​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ លោក ផាត់​តា​ណា​ផន មីន​ថា​ឃី​ន (Pattanapon Minthakhin) ហៅ “​ឌី​ជេ​មែន​” (DJ Man) និង​ភរិយា​ជា​តារាចម្រៀង នាង សូ​ធីវ៉ាន់ ថា​វី​ស៊ីន (Suteewan Thaweesin) ហៅ “​បៃ​ទើយ​” (Baitoey) កាលពី​ថ្ងៃ​ពុធ​ទី​១៤​កញ្ញា​បាន​ចូល​បង្ហាញ​ខ្លួន​នៅ​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស (DSI) ដើម្បី​ស្តាប់​ការចោទប្រកាន់​ចំនួន​បី​​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​នៅ​ក្រុមហ៊ុន​ជួញដូរ​ហិរញ្ញវត្ថុ Forex-3D ឈ្មោះថា Ponzi​។​

​ប្តី​ប្រពន្ធ​នេះ​បាន​ជួប​អ្នក​ស៊ើបអង្កេត DSI នៅ​ម៉ោង ២ រសៀល​កាលពី​ថ្ងៃ​ពុធ​។

​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ជូនដំណឹង​ដល់​ពួកគេ​ពី​ការចោទប្រកាន់​ចំនួន​បី​គឺ ការ​សមគំនិត​គ្នា​ដើម្បី​ទទួលបាន​ប្រាក់កម្ចី​បោកប្រាស់ ការ​បោក​បញ្ឆោត​សាធារណជន​និង​ការបញ្ចូល​ព័ត៌មាន​មិន​ពិត​​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​។​

​ប្តី​ប្រពន្ធ​នេះ​បាន​បដិសេធ​រាល់​ការចោទប្រកាន់ ហើយ​និយាយ​ថា ពួកគេ​នឹង​ផ្តល់​ភស្តុតាង​ដើម្បី​ជំទាស់​នឹង​ការចោទប្រកាន់ និង​បញ្ជូន​ឯកសារ​គាំទ្រ​ទៅ​អ្នក​ស៊ើបអង្កេត DSI​នៅ​ថ្ងៃទី ៣០ ខែ​កញ្ញា​។ បន្ទាប់ពី​ស្តាប់​ការចោទប្រកាន់​និង​ស្ថិត​ក្រោម​ការសាកសួរ​រួចមក ពួកគេ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ទៅ​ផ្ទះ​វិញ​។​

​តួអង្គ​ជាប់​សង្ស័យ​ពីរ​នាក់​ផ្សេងទៀត​ក្នុង​ការបោកប្រាស់​ទាក់ទង​នឹង Forex-3D នឹង​ត្រូវ​ស្តាប់​ការចោទប្រកាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​ទោះយ៉ាងណា ពួកគេ​បាន​ស្នើសុំ​ឱ្យ​ពន្យារ​ជួប​រហូត​ដល់​ថ្ងៃ​សុក្រ​ស្អែក នេះ​បើ​យោងតាម DSI ។​

​គូស្នេហ៍​ជា​តារា​ល្បី​នេះ​បាន​ចូល​ហ្វេ​សប៊ុក​នៅ​ថ្ងៃទី ២០ សីហា​ដើម្បី​និយាយថា​ពួកគេ​មិន​ដែល​បញ្ចុះបញ្ចូល​ឱ្យ​នរណា​ម្នាក់​វិនិយោគ​លើ Forex-3D​ទេ ហើយ​មិន​ត្រូវបាន​ចុះបញ្ជី​ជា​ដៃគូ​អាជីវកម្ម​នៅក្នុង Forex-3D Co ទេ​។​

​ក្នុង​ឆ្នាំ ២០១៩ DSI បាន​កោះហៅ​ប្តី​ប្រពន្ធ​នេះ​ឱ្យ​បំភ្លឺ​អំពី​ទំនាក់ទំនង​របស់​ពួកគេ​ជា​មួយ​បុរស​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​នៅ​ពីក្រោយ Forex-3D ឈ្មោះ អា​ពី​រុក កូ​ធី (Apiruk Kothi) ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆបោក​ប្រាក់​រាប់ពាន់​លាន​បាត​។​

Forex-3D បាន​អះអាង​ថា​ជា​ឈ្មួញ​តាម​អ៊ិន​ធឺ​ណិ​ត​ផ្នែក​ប្តូរ​ប្រាក់​បរទេស ជាមួយនឹង​វេបសាយ​ឆើតឆាយ​មួយ ប៉ុន្តែ​មិន​ត្រូវបាន​ចុះបញ្ជី​ទេ និង​ដំណើរការ​ជា​គ្រោង​ការបោកប្រាស់ ។​

​កាលពី​ខែ​មុន តារា​សម្តែង​ស្រី នាង សា​វី​កា ឆាំ​យ៉ា​ដេត (Savika Chaiyadej) ហៅ ភីង​គី (Pinky) អាយុ ៣៦​ឆ្នាំ ម្តាយ និង​ប្អូនប្រុស​របស់​នាង ត្រូវបាន​ចោទប្រកាន់​និង​ត្រូវបាន​​បដិសេធ​មិន​ឱ្យ​នៅក្រៅ​ឃុំ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​ប្រតិបត្តិការ​ឆបោក​យកលុយ​២​ពាន់​លាន​បាត​ពី​មនុស្ស​រាប់ពាន់​នាក់​៕

លោក ផាត់​តា​ណា​ផន មីន​ថា​ឃី​ន និង​ភរិយា​ជា​តារាចម្រៀង នាង សូ​ធីវ៉ាន់ ថា​វី​ស៊ីន ត្រូវបាន​ចោទ​ពី​បទ​ឆបោក

 

ហៅ ភីង​គី និង ម្តាយ កំពុងជាប់ឃុំដោយសារជាប់ពាក់ព័ន្ធនឹងគំរោងឆបោកនេះដែរ