ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ លោក​ជា ពៅ​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា​បាន​និយាយថា​ទាំង​កីឡាករ និង​សហព័ន្ធ​មាន​ឆន្ទៈ​ខ្ពស់​ណាស់​ក្នុងការ​ហ្វឹកហាត់​ដើម្បី​​ត្រៀមខ្លួន​ប្រកួត​យក​មេដាយ​ជូន​ជាតិ ពី​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​លោក​បន្តថា​កីឡាករ​របស់លោក​ទទួល​បានការ​បណ្ដុះបណ្ដាល​ស​ម​ត្ថ​ភាព និង​បច្ចេកទេស​ជាប្រចាំ​។ សមត្ថភាព​កីឡាករ​នៅពេលនេះ​មានការ​រីកចម្រើន​ខ្លាំង ទាំង​អ្នក​នៅក្នុង​ស្រុក និង​អ្នក​ដែល​កំពុង​ហ្វឹកហាត់​នៅ​អាមេរិក​។​

​សូម​បញ្ចាក់​ថា​ពេលនេះ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​នៅពេលនេះ​មាន​កីឡាករ​​ជម្រើសជាតិ​សរុប​ច​១១​នាក់​ដែល​ក្នុងនោះ​មាន​ប្រាំមួយ​នាក់ (​កីឡាការិនី​បីនាក់​) កំពុង​ហ្វឹកហាត់​នៅ​អាមេរិក និង​ប្រាំ​នាក់​ហាត់​នៅ​កម្ពុជា​។ ទិសដៅ​របស់​សហព័ន្ធ​យើង​គឺ​បានកំណត់​រួចហើយ​ថា​ត្រូវតែ​យក​ឲ្យ​បាន​មេដាយ​​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ បើ​និយាយ​ពី​ផែនការ​របស់​យើង​វិញ​មិន​ហ៊ាន​កំណត់ថា​មេដាយ​​កម្រិតណា​ទេ​តែ​រាជរដ្ឋាភិបាល​បានកំណត់​រួចហើយ​ថា​សហព័ន្ធ​វាយ​កូន​បាល់​ត្រូវយក​ឲ្យ​បាន​មេដាយមាស យ៉ាងហោច​មួយគ្រឿង​ជូន​ជាតិ សម្រាប់​ស៊ី​ហ្គេម ២០២៣​។ សម្រាប់​កីឡាករ​យើង និង​សហព័ន្ធ​ផ្ទាល់​មាន​ឆន្ទៈ​ខ្ពស់​ណាស់​ក្នុងការ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុងការ​​ហ្វឹកហាត់ ដើម្បី​សម្រេច​ឲ្យ​បាន​តាម​គោលដៅ​ដែល​បានកំណត់​៕​