​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ដៃ​ដាក់​លើ​បេះដូង ប្រធានាធិបតី​អ៊ុ​យក្រែន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​បាន​មើល​ទង់ជាតិ​របស់​ប្រទេស​លោក​បង្ហូត​ឡើង​កាលពី​ថ្ងៃ​ពុធ​ទី​១៤​កញ្ញា​ពីលើ​ទីក្រុង​​អ៊ី​ហ្ស៊ី​យូ​ម (Izium) ដែល​ដណ្តើម​បាន​មក​វិញ ដោយ​បង្ហាញ​មុខ​ដ៏​កម្រ​នៅក្រៅ​រដ្ឋធានី ដើម្បី​គូសបញ្ជាក់​ពី​ការដកថយ​យ៉ាង​អាម៉ាស់​របស់​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ពី​ការវាយលុក​របស់​អ៊ុ​យក្រែន​។​

​កងកម្លាំង​រុស្ស៊ី​បាន​ចាកចេញ​ពី​ទីក្រុង​ដែល​ញាំញី​ដោយ​សង្គ្រាម​នេះ​កាលពី​សប្តាហ៍​មុន ខណៈ​ទាហាន​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​បាន​ជំរុញ​ការ​រុលទៅមុខ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដែល​បាន​ដណ្តើម​យក​មក​វិញ​នូវ​​ទឹកដី​ដ៏​ធំ​នៅក្នុង​តំបន់​ខា​គី​វ (Kharkiv) ភាគ​ឦសាន​របស់​អ៊ុ​យក្រែន​។​

​ខណៈ​លោក​ហ្សេ​លេន​ស្គី​សម្លឹងមើល​និង​ច្រៀង​ភ្លេង​ជាតិ ទង់ជាតិ​អ៊ុយ​ក្រែន​ត្រូវបាន​បង្ហូតឡើង​នៅ​មុខ​អគារ​សាលាក្រុង​ដែល​ឆេះ​ខ្ទេច​អស់​។ បន្ទាប់​ពី​ជិត​ប្រាំ​មួយខែ​ក្រោម​ការកាន់កាប់​របស់​រុស្ស៊ី​ទីក្រុង​​អ៊ី​ហ្ស៊ី​យូ​ម​ត្រូវបាន​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដោយ​អគារ​ផ្ទះល្វែង​ភាគច្រើន​បាន​ឆាបឆេះ​ខូច​អស់ និង​មាន​ស្នាម​ប្រហោង​ដោយសារ​កាំភ្លើង​ធំ​។​

​រណ្តៅ​ក្រហូង​មួ​យ​និង​គំនរ​កម្ទេច​ថ្ម​បានគរ​នៅ​កន្លែង​ដែល​អគារ​មួយ​បាន​ដួលរលំ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​ទិដ្ឋភាព​នេះ​គឺ​គួរឱ្យ​តក់ស្លុត​ណាស់ ប៉ុន្តែ​វា​មិន​គួរ​ឱ្យ​តក់ស្លុត​សម្រាប់​ខ្ញុំ​ទេ ព្រោះ​យើង​បានចាប់ផ្តើម​ឃើញ​រូបភាព​ដូចគ្នា​នេះ​ពី​ប៊ូ​ឆា (Bucha)​ពី​ទឹក​​ដី​ដែល​ត្រូវបាន​ដណ្តើម​បាន​មក​វិញ​ដំបូង​គេ​… អគារ​គឺ​ត្រូវបាន​បំផ្លាញ​ដូចគ្នា​អ៊ីចឹង មនុស្ស​ត្រូវបាន​សម្លាប់​”​។​

​ប៊ូ​ឆា​គឺ​ជា​ទីក្រុង​តូច​មួយ​នៅ​ជាយក្រុង​គៀវ ដែល​កងទ័ព​រុស្ស៊ី​បាន​ដកចេញ​ពី​ទីនោះ​ក្នុង​ខែ​មីនា​។ ក្រោយមក អាជ្ញាធរ​អ៊ុយ​ក្រែន​បាន​រកឃើញ​សាកសព​ជន​ស៊ីវិល​រាប់រយ​នាក់​បោះបង់​ចោល​តាមផ្លូវ ទីធ្លា និង​ផ្នូរ​ដ៏​ធំ​។ សាកសព​ភាគច្រើន​មាន​សញ្ញា​នៃ​ការ​ធ្វើ​ទារុណកម្ម​៕

លោក​ហ្សេ​លេន​ស្គី​ចូលរួម​ពិធី​បង្ហូតទង់ជាតិ​អ៊ុយ​ក្រែន​នៅ​ទីក្រុង​អ៊ី​ហ្សៀ​ម​កាលពី​ថ្ងៃ​ពុធ​