ដោយៈ សុផល / ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ បានឯកភាពគ្នា នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា ប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្ត រាល់កិច្ចព្រមព្រៀង ដែលរដ្ឋសភាប្រទេសទាំងពីរ ធ្លាប់បានឯកភាពគ្នា នាពេលកន្លងមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លោកបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានឯកភាពគ្នា ឱ្យមន្ត្រីជំនាញ ពិនិត្យសិក្សាថា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីឱ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង ក្នុងការបម្រើផលប្រយោជន៍ដល់ ប្រទេសទាំងសងខាង។
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ បានលើកឡើងពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ គ្នា ឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព លើគ្រប់វិស័យនេះ នៅក្នុងជំនួបពិភាក្សាការងារ ទ្វេភាគីរវាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកបណ្ឌិត សាយ សំភូន ភូមវិហាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋភាឡាវ ក្នុងឱកាសសម្តេច ប្រធានរដ្ឋសភា បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅក្នុងប្រទេសឡាវ។
លោកបណ្ឌិត សាយ សំភូន ភូមវិហាន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានសន្យាថា នឹងខិតខំជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក ឱ្យកាន់តែសកម្មឡើង នៅគ្រប់កម្រិត រួមទាំងថ្នាក់បច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រទេសទាំងពីរ ផងដែរ។ ប្រធានរដ្ឋសភាកម្ពុជា និងឡាវ ក៏បានសន្យាបន្តថែរក្សាសាមគ្គីជាប្រពៃណី និងបងប្អូនល្អ នៅក្នុងការគាំទ្រគ្នា នៅលើវេទិការអន្តរសភានានា ផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះ លោកបណ្ឌិត សាយ សំភូន ភូមវិហាន បានគោរពស្នើសុំ សម្តេចប្រធានរដ្ឋសភា ជួយជំរុញអ្នកវិនិយោគទុនកម្ពុជា ឱ្យមកបណ្ដាក់ទុន នៅក្នុងប្រទេសឡាវ បានច្រើនឡើង និងបានសូមឱ្យរដ្ឋសភាកម្ពុជា បន្តផ្តល់អាហារូបករណ៍ ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ តាមរយៈក្រុមមិត្តភាពសភា ប្រទេសទាំងពីរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើរបស់លោកប្រធានរដ្ឋសភា និងបានលើកឡើងថាៈ មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺជាទ្រព្យដ៏ មានតម្លៃមហាសាល ដែលផ្តល់នូវឧត្តមប្រយោជន៍ឧត្តុង្គឧត្តម ដល់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនទាំងសងខាង។
សម្តេចបានគូសបញ្ជាក់ថាៈ សម្តេចពិតជាមានមោទកភាព ដោយបានសង្កេតឃើញពី ការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ រហូតឈានទៅសម្រេចបាននូវការលើកកម្ពស់កម្រិតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ២០១៩ កន្លងទៅ។
សូមជម្រាបថា ឆ្លើយតបការគោរពអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា លោកបណ្ឌិត សាយ សំភូន ភូមវិហាន នឹងដឹកនាំគណៈប្រតិភួជាន់ខ្ពស់រដ្ឋសភាឡាវ មកបំពេញ ទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅកម្ពុជា នាខែវិច្ឆិកា ខាងមុខ និងអញ្ជើញចូលរួមមហា សន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ៕ V / N
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន