​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មីក្រូ​ឈីប​ថ្មី​របស់​ក្រុមហ៊ុន Tesla នឹង​មាន​ភាព​វៃឆ្លាត​ជាង​មនុស្ស​នៅ​ត្រឹម​ឆ្នាំ ២០៣៣​ខណៈ​ដែល​ថាមពល​នៃ​ប្រព័ន្ធ​ដំណើរការ​របស់​វា​បច្ចុប្បន្ន​មាន​កម្រិត​​រហូតដល់​ទៅ ៣៦ ភាគរយ​នៃ​ខួរក្បាល​របស់​មនុស្ស​។​

​មីក្រូ​ឈីប D1 អាច​គ្រប់គ្រង​ប្រតិបត្តិការ​បាន ៣៦២ ទ្រី​លាន​ក្នុង​មួយ​វិនាទី ចំណែក​ខួរក្បាល​របស់​មនុស្ស​មា​ន​សមត្ថភាព​ប្រតិបត្តិការ ១ ក្វា​ទ្រី​លាន (Quadrillion) ក្នុង​មួយ​វិនាទី​(​តួលេខ​​នេះ​មាន​សូន្យ ១៥) នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ជួល​រថយន្ត​និង​ឡាន​ដឹក​ភ្ញៀវ Vanarama ។​

​ក្រុមហ៊ុន​បានធ្វើការ​ទស្សន៍ទាយ​ដោយ​វិភាគ​មីក្រូ​ឈីប​របស់ Tesla ពី​អតីតកាល​និង​បច្ចុប្បន្ន ដោយ​រក​ឃើញ​ថា​សមត្ថ​ភាព​របស់​មីក្រូ​ឈីប​កំពុង​កើន​ឡើង​ក្នុង​អត្រា ៤៨៦ ភាគរយ​ក្នុង​មួយឆ្នាំ​។​

​ក្រុមហ៊ុន​របស់លោក អេ​ឡុន ម៉ាស គ្រោង​នឹង​បញ្ចេញ​បន្ទះ​ឈីប D1 ថ្មី​ដែល​ជា​ផ្នែក​មួយ​នៃ​វេទិកា​កុំព្យូទ័រ​ទំនើប Dojo របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​ហើយ​វា​នឹង​ក្លាយជា​ផ្នែក​សំខាន់​នៃ​ប្រព័ន្ធ​បើកបរ​ដោយ​​ខ្លួនឯង​ឈ្មោះថា Autopilot របស់​ក្រុមហ៊ុន ខណៈ​ដែល​ក្រុមហ៊ុន​បន្ត​អភិវឌ្ឍ​ទៅ​មុខ​ទៀត នេះ​បើ​យោងតាម Vanarama ។​

​ក្នុង​គ្រា​ដែល​វា​អាច​នាំ​អ្នក​ទៅ​អាន​ក្រាហ្វិក​ខាងលើ​បាន (​ដូច​បង្ហាញ​ក្នុង​រូប​ពណ៌​ខៀវ​) បន្ទះ​ឈីប D1 នឹង​បំពេញ​ប្រតិបត្តិការ​បាន ៧,៦ ក្វា​ទ្រី​លាន​។​

​ខួរក្បាល​មនុស្ស ដែល​រីក​មាឌ​បី​ដង​ក្នុង​អំឡុងពេល​កើត​ឆ្នាំ​ដំបូង​រហូត​ឈានដល់​ភាព​ពេញវ័យ​នៅ​អាយុ ២៥ ឆ្នាំ គឺ​ផ្ទុក​នូវ​ណឺរ៉ូន (neuron) ប្រហែល ១០០ ពាន់​លាន​។​

​អ្នកស្រាវជ្រាវ​បាន​និយាយ​ជា​យូរ​មក​ហើយ​ថា​នឹង​មាន​ពេលវេលា​មួយ​ដែល AI នឹង​មាន​សមត្ថភាព​លើស​បញ្ញា​របស់​មនុស្ស ទោះបីជា​មាន​មតិ​ជាច្រើន​លើកឡើង​ថា​រឿង​បែប​នោះ​នឹង​មិន​ងាយ​កើតឡើង​ឆាប់ៗ​ក៏ដោយ​។​

​ក្រុមហ៊ុន Vanaram និយាយថា “​វា​មិនមែន​ជា​រឿង​ឆ្កួត​ទេ​ដែល​ជឿ​ថា​បច្ចេកវិជ្ជា​នឹង​ឆ្លាត​ជាង​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​យើង​។​មីក្រូ​ឈី​បបច្ចុប្បន្ន​មាន​សមត្ថ​ភាព​ដំណើរការ​ដូចដែល​ខួរក្បាល​​ដំណើរការ​ដែរ ពីព្រោះ​អ្នកស្រាវជ្រាវ​បាន​បង្កើត​បន្ទះ​ឈី​បដែល​ត្រូវបាន​បំផុសគំនិត​ដោយ​របៀប​ដែល​ខួរក្បាល​ដំណើរការ​”​។​

​បន្ទះ​ឈីប​មុននេះ ដែល​គេ​ស្គាល់​ថា Hardware 3 អាច​គ្រប់គ្រង​ប្រតិបត្តិការ​បាន ១៤៤ ទ្រី​លាន​ក្នុង​មួយ​វិនាទី​ក្នុង​ឆ្នាំ ២០១៩​។ មុន​នោះ Hardware 2 អាច​គ្រប់គ្រង​ប្រតិបត្តិការ​បាន ៧២ ទ្រី​លាន​។ មីក្រូ​ឈីប D1 គឺ​ខ្លាំង​ជាង​ឧបករណ៍ Nvidia ដែល​គេ​ប្រើ​កាល​ពី​ប្រាំមួយ​ឆ្នាំមុន រហូត ៣០ ដង​។​

​ដោយ​ក្រឡេក​មើល​អត្រាកំណើន​បែប​នោះ ក្រុមហ៊ុន Vanarama បាន​ពន្យល់ថា Tesla នឹង​ចំណាយ​ពេល​ត្រឹមតែ ១៧ ឆ្នាំ​ដើម្បី​ឈាន​ដល់​កម្រិត​នៃ​ខួរក្បាល​មនុស្ស​ចាស់ទុំ គិត​ចាប់ពី​ការចាប់ផ្តើម​នៃ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​៕

​ឡាន Tesla នឹង​ឆ្លាត​ជាង​មនុស្ស​នៅ​ត្រឹម​ឆ្នាំ ២០៣៣