ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់មេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ ឲ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាពទឹកជំនន់ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថា បងប្អូនយើងទទួលបាន នូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងនេះរបស់លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងពិធីបូកសរុបការងារលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថាៈ ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់ មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនប្រទេសជាតិ មាតុភូមិ គឺអាជ្ញាធរ សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយក ចិត្តទុកដាក់ ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារ របស់អតីតយុទ្ធជន ឲ្យបានល្អថែមទៀត ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់របស់ បងប្អូនអតីតយុទ្ធជនមាន គុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ជូនជាតិមាតុភូមិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់ ប្រធានសមាគមអតីត យុទ្ធជនខេត្តកំពង់ធំ រួមទាំងអាជ្ញាធរដែនដី បានខិតខំស្វះស្វែងរកក្រុមគ្រួសារ អតីតយុទ្ធជន ដែលកំពុងតែខ្វះខាត រួមទាំងអស់ជម្រកយ៉ាងល្អប្រសើរ។
បច្ចុប្បន្ននេះ អតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ បានសាងសង់ផ្ទះ ឲ្យប្រាកដរហូតដល់ ១៤៤ ខ្នងផ្ទះ នឹងទទួលបានដីស្រែចម្ការ ១៥.០០០ ម៉ែត្រការ៉េ ពេលនេះ គាត់កំពុងតែ ខ្វះខាតអណ្ដូងទឹក ហើយសមាគមអតីតយុទ្ធជន ខិតខំបន្ថែមទៀត ស្វែងរកសប្បុរសជន ដើម្បីជួយដល់ពួកគាត់ ឲ្យខាងតែបាន៕ V / N