ដោយៈ គង់ហេង/ កំពង់ចាមៈ លោក អ៊ុន ចាន់ដា បានថ្លែងក្នុងនាមជា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមថាៈ យើងមិនអាចបញ្ឈប់គ្រោះថ្នាក់ចរាចរណ៍ទេ ប៉ុន្តែយើងអាចចូលរួមកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍បាន។ លោកបានថ្លែងបែបនេះ នៅក្នុងការដែលលោក និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបំពាក់កន្សែង ជូនយុវជន កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមចំនួន ២០០ នាក់ នៅសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ កញ្ញា នេះ។

លោកបានថ្លែងទៀតថាៈ នេះជាឱកាសមួយរបស់យុវជន ក្នុងការចូលរួមសកម្មភាព មនុស្សធម៌ គឺតម្លៃនៃការចូលរួមនេះ ត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្រ្ត នៅកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម គឺឈ្មោះយុវជនទាំងឡាយ ពោលគឺយុវជន ទាំង ២០០ រូប បានធ្វើពិធីបំពាក់កន្សែង នៅថ្ងៃនេះ។ ពិសេសការធ្វើសកម្មភាពរបស់ យុវជនទាំងអស់ ជាគំរូឱ្យមិត្តភក្តិឱ្យប្រជាពលរដ្ឋ មើលឃើញ រៀនសូត្រតាមពីទង្វើល្អ ជាការសម្តែងឱ្យអ្នកដទៃសិក្សា និងរៀនធ្វើល្អតាមយើង (យុវជន)។

លោកបានបន្តថាៈ និយាយរួម យុវជនកាកបាទក្រហមកម្ពុជាម្នាក់ៗ ធ្វើសកម្មភាពមួយ គឺមនុស្សរាប់រយ រាប់ពាន់នាក់ មើលពីសកម្មភាពល្អរបស់យើង។ អីចឹងរាប់រយ រាប់ពាន់នាក់នោះ នឹងរៀនធ្វើល្អពីយើង នាំឱ្យសង្គមជាតិទាំងមូល មានមនុស្សធ្វើល្អច្រើន និងប្រទេសជាតិយើង ក៏រីកចម្រើន។ យុវជនកាកបាទក្រហមយើង ជួយអប់រំ ណែនាំ កុំឱ្យពាក់ព័ន្ធបញ្ហាគ្រឿងញៀន ចុះណែនាំដល់លំនៅឋានប្រជាពលរដ្ឋ និងជាពិសេស បញ្ហាចរាចរណ៍ គឺយើងមិនអាចបញ្ឈប់គ្រោះថ្នាក់ចរាចរណ៍បានទេ ប៉ុន្តែយើងអាចចូលរួម កាត់បន្ថយចរាចរណ៍បាន តាមរយៈកម្មវិធីផ្ញើសារជូនប្រជាពលរដ្ឋ។

លោកបានបន្ថែមថាៈ ក្នុងនោះ ឱ្យមិត្តភក្តិគោរពច្បាប់ចរាចរណ៍ គឺបើកបរតាមល្បឿន កំណត់ នៃច្បាប់ មានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ ជាក់ស្តែង កន្លងមក យុវជនកាកបាទក្រហមយើង ក៏ធ្លាប់មានវត្តមាននៅតាមបណ្តាភ្លើងស្តុប តាមទីប្រជុំជននានា ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ឱ្យមានការប្រុងប្រយ័ត្ន គឺសកម្មភាពទាំងនេះ ជាការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៥ កញ្ញានេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល និងបំពាក់កន្សែង ជូនដល់យុវសិស្សចំនួន ២០០ នាក់ ដើម្បីបំពេញសិទ្ធិ ជាយុវជនកម្ពុជា នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះ បណ្តាលជាមូលដ្ឋានរួចរាល់៕ V / N