ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៤​កញ្ញា​ថា​ចំនួន​អ្នក​ស្លាប់​ដោយសារ​មេរោគ​កូរ៉ូណា​ទូទាំង​ពិភពលោ​កកាល​ពី​សប្តាហ៍​​មុន​គឺជា​ចំនួន​ទាប​បំផុត​ដែល​បាន​រាយការណ៍​នៅក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​ចាប់តាំងពី​ខែ​មីនា​ឆ្នាំ ២០២០​ដែល​ជា​ការកត់សម្គាល់​នូវ​អ្វី​ដែល​អាច​ជា​ចំណុចរ​បត់​មួយ​នៅក្នុង​ការផ្ទុះកូ​វីដជា​សកល​​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែ​វ អគ្គនាយក WHO លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស បាន​និយាយថា​ពិភពលោក​មិនដែល​បាន​មាន​ស្ថានភាព​ប្រសើរ​ជាង​នេះ​ទេ​ក្នុង​ការបញ្ឈប់​​កូវី​ដ​១៩​។​

​ដោយ​ប្រៀបធៀប​កិច្ចប្រឹងប្រែង​ដើម្បី​បញ្ចប់​កូវី​ដ​ទៅនឹង​អ្នករត់​ម៉ា​រ៉ា​តុង​ជិត​ដល់​ទី​ព្រ័ត្រ លោក​បាន​និយាយថា “​យើង​មិន​ទាន់​ទៅដល់​ទី​នោះ​ទេ ប៉ុន្តែ​ទីបញ្ចប់​កំពុង​មើល​ឃើញនឹងភ្នែក​ហើយ​។​ឥឡូវ​នេះ​គឺ​​ជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​ក្នុង​ការបញ្ឈប់​ការរត់​។ ឥឡូវ​នេះ​គឺជា​ពេលវេលា​ដើម្បីរ​ត់​ឱ្យ​កាន់តែ​ខ្លាំង ហើយ​ត្រូវ​ប្រាកដ​ថា​យើង​ឆ្លងកាត់​ខ្សែព្រ័ត្រ​ហើយ​ទទួលបាន​ពានរង្វាន់​ពី​ការខិតខំ​ប្រឹងប្រែង​របស់​​យើង​”​។​

​នៅក្នុង​របាយការណ៍​ប្រចាំ​សប្តាហ៍​របស់​ខ្លួន​ស្តីពី​ជំងឺ​រាតត្បាត ទីភ្នាក់ងារ​សុខភាពរ​បស់​អង្គការសហប្រជាជាតិ​នេះ បាន​និយាយថា ការស្លាប់​បាន​ធ្លាក់ចុះ ២២​ភាគរយ​ក្នុង​សប្តាហ៍​មុន ដែល​មាន​ត្រឹមតែ​ជាង ១១.០០០ នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​។ មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៣,១ លាន​ករណី ពោលគឺ​ធ្លាក់ចុះ ២៨​ភាគរយ​ដោយ​បន្ត​ធ្លាក់ចុះ​រយៈពេល​មួយ​សប្តាហ៍​នៃ​ជំងឺ​រាតត្បាត​នៅ​​គ្រប់​ផ្នែក​ទាំងអស់​នៃ​ពិភពលោក​។​

​ទោះយ៉ាងណា WHO បាន​ព្រមាន​ថា ការបន្ធូរបន្ថយ​ការ​ធ្វើតេស្តិ៍​និង​ការតា​មដាន​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ប្រទេស​ជាច្រើន មានន័យថា ករណី​ឆ្លង​ជំងឺ​នេះ​ជាច្រើន​នឹង​មិន​ត្រូវបាន​កត់សម្គាល់​ទេ​។​ទី​ភ្នាក់​​ងារ​នេះ​បាន​ចេញ​នូវ​គោលនយោបាយ​សង្ខេប​មួយ​សំណុំ​សម្រាប់​រដ្ឋាភិបាល​នានា​ដើម្បី​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូ​ណា​នៅ​មុន​ពេល​ការកើនឡើង​ករណី​ឆ្លង​កូ​វីដនៅ​រដូវរ​ងាដែល​គេ​រំពឹងទុក ដោយ​ព្រមាន​ថា មេរោគ​បំប្លែង​ថ្មី​នៅ​តែ​អាច​លុបចោល​វឌ្ឍនភាព​ដែល​បាន​ធ្វើ​ឡើង​រហូត​មក​ទល់​បច្ចុប្បន្ន​។​

​លោកតេ​ត្រូសបាន​និយាយថា “​ប្រសិនបើ​យើង​មិន​ចាប់​យក​ឱកាស​នេះ​ឥឡូវ​នេះ​ទេ យើង​នឹង​ប្រឈម​ហានិភ័យ​នៃ​មេរោគ​បំប្លែង​កាន់តែច្រើន ការស្លាប់​កាន់តែច្រើន ការរំខាន​កាន់តែច្រើន​និង​ភាព​​មិន​ប្រាកដប្រជា​កាន់តែច្រើន​”៕

​បុគ្គលិក​ពេទ្យ​កំពុង​យក​សំណាក​ពី​អ្នកស្រុក​នៅ​ទីក្រុង​គួ​យ​យ៉ាង ខេត្ត​គួ​យ​ចូ​វ ប្រទេស​ចិន កាលពី​ថ្ងៃទី ៥ កញ្ញា ឆ្នាំ​២០២២​