ដោយៈសុផល/ភ្នំពេញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយក្នុងរយៈពេលប្រាំពីរ ខែក្នុងឆ្នាំ២០២២ មានរថយន្តអគ្គិសនីសរុបចំនួន ៣០៥ គ្រឿងបានចុះបញ្ជីធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។បង្ហាញ ថា​មានការកើនឡើងប្រមាណ ១.៨០៦ភាគរយ ។ នេះបើតាមការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី(EV Charging Station)នៅក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០២២ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី(EV Charging Station)នៅក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០២២ ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកើនឡើងនូវការប្រើប្រាស់រថយន្តអគ្គិសនីនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវ ការយល់ដឹងនិងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋលើការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា ។

លោកទេសរដ្ឋមន្ត្រីបន្តថា ការប្រើប្រាស់រថយន្តអគ្គិសនីមានគុណសម្បត្តិល្អច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈ ដោយពន្ធ នាំចូលលើរថយន្តអគ្គិសនីនេះមានតម្លៃទាបជាងពន្ធនាំចូលនៃរថយន្តប្រើប្រេងឥន្ធនៈ។ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្ត អគ្គិសនីចំណេញថាមពលច្រើនជាងរថយន្តប្រើប្រេងឥន្ធនៈដល់ទៅបីដង។ ចំណែកការជួសជុល ការថែទាំ មានការចំណាយ តិចដោយសារគ្រឿងបន្លាស់រថយន្តអគ្គិសនីមានចំនួនតិច។ ជាពិសេសជាងនេះទៀតការប្រើប្រាស់រថយន្តអគ្គិសនីមិនបំភាយ ឧស្ម័នពុលទៅក្នុងបរិយាកាសនិងមានសំឡេងស្ងាត់ល្អទៀតផង ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំតាក់តែងលិខិតបទដ្ឋាន គតិយុត្ត គោលនយោបាយនិងយុទ្ធសាស្ត្រ ជាតិសម្រាប់គ្រប់គ្រងនិងអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជានិង បានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជនវិនិយោគលើ ការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ។ជាពិសេសនៅតាមស្ថានីយលក់ ប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់យានយន្តបានគ្រប់ពេលវេលា ។

គួរជម្រាបថា គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ២០២២ ក្រសួងបានដាក់ឱ្យដំណើរការនូវស្ថានីយបញ្ចូលថាមពលយានយន្ត អគ្គិសនីបានចំនួនបីទីតាំង។ ក្នុងនោះ ៖ ទីតាំងទី ១. ស្ថិតនៅក្នុងទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ,ទីតាំងទី២. ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ និងទីតាំងលើកទី ៣. ស្ថិតនៅក្នុងក្រុងសៀមរាបនាពេលនេះ ។

ក្រសួងសាធារណការនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ទី៤.នៅខេត្តបាត់ដំបងដែលជាជំនួយរបស់ អង្គការយូអិនឌីភី(UNDP) ដើម្បីជំរុញលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានច្រើននៅក្នុង ប្រទេស៕សរន / N