ដោយៈ សុផានីតា / កោះកុងវិញ្ញាបនបត្រម្ចាស់អចលនវត្ថុចំនួន ៧.០៩៣ ក្បាលដី ជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ចាប់ពីថ្ងៃស្អែក តទៅ។ បើតាមការបញ្ជាក់របស់មន្រ្តីជំនាញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកោះកុង។

ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ស្អែកនេះ ដល់ថ្ងៃទី២៤ ខែកញ្ញា ប្រជាពលរដ្ឋ រស់នៅ ភូមិស្ទឹងវែង អាចមកកាន់ការិយាលរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្រុងខេមរភូមិន្ទ ដើម្បីទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យវត្ថុ ដែលមានប្រមាណសរុប ៧.០៩៣ ក្បាលដី។

លោក ញៀន វណ្ណៈ ប្រធានក្រុមទី១ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ បានឱ្យដឹង នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថាៈ ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី ឬហៅថា បណ្ណស្លាបមាន់ ដែលចេញដោយរដ្ឋបាលសុរិយាដី កន្លងមក ក្នុងតំបន់នេះ នឹងត្រូវអស់សុពលតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនទ្រព្យ ខាងលើនេះ តទៅ។

ដូច្នេះ ដូចតាមការជូនដំណឹង ខាងលើ សូមម្ចាស់ក្បាលដីស្ថិតនៅក្នុងទីតាំងភូមិស្ទឹងវែង ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនទ្រព្យវត្ថុ កន្លងមក មេត្តាយកបណ្ណទាំងនោះ មកប្រគល់ឱ្យមន្រ្តីរដ្ឋបាលសុរិយោដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ថ្មីជំនួសវិញ។
ចំពោះម្ចាស់បំណុល ដែលបានទទួលបញ្ចាំ ឬដាក់ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដី ក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះ មកជូនមន្រ្តីរដ្ឋបាលសុរិយាដី ធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក។

បើតាមមន្រ្តីជំនាញ អះអាងទៀថា ក្រៅពីការផ្តល់វិញ្ញាបនបត្រសម្គាល់អចលនាទ្រព្យវត្ថុ ដល់ពលរដ្ឋរស់នៅភូមិស្ទឹងវែង រួចរាល់ហើយ មន្រ្តីជំនាញ គ្រោងនឹងចែកជូនដល់ពលរដ្ឋ រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ នាពេលឆាប់ៗខាងមុខដែរ។

ជាក់ស្តែង ការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៧.០៩៣ ក្បាលដីនេះ យោងតាមអនុក្រឹត្យលេខ៤៦ អនក្រ.បកចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការនៃ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង៕ V / N