ដោយៈសុផល / ភ្នំពេញៈ នៅពេលបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែង ការគួរសមជាមួយលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយរដ្ឋមន្ត្រីឡាវ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងរដ្ឋធានីវៀងច័ន្ទ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា
លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ បានបង្ហាញក្តីសោមនស្សរីករាយ ដែលសម្តេចប្រធាន រដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលនេះ ដែលបានឆ្លុះបញ្ចាំង ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត រវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់មកនោះ។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងថាៈ ទោះបីនៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ រាតត្បាតយ៉ាងណាក្តី ក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ឡាវ បានដំណើរការ ទៅដោយរលូន។ លោកនាយករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ឯកឧត្តម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែជួបគ្នាគ្រប់ មធ្យោបាយ ដែលអាចជួបបាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាបងប្អូន រវាងប្រទេសទាំងពីរ ឱ្យបានជាប្រចាំ។ រដ្ឋាភិបាលប្រទេសទាំងពីរ បានកំពុងយកចិត្តទុកដាក់ លើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ពិសេសពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបលោកនាយករដ្ឋមន្ត្រី ពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លា ថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ សម្តេច បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវ សម្រេចបានក្នុងការកសាង និងអភិវឌ្ឍ សង្គមជាតិ មានការរីកចម្រើនឥតឈប់ឈរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនឡាវ កាន់តែល្អប្រសើរ ហើយកិត្យានុភាព និងតួនាទីរបស់មិត្តឡាវ កាន់តែត្រូវបានលើកកម្ពស់ នៅលើឆាកអន្តរជាតិ៕ V / N