ដោយៈសុផល/ភ្នំពេញលោកបណ្ឌិត គីតាអូកា ស៊ីនិឈិជាអ្នកជំនាញការពិសេសខាងនយោបាយនិងការទូតទំនើប របស់ប្រទេសជប៉ុននិងជាអតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(ចៃកា,JICA)នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ទីភ្នាក់ងារចៃកា។

ប្រភពដដែលបញ្ជាក់ថា ក្នុងនាមជាទីប្រឹក្សាពិសេសរបស់ប្រធានទីភ្នាក់ងារចៃកា លោកបណ្ឌិត គីតាអូកា នឹងចូលជួប​សម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។លោក បណ្ឌិតគ្រោងចុះទស្សនកិច្ចនៅស្ថាប័នមួយចំនួនដែលជាគម្រោងសហប្រតិបត្តិការ របស់ទីភ្នាក់ងារចៃកាដូចជាវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា និងមន្ទីរពេទ្យសាន់រ៉ាយ។

សេចក្តីប្រកាសបានបន្ថែមថាក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជាលោកបណ្ឌិតគីតាអូកានឹងផ្តល់ការបង្រៀនជាពិសេសចំនួន២វគ្គ នៅវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR)ក្រសួងការបរទេសនិងទំនាក់ទំនងអន្តរជាតិសម្រាប់ មន្ត្រីពាក់ព័ន្ធ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)សម្រាប់សមាជិកនៃសមាគមអតីតកម្មសិក្សាការីចៃកា កម្ពុជា និងអ្នកទទួលអាហារូបករណ៍ផ្សេងទៀតដែលបានសិក្សានៅប្រទេសជប៉ុន។ ការបង្រៀននេះ គឺជាផ្នែកមួយនៃ ” JICA Chair” ដែលជាកម្មវិធីចៃកាសម្រាប់ការសិក្សាប្រទេសជប៉ុន ស្វែងយល់ពីបទពិសោធន៍ទំនើបភាវូបនីយកម្មនិងការអភិវឌ្ឍ របស់ប្រទេសជប៉ុន ដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ និងវប្បធម៌។

មកដល់បច្ចុប្បន្នប្រជាជនកម្ពុជាប្រមាណ ១.០០០នាក់ បានចុះឈ្មោះចូលរៀនថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅប្រទេសជប៉ុន ដោយមានជំនួយពីទីភ្នាក់ងារចៃកា។ ក្នុងអំឡុងពេលកាន់តំណែងជាប្រធានទីភ្នាក់ងារចៃកា របស់លោកបណ្ឌិត គីតាអូកា ឱកាសអាហារូបករណ៍ចៃកាជាច្រើនត្រូវបានបង្កើតឡើង និងកម្មវិធីសិក្សាអភិវឌ្ឍន៍របស់ចៃកា (JICA-DSP) បានចាប់ផ្តើមនៅឆ្នាំ២០០៨ ដោយសហការណ៍ជាមួយសាកលវិទ្យាល័យដៃគូរបស់ចៃកានៅប្រទេសជប៉ុន។ តាមរយៈ JICA-DSPអ្នកទទួលអាហាររូបករណ៍ចៃកាទទួលបាននូវការយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រទេសជប៉ុនក្នុងអំឡុងពេល
សិក្សានៅប្រទេសជប៉ុន ហើយប្រើប្រាស់ចំណេះដឹងរបស់ពួកគេក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។
ចៃកាបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាយើងរំពឹងថាអ្នកទទួលអាហាររូបករណ៍ចៃកាម្នាក់ៗនឹងដើរ
តួយ៉ាងសំខាន់ក្នុងតួនាទីជាអ្នកដឹកនាំក្នុងវិស័យរៀងៗខ្លួនបន្ទាប់ពីការត្រលប់មកវិញដោយជំរុញទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងរវាងកម្ពុជា និងជប៉ុន៕សរន / N