ដោយៈ សុ​ក្ខា​រិ​ន / ពោធិសាត់​: ក្រុមប្រឹក្សា​ខេត្តពោធិ៍សាត់ បាន​បើក​កិច្ចប្រជុំ​សាម​ញ្ញា លើក​ទី​៣ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ចេង ឡៃ អភិបាល​ស្ដីទី នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ពិនិត្យ និង​អនុម័ត សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​២ ឆ្នាំ​ទី​៤ អាណត្តិ​ទី​៣ របស់​ប្រុម​ប្រឹក្សា​ខេត្ត , ពិនិត្យ​និង​អនុម័ត​សេចក្ដីព្រាង របាយការណ៍​ប្រចាំ​ខែសីហា ឆ្នាំ​២០២២ របស់​រដ្ឋបាលខេត្ត​, ពិនិត្យ​និង​អនុម័ត​គម្រោង ថវិកាខេត្ត សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២៣, របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​នានា របស់​ក្រុមប្រឹក្សា​ខេត្ត និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។

​អង្គប្រជុំ បានលើកឡើង​នូវ​បញ្ហា​មួយចំនួន ដូចជា អគារសិក្សា​ចាស់​ទ្រុឌទ្រោម បារម្ភ​ខ្លាច​បាក់​ធ្លាក់ បង្ក​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស ដែល​កំពុង​អង្គុយ​រៀនសូត្រ​។​
​ការឧបត្ថម្ភ​ថវិកា​ដល់​គ្រូ​សហគមន៍ នៅមានកម្រិត​ទាប​ដដែល​។ ផ្លូវ​សំខាន់ៗ ក្នុង​ទីប្រជុំជន​ខេត្ត គួរតែមាន​គំនូស​សញ្ញា​ចរាចរណ៍ ដើម្បី​ងាយស្រួល​ដល់​អ្នកបើកប​រ​។ ការបើក​ស្ថានីយ៍​ប្រេងឥន្ធនៈ ក្នុង​ទីប្រជុំជន​ខេត្ត បង្ក​ហានិភ័យ ពេល​មាន​គ្រោះ​អគ្គិភ័យ កើតឡើង​ម្ដងៗ​។ ដោយឡែក សារៈមន្ទីរ​ខេត្តពោធិ៍សាត់​សព្វថ្ងៃ ទុកចោល ហាក់បីដូចជា គ្មាន​ចំណាប់អារម្មណ៍​អ្វី ពី​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទាល់ តែ​សោះ​។​

​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​យន្តការ ដឹកនាំ​របស់លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែល​ធ្វើ​ឲ្យ​ខេត្តពោធិ៍សាត់ មានការ​អភិវឌ្ឍន៍​ប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់​។​

​លោក​សូម​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា ចុះ​ពិនិត្យ​អគារសិក្សា ដែលមាន​សភាព​ចាស់ ទ្រុឌទ្រោម រាយការណ៍​ទៅ​ក្រសួង ឬ​អង្គការ​ដៃគូ​នានា ដើម្បី​ជួយ​សាងសង់ ហើយ​ជួយ ឧ​ត្ថ​ម្ភ​ដល់​គ្រូ​សហគមន៍ យ៉ាងហោចណាស់ ឲ្យ​បាន ៣០ ម៉ឺន​រៀល ក្នុង​មួយខែ​ផងដែរ​។

​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រូវ​រៀបចំ​សារមន្ទីរ ឲ្យ​បានល្អ​ឡើងវិញ ដោយ​មានការ​លាបថ្នាំ តុបតែង​ភ្លើងពណ៌ មានការ​តាំងពិព័រណ៍​រូបចម្លាក់ ឯកសារ​ផ្សេងៗ និង​ការបង្ហាត់បង្រៀន​សិល្បៈ​ជាដើម​។​

​ជាមួយគ្នានេះ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សូម​ឲ្យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត ជួយ​ជំរុញ​ការសាងសង់​អគារ​ក្រុមប្រឹក្សា​ខេត្ត និង​បំពាក់គ្រឿងសង្ហារឹម និង​សម្ភារៈប្រើប្រាស់ ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មាន​កន្លែងធ្វើការ​ត្រឹមត្រូវ ដូច​បណ្ដា​ខេត្ត​ផ្សេងៗ​ដែរ​៕ V / N