ការប្រកាស​បទ​ឈប់​បាញ់​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រយៈពេល​ពីរ​ថ្ងៃ ដែល​បាន​កត់សម្គាល់​ពី​ការ​ផ្ទុះ​ឡើង​ដ៏​ធំ​បំផុត​នៃ​អរិភាព​រវាង​សត្រូវ​យូរលង់​ទាំងពីរ​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​។​

​មិនយូរប៉ុន្មាន​មុនពេល​ការប្រកាស​របស់​លោក​ហ្គ្រី​ហ្គោរី​យ៉ាន ក្រុមបាតុករ​រាប់ពាន់​នាក់​បាន​ដើរ​តាម​ដងផ្លូវ​នៃ​រដ្ឋធានី​របស់​អា​មេ​នី ដោយ​ចោទប្រកាន់​នាយករដ្ឋមន្ត្រី នី​កូល ប៉ា​ស៊ីន​យ៉ាន (Nikol Pashinyan) ថា​ក្បត់​ប្រទេស​របស់​គាត់ ដោយ​ព្យាយាម​បំពេញចិត្ត​អា​ហ្សែ​របៃ​ហ្សង់​និង​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង​។​

​អា​មេ​នី​និង​អា​ហ្សែ​របៃ​ហ្សង់​បាន​ស្តីបន្ទោស​គ្នា​ចំពោះ​អរិភាព​នេះ ដោយ​អាជ្ញាធ​រអា​មេ​នី​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​បា​គូ​ថា​បាន​ធ្វើ​ការឈ្លានពាន​ដែល​គ្មាន​ការ​បង្កហេតុ​ហើយ​មន្ត្រី​អា​ហ្សែ​របៃ​ហ្ស​ង់​​និយាយថា​ប្រទេស​របស់​ពួកគេ​កំពុង​ឆ្លើយតប​ចំពោះ​ការបាញ់​ផ្លោង​របស់​អា​មេ​នី​។​

​លោកប៉ា​ស៊ីន​យ៉ាន​បាន​និយាយថា ទាហាន​១០៥​នាក់​ក្នុងប្រទេស​របស់លោក​ត្រូវបាន​សម្លាប់ ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ខណៈ​ដែល​អា​ហ្សែ​របៃ​ហ្សង់​និយាយថា​ខ្លួន​បាន​​បាត់បង់​ទាហាន​៥០​នាក់​។​

​អាជ្ញាធរ​អា​ហ្សែ​របៃ​ហ្សង់​និយាយថា ពួកគេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រគល់​សាកសព​ទាហាន​អា​មេ​នី​រហូតដល់ ១០០ នាក់​ដោយ​ឯកតោភាគី​៕

​នាយករដ្ឋមន្ត្រី​អា​មេ​នី លោក នី​កូល ប៉ា​ស៊ីន​យ៉ាន​