ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ត្រីសាលារាជធានី ព្រមទាំងខណ្ឌទាំង១៤ មន្ទីរនានាជុំវិញសាលារាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី១៥ កញ្ញានេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បិតា ញាតិការទាំង ៧ សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាមួយនឹងការវេរបច្ច័យប្រគេន ទៅព្រះសង្ឃ បានប្រមាណជាង ៣៥ លានរៀល សំរាប់កសាងទីអារាមវត្តនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី
ក្នុងពិធីនោះ លោកអភិបាលរាជធានីភ្នំពេញ និងលោកស្រី បានប្រគេនទេយ្យទាន ជាច្រើនមុខ ចំពោះព្រះសង្ឃ ដូចជាសាដកចំនួន ២២ (២១អង្គ+០១អង្គទេសនា) បាយបត្តបូរ ចំនួន១២ , មីចំនួន ៣០កេស ទឹកក្រូច ចំនួន ៥០កេស ទឹកបរិសុទ្ធចំនួន ១០០ កេសអង្ករ ចំនួន ១០០ គីឡូក្រាម ស្ករស ៥០គីឡូក្រាម ផ្លែឈើ ៤ កន្ត្រក ត្រីខកំប៉ុង១កេស ទឹកដោះគោខាប់ ១កេស ក្រណាត់ស ចំនួន ២០ដុំ និងថវិកា ៤០.០០០ រៀលបច្ច័យប្រគេនព្រះសង្ឃ ២១២ អង្គ ក្នុង១អង្គ ចំនួន ៥០.០០០ រៀល បច្ច័យប្រគេនព្រះចៅអធិការវត្ត ចំនួន ៤០០.០០០ រៀល បច្ច័យព្រះសង្ឃទេសនា ១អង្គ ចំនួន ២០០.០០០ រៀល បច្ច័យលោកអាចារ្យ ចំនួន ២០០.០០០ រៀល ពុទ្ធិកយុវជន (សិស្ស និស្សិត) ៥០នាក់ ក្នុង១នាក់ ចំនួន ២០.០០០ រៀល និងវេរបច្ច័យ ប្រគេនបច្ច័យ ជូនទៅព្រះសង្ឃ សំរាប់កសាងទីអារាមវត្តនេះ ចំនួន ២៩.៥៧០.០០០ រៀល និងប្រាក់ ដុល្លារ ១.៥៤០ ដុល្លារ ដែលសរុបទាំងប្រាក់រៀល និងដុល្លារ មានចំនួនប្រមាណជាង ៣៥ លានរៀល ។
គួរបញ្ជាក់ថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្ត ដឹកអ្នកដំណើរ រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ចំនួន១៧៥គ្រឿង ចាំដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយមិនគិតប្រាក់ ដើម្បីជួយសំរាល ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ។ ជាមួយគ្នានោះ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ កុំតម្លើងថ្លៃ ការធ្វើដំណើរ ទៅស្រុកកំណើត ក្នុងស្ថានភាពដែលបងប្អូនជួបការខ្វះខាត ៕ V / N