ដោយ​៖ សុវណ្ណ​កុម្ភៈ /​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២ នេះ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ជម្រើសជាតិ​កម្ពុជា សរុប ១៦១​នាក់ លើ ១២ ប្រភេទ​កីឡា បានធ្វើ​ដំណើរ​ចាក​ចេញពី​មាតុភូមិ ឆ្ពោះទៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បោះជំរំ​ហ្វឹកហាត់ រយៈពេល​វែង ក្នុងការ​បង្កើន​សមត្ថ​ភាព និង​បច្ចេកទេស ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​ការ​ចេញទៅ​ហ្វឹកហាត់​នេះ ធ្វើឡើង​ក្រោម​ជំនួយឥតសំណង​របស់ រាជរដ្ឋាភិបាល និង​ប្រជាជន​ចិន ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​។​

​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវ​ហ្វឹកហាត់ រហូតដល់​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ប៉ុន្តែ​ក្រោយ​បញ្ចប់​បេសកកម្ម ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា បើសិន​គ្មាន​ការប្រែប្រួល​នោះទេ ពួកគេ​នឹង​ត្រឡប់​ទៅ​ហាត់​នៅ​ចិន​បន្ដទៀត រហូត​ចប់​កិច្ចព្រមព្រៀង រយៈពេល ២​ឆ្នាំ​។​

​មុន​ចាក​ចេញពី​មាតុភូមិ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា កន្លងទៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) រួមជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ក៏បាន​រៀបចំ​កម្មវិធី​ជួប សំណេះសំណាល និង​ជូន​ដំណើរ ដល់​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា ផងដែរ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ CAMSOC និង​លោក Wu Gouquan កុងស៊ុល ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម តំណាង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​។​

​លោក វ៉ា​ត់ ចំរើន បាន​ផ្ដាំផ្ញើ​ប្រតិភូ គ្រូ និង​កីឡាករ កីឡាការិនី មុន​ចេញដំណើរ​ថា ត្រូវ​យកចិត្តទុកដាក់​បំផុត និង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព ក្នុងការ​ហ្វឹកហាត់ ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់ខ្លួន ឲ្យ​ទទួលបាន​សិទ្ធ​ផល និង​គុណ​ផល កម្រិត​ខ្ពស់ សម្រាប់​ត្រៀម​ប្រជែង​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​។ លើសពីនេះ ក៏ត្រូវ​គោរព​ឲ្យ​បាន​នូវ​វិន័យ និង​សេចក្ដីថ្លៃថ្នូរ ដើម្បី​រក្សា​នូវ​កិត្តិយស​ជាតិ ជាពិសេស​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​យូរអង្វែង និង​រឹងមាំ​បន្ដទៀត រវាង​កម្ពុជា​-​ចិន​។​

​លោក​អគ្គលេខាធិការ បាន​មានប្រសាសន៍ថាៈ ការហ្វឹកហាត់​ជា​រឿង​ធម្មតា​របស់​យើង តែ​ត្រូវធ្វើ​រឿង​ធម្មតា​នេះ ឲ្យ​ក្លាយទៅជា​រឿង​អស្ចារ្យ សម្រាប់​ជោគជ័យ​នៃ​ជីវិត​របស់​យើង នៅក្នុង​អាជីព​ជា​កីឡាករ កីឡាការិនី​ជម្រើសជាតិ ហើយ​ការ​ទៅ​ហ្វឹកហាត់​លើក​នេះ គឺ​ក្នុងនាម​ជាតិ​ទាំងមូល ក្រោម​កិច្ចសហប្រតិបត្តិការ ក្នុង​កម្រិត​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល​។ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវគោរព​វិន័យ និង​សេចក្ដីថ្លៃថ្នូរ ដើម្បី​រក្សា​នូវ កិត្តិយស​នេះ ឲ្យ​ប្រទេស​ទាំងពីរ និង​ឆ្ពោះទៅរក​ជោគជ័យ​នា​ឆ្នាំ​២០២៣​។​

​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា ដែល​ចេញទៅ​ហាត់​នៅ​ចិន​ថ្ងៃនេះ គឺមាន​ប្រតិភូ ២​នាក់ ព្រមទាំង​គ្រូ និង​កីឡាករ កីឡាការិនី ១៥៩​នាក់ ដែល​មកពី​សហព័ន្ធ​កីឡា​កាយ សម្ព័ន្ធ (១១​នាក់​), យូ​ដូ (៥​នាក់​), វូ​ស៊ូ (១០​នាក់​), បាល់បោះ (១៥​នាក់​), វាយ​កូនឃ្លី​លើ​តុ (១០​នាក់​), អត្តពលកម្ម (២០​នាក់​), ចំបាប់ (១៥​នាក់​), វាយ​សី (១២​នាក់​), ហែល​ទឹក (១១​នាក់​), លើក​ទម្ងន់ (១០​នាក់​), បាល់ទាត់​-​នារី (២៥​នាក់​) និង​កីឡាបាល់ទះ (១៥​នាក់​)៕ V / N