ដោយៈ ភ្នំសន្ទុក / កំពង់ធំលោក ហាក់ ម៉ុងហួត អភិបាលស្រុក ជាអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកតាំងគោក លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត លោកអធិការរងស្រុកតាំងគោក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន មន្រ្តីការងារយុវជនសាខា មន្ទីរសាធារណ: និងដឹកជញ្ជូនខេត្ត បានចុះផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់យុវជនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក យុវជនកាយរិទ្ធជាតិកម្ពុជា និងសិស្សានុសិស្ស នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានពន្យល់ណែនាំ ពីស្ថានភាពទូទៅ នៃគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ធំ សង្ខេបច្បាប់ចរាចរណ៍ចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងការប្រើប្រាស់ទោចក្រយានយន្ត អនុក្រឹត្យផាកពិន័យអន្តរការណ៍ សញ្ញាចរាចរណ៍ និងការប្រើប្រាស់គន្លងផ្លូវ។ វិធីពាក់មួកសុវត្ថិភាព មានប្រាំជំហានឱ្យបានត្រឹមត្រូវ អត្ថប្រយោជន៍នៃការប្រើប្រាស់ មួកសុវត្ថិភាព សម្រាប់ថ្មើរជើងប្រកបដោយសុវត្ថិភាពការពារដល់អាយុជីវិត ក្នុងការធ្វើដំណើរ ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុក បានលើលឡើងថាៈ សម្រាប់សិស្សានុសិស្ស ដែលកំពុងសិក្សារៀនសូត្រ ត្រូវស្តាប់ការណែនាំរបស់លោកគ្រូអ្នកគ្រូ ពីការគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារដល់អាយុជីវិតរបស់ខ្លួន។ សូមក្មួយៗទាំងអស់ ចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពីសារប្រយោជន៍ ពីការពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ មុនចេញធ្វើដំណើរ ទៅណាមកណា ប្រកបដោយសុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពស់។

លោកអភិបាលស្រុក ក៍បានអំពាវនាវបន្តែម សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារដល់អាយុជីវិត សូមចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញ ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

គួរបញ្ជាក់ផងដែរថា ក្រុមការងារទាំងអស់ បានចែកខិតប័ណ្ណសញ្ញាចរាចរណ៍ បាន ៣៥០ សន្លឹក បិទរូបភាពផ្ទាំងធំពាក់មួកសុវត្ថិភាពបាន ២០០ សន្លឹក ខិតប័ណ្ណពិការភាព ខ្ញុំអាចធ្វើបាន ៣៥០ សន្លឹក និងសន្លឹកតូច ១០ ចំណុច​ដើម្បីសុវត្ថិភាពចរាចរណ៍ បាន ៣៥០ សន្លឹក ដល់ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកលក់ដូរក្នុងផ្សារ ព្រមទាំងជូនមួក សុវត្ថិភាពឣ្នកចូលរួម ឆ្លើយសំណួរយកមួកសុវត្ថិភាព សរុបចំនួន ៣០ មួក ៕ V / N