ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ សមត្ថកិច្ច​ថៃ អនុវត្តតាម​សាលដីកា​របស់​ក​ម្ព​ជា សហ​ការចុះ​ឃាត់ខ្លួន​បុរស​ម្នាក់ លើ​សំណុំរឿង​បាញ់សម្លាប់​សង្សារ​ស្លាប់​នៅ​ភ្នំពេញ កាលពី​ឆ្នាំ​២០២០ រួច​រត់គេចខ្លួន​ចូល​ប្រទេស​ថៃ​។​

​ប្រភពព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​តំបន់​ព្រំដែន ខេត្តបាត់ដំបង បាន​បង្ហើប​ឲ្យ​ដឹងថាៈ ក្រោម​កិច្ចសហការ​ទប់ស្កាត់​ប​ង្ក្រា​ប​បទល្មើស​ផ្សេងៗ កម្លាំងយោធា​របស់​ថៃ បាន​ចុះ​អនុវត្ត​ដីកា​ឃាត់ខ្លួន​បុរស​ម្នាក់ នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ នៅត្រង់ចំណុច​បរិវេណ​ភូមិ​៧ ឃុំ​ថា​ឆាង ស្រុក​មឿង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ក្រោយពី​ជនសង្ស័យ បាន​បាញ់សម្លាប់​មិត្តស្រី​របស់ខ្លួន កាលពីដើមឆ្នាំ​២០២០ ហើយ​រត់គេច​ទៅសម្ងំ​ជ្រកកោន ដោយ​ខុសច្បាប់ ធ្វើជា​កម្មករ នៅលើ​ទឹកដី​ថៃ រហូតមក​។​

​ជនសង្ស័យ​មានឈ្មោះ យឿន វ៉ាន់​ដេ​ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជា​អតីតមន្ត្រី​យោធា​។ ជនបង្ក​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ​កាំភ្លើងខ្លី បាញ់​ទៅលើ​ក្បាល​សង្សារ​របស់ខ្លួន ពិតប្រាកដ​មែន ដែល​កើតឡើង​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ បណ្តាលឱ្យ​ស្លាប់ ព្រោះតែ​នារី​រងគ្រោះ បាន​ទៅរក​រឿង និង​ស្រែក​ឡូឡា រំខាន​ខ្លួន ពេលដែល​ខ្លួន​បែកចិត្ត នៅ​ជាមួយ​នារី​ផ្សេង​ម្នាក់ទៀត​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ថៃ បាន​នឹង​កំពុង​ទំនាក់ទំនង​មក​ខាង​ភាគី កម្លាំង​ជំនាញ​អន្តោប្រវេសន៍ ដើម្បី​រៀបចំ​ឯកសារ បញ្ជូន​ជនដៃដល់ មកឱ្យ​កម្ពុជា ចាត់ការ​តាមផ្លូវ​ច្បាប់​៕/V​

ជនសង្ស័យ​មានឈ្មោះ យឿន វ៉ាន់​ដេ​ត​ ដែលបាន​បាញ់សម្លាប់​មិត្តស្រី​របស់ខ្លួន កាលពីដើមឆ្នាំ​២០២០